លោកអគ្គលេខាបក្ស To Lam បានស្វាគមន៍លោក អ៊ុច បូរិទ្ធ ដែលអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម ហើយបានវាយតំលៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ រួមចំណែកធ្វើឱ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។ លោកអគ្គលេខាបក្ស To Lam បានអបអរសាទរយ៉ាងកក់ក្តៅចំពោះសមិទ្ធិផលដ៏ធំធេង និងសំខាន់លើគ្រប់វិស័យ ដែលកម្ពុជាសម្រេចបានក្នុងការងារកសាង និងអភិវឌ្ឍន៍ប្រទេស ក្រោមការគ្រងរាជសម្បត្តិប្រកបដោយព្រះបញ្ញាញាណរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្រោមការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា។

leftcenterrightdel
លោកអគ្គលេខាបក្ស To Lam ទទួល​ជួប​លោក អ៊ុច បូរិទ្ធ

លោក អ៊ុច បូរិទ្ធ បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានអញ្ញើញទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអគ្គលេខាបក្ស ដែលបានចំណាយពេលដ៏មានតំលៃរបស់ខ្លួនទទួលជួបគណៈប្រតិភូ។ លោកវាយតំលៃខ្ពស់ និងអបអរសាទរចំពោះសមិទ្ធិផលសំខាន់ៗជាប្រវត្តិសាស្ត្រ ដែលប្រជាជនវៀតណាមសម្រេចបានក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីការកសាង និងអភិវឌ្ឍន៍ប្រទេស លោក អ៊ុច បូរិទ្ធ មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោកអគ្គលេខាបក្ស To Lam ប្រជាជនវៀតណាមនឹងបន្តសម្រេចបានសមិទ្ធិផលថ្មី និងធំជាងនេះ អនុវត្តដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ស លើកទី១៣។

leftcenterrightdel
លោកអគ្គលេខាបក្ស To Lam ទទួល​ជួប​លោក អ៊ុច បូរិទ្ធ

លោកអគ្គលេខាបក្ស To Lam បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាជិតស្និទ្ធ និងការគាំទ្រដែលកម្ពុជាបានផ្តល់ជូនវៀតណាមក្នុងបុព្វហេតុតស៊ូរំដោះប្រទេសជាតិកាលពីមុន និងការកសាងប្រទេសជាតិនាបច្ចុប្បន្ន​។ លោកបានសម្តែងនូវសេចក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាព និងយូរអង្វែងរវាងវៀតណាម និងកម្ពុជា ដើម្បីផលប្រយោជន៍នៃប្រជាជនរបស់ប្រទេសទាំងពីរ និងដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក។ លោកបានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា និងទំនាក់ទំនងវៀតណាម-កម្ពុជា-ឡាវ។

លោកអគ្គលេខាបក្ស To Lam បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពលើគ្រប់វិស័យ រួមទាំងបង្កើនការផ្លាស់ប្តូរ និងទំនាក់ទំនងរវាងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ប្រទេសទាំងពីរ ផ្លាស់ប្តូរវិធានការជំរុញការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចទាំងពីរ បង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងសម្របសម្រួលដើម្បីរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៃប្រទេសនីមួយៗ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោក អ៊ុច បូរិទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងជំនួយដ៏ថ្លៃថ្លា ទាន់ពេលវេលា និងមានប្រសិទ្ធភាព ដែលវៀតណាមបានផ្តល់ជូនកម្ពុជា ក្នុងការតស៊ូការពារឯករាជ្យ និងជួយកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ កាលពីមុន ក៏ដូចជាក្នុងដំណើរការកសាងប្រទេសសព្វថ្ងៃនេះ។ លោក អ៊ុច បូរិទ្ធ បានអះអាងនូវបំណងប្រាថ្នា និងការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ក្នុងការបន្តពូនជ្រំ និងរក្សាទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាព និងយូរអង្វែងរវាងកម្ពុជា និងវៀតណាម។

*នាថ្ងៃដដែល លោក Le Hoai Trung លេខាមជ្ឈិមបក្ស ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូ។ នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានផ្តោតទៅលើការវាយតម្លៃទំនាក់ទំនងរវាងភាគីទាំងពីរនាពេលកន្លងមក ហើយទន្ទឹមនឹងនោះក៏បានពិចារណលើខ្លឹមសារ និងវិធានការនានាដើម្បីពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ នាពេលខាងមុខ៕

បកប្រែដោយ Duy Hoan