ការរីកចម្រើនថ្មីនៃកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុន
កប.អនឡាញ - ក្នុងរយៈពេលជាងកន្លះសតវត្សកន្លងទៅនេះ ការទុកចិត្តខាងនយោបាយរវាងវៀតណាម និងជប៉ុនត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។ ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុនរបស់លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែធ្នូ មានអត្ថន័យសំខាន់ ជាពិសេសគឺការចាប់ផ្ដើមថ្មីនៃដំណើរការសហប្រតិបត្តិការល្អរវាងវៀតណាម និងជប៉ុន។
ក្នុងដំណើរទស្សនកិច្ចនេះ កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងព្រឹទ្ធសភាជប៉ុនត្រូវបានចុះហត្ថលេខាដោយថ្នាក់ដឹកនាំនៃភាគីទាំងពីរ រួមចំណែកអនុវត្តខ្លឹមសារនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុន។
ទឹកដីនៃផ្កាសាគូរ៉ា - ភាពស្មោះត្រង់និងជំនឿជាក់
ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានជួបជាមួយថ្នាក់ដឹកនាំរាជវង្ស រដ្ឋាភិបាល សភា និងអង្គការសេដ្ឋកិច្ច សមាគមមិត្តភាព និងអ្នកនយោបាយដែលមានការរួមចំណែកជាច្រើនក្នុងទំនាក់ទំនងវៀតណាម-ជប៉ុន... កាលវិភាគសកម្មភាពបង្ហាញពីការយកចិត្តទុកដាក់របស់ភាគីជប៉ុនសម្រាប់ដំណើរទស្សនកិច្ចនេះ ព្រមទាំង បង្ហាញពីបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែង និងមានប្រសិទ្ធភាពរវាងប្រទេសទាំងពីរ។
    |
 |
លោក Tran Thanh Man ប្រធានរដ្ឋសភា និងលោក Ishiba Shigeru នាយករដ្ឋមន្ត្រីជប៉ុន (រូបថត៖ vnanet.vn) |
ក្នុងគំនិត និងបេះដូងនៃមនុស្សវៀតណាម មនុស្សជប៉ុននិងទឹកដីនៃផ្កាសាគូរ៉ា តែងតែមានតួនាទីពិសេស។ វៀតណាមជានិច្ចកាលអរគុណជប៉ុនដែលជួយឧបត្ថម្ភវៀតណាមនាពេលថ្មីៗនេះ ជាពិសេសគឺការផ្ដល់ទុន ODA។ រូបភាពស្ពានធំៗដូចជា Nhat Tan, Bai Chay, Thanh Tri ឬស្ថានីយ T2 នៃអាកាសយានដ្ឋានអន្តរជាតិ Noi Bai... មិនមែនគ្រាន់តែជាសំណង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទំនើបៗ ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជានិមិត្តរូបនៃមិត្តភាពវៀតណាម-ជប៉ុនទៀតផង។
ក្នុងបរិបទដែលប្រទេសវៀតណាមឈានចូលសម័យថ្មី សម័យឈានទៅមុខរបស់ប្រទេសជាតិ ការរួមដំណើរ និងការជួយគាំទ្ររបស់មិត្តអន្តរជាតិ ជាពិសេសប្រទេសជប៉ុនបានដើរតួនាទីយ៉ាងសំខាន់។ ភាពស្រដៀងគ្នានៃវប្បធម៌ និងការតភ្ជាប់ប្រវត្តិសាស្ត្រយូរអង្វែង ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក បានបង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់វៀតណាមមានបំណងចង់សិក្សា សហប្រតិបត្តិការ ចែករំលែកផលប្រយោជន៍ និងឱកាសអភិវឌ្ឍន៍ជាមួយជប៉ុន។ ដោយវាយតំលៃខ្ពស់ចំពោះសក្ដានុពលនៃការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ហើយសម្ដែងនូវចំណាប់អារម្មណ៍ចំពោះដំណើរទស្សនកិច្ចនៅវៀតណាមកាលពី ៣៥ ឆ្នាំមុន ក្នុងជំនួបជាមួយលោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម លោក Ishiba Shigeru នាយករដ្ឋមន្ត្រីជប៉ុន បានជឿជាក់ថា វៀតណាមនឹងអភិវឌ្ឍកាន់តែខ្លាំងឡើង និងក្លាយជាប្រទេសអភិវឌ្ឍឈានមុខគេក្នុងពេលឆាប់ៗនេះ នៅអាស៊ី។
ក្នុងជំនួបទាំងឡាយ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានផ្ញើសារជូនថ្នាក់ដឹកនាំ និងប្រជាជនជប៉ុន អំពីប្រទេសវៀតណាមមួយដែលកំពុងផ្លស់ប្តូរថ្មី ស្រឡាញ់សន្តិភាព និងប្រាថ្នាអភិវឌ្ឍន៍ ជាមិត្ត ដៃគូដ៏គួរឲ្យទុកចិត្ត ជាសមាជិកមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ក៏ដូចជាបង្ហាញពីបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការ ចែករំលែកអត្ថប្រយោជន៍ និងឱកាសអភិវឌ្ឍន៍ជាមួយប្រទេសជប៉ុន។ វៀតណាមតែងតែចាត់ទុកជប៉ុនជាដៃគូដ៏សំខាន់របស់ខ្លួន។ លោកប្រធានរដ្ឋសភាបានស្នើឲ្យ ជប៉ុនបន្តផ្ដល់ដើមទុន ODA ជំនាន់ថ្មីប្រកបដោយប្រសិទ្ធភាព សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំរបស់វៀតណាម ជួយគាំទ្រវៀតណាមក្នុងការអនុវត្តឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្ម កសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន សមាហរណកម្មយ៉ាងស៊ីជម្រៅ និងទូលំទូលាយ។ល។
ការចាប់ផ្តើមថ្មីនៃដំណើរការសហប្រតិបត្តិការអភិវឌ្ឍន៍ និងវិបុលភាព
អាចនិយាយបានថា ទំនាក់ទំនងវៀតណាម-ជប៉ុនស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ល្អបំផុត ដោយមានទំនុកចិត្តខាងនយោបាយខ្ពស់ណាស់។ បច្ចុប្បន្ននេះ ប្រទេសជប៉ុនគឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់វៀតណាម ជាដៃគូធំជាងគេក្នុងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដៃគូធំទីពីរក្នុងកិច្ចសហប្រតិបត្តិការពលកម្ម ដៃគូធំទីបីក្នុងការវិនិយោគ និងទេសចរណ៍ ទីបួនក្នុងវិស័យពាណិជ្ជកម្ម។ ជប៉ុនគាំទ្រយ៉ាងសកម្មចំពោះវៀតណាមលើបញ្ហាជាច្រើននៅវេទិកាទ្វេភាគី និងពហុភាគី។ នេះបង្ហាញថា ជប៉ុនយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយវៀតណាម ហើយថែមទាំងបង្ហាញពីតួនាទី និងកេរ្តិ៍ឈ្មោះអន្តរជាតិរបស់វៀតណាមផងដែរ។
    |
 |
លោក Tran Thanh Man និងលោក Sekiguchi Masakazu ផ្លាស់ប្តូរឯកសារសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងព្រឹទ្ធសភាជប៉ុន (រូបថត៖ vnanet.vn) |
ដោយទទួលស្វាគមន៍យ៉ាងស្មោះស្ម័គ្រលោក Tran Thanh Man ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម លោក Sekiguchi Masakazu ប្រធានព្រឹទ្ធសភាជប៉ុន ជឿជាក់ថា ឆ្នាំ២០២៤ គឺជាការចាប់ផ្តើមថ្មីនៃដំណើរការសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ។ ជាពិសេស ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក Tran Thanh Man និងលោក Sekiguchi Masakazu បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងព្រឹទ្ធសភាជប៉ុន។ នេះជាមូលដ្ឋានគ្រឹះដ៏សំខាន់ រួមចំណែកលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិរបស់ប្រទេសទាំងពីរ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ភាគីទាំងពីរអនុវត្តសកម្មភាពសហប្រតិបត្តិការទ្វេភាគី ក៏ដូចជានៅវេទិកាពហុភាគី រួមចំណែកជម្រុញទំនាក់ទំនង “ភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោក” ស្របតាមផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
វៀតណាម និងជប៉ុនបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ១៩៧៣។ បន្ទាប់ពីរយៈពេលជាង ៥ ទសវត្សរ៍នៃការពូនជ្រំ និងកសាង វៀតណាម-ជប៉ុនគឺជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងស្មោះស្ម័គ្រ ជាមួយនឹងសក្ដានុពលបើកទូលាយ។ ក្របខណ្ឌនៃទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ពី "ភាពជាដៃគូគួរឲ្យជឿទុកចិត្ត ស្ថិរភាព យូរអង្វែង" (ក្នុងឆ្នាំ២០០២) ឡើង "ភាពជាដៃគូយុទ្ធសាស្ត្រដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី" (ក្នុងឆ្នាំ២០០៩) "ភាពជាដៃគូយុទ្ធសាស្ត្រស៊ីជម្រៅនិងទូលំទូលាយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី” (ឆ្នាំ២០១៤) “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោក” (ខែវិច្ឆិកា ឆ្នាំ២០២៣)។ ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុនរបស់ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បង្ហាញជាថ្មីម្តងទៀតអំពីកម្រិតខ្ពស់នៃទំនុកចិត្តនយោបាយ និងការរីកចម្រើននៃទំនាក់ទំនងវៀតណាម-ជប៉ុន បើកដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើគ្រប់វិស័យប្រកបដោយជាក់ស្ដែង និងប្រសិទ្ធភាព បំពេញតាមសេចក្តីប្រាថ្នា តម្រូវការ និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕
បកប្រែដោយ Thuy Anh