ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ចិន បានបន្តអភិវឌ្ឍ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ មេដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីររក្សាការផ្លាស់ប្តូរ ជំនួបជាប្រចាំ និងពង្រឹងទំនុកចិត្តខាងនយោបាយ។ ជាពិសេស ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ក្នុងខែតុលា ឆ្នាំ២០២២ បានបង្កើតកម្លាំងចលករសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ១៥ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ នៅខែមិថុនា ឆ្នាំ២០២៣ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ក៏បានបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន និងចូលរួមសន្និសីទប្រចាំឆ្នាំអ្នកត្រួសត្រាយ លើកទី ១៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Tianjin ប្រទេសចិន រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងវៀតណាម និងចិន។

លោក Pham Minh Chinh ទៅបំពេញទស្សនកិច្ចនៅប្រទេសចិនដើម្បីចូលរួមពិព័រណ៍ CAEXPO និងកិច្ចប្រជុំ CABIS ក្នុងបរិបទដែលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងចិនកំពុងរីកចម្រើន។ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មសរុបរវាងវៀតណាម និងចិនសម្រេចបាន ៨៩.១ ពាន់លានដុល្លារអាមេរិក។ ការនាំចេញរបស់វៀតណាមទៅកាន់ប្រទេសចិនក៏ទទួលបានសន្ទុះឡើងវិញផងដែរ ហើយឱនភាពពាណិជ្ជកម្មបានថយចុះយ៉ាងខ្លាំង។

leftcenterrightdel
លោក Pham Minh Chinh អញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ាន (CAEXPO) និងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគចិន-អាស៊ាន លើកទី២០ (CABIS) (រូបថត៖ chinhphu.vn)

ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសវៀតណាម និងចិនបានអភិវឌ្ឍយ៉ាងខ្លាំងក្លាលើវិស័យជាច្រើន។ យន្តការផ្លាស់ប្តូរ និងសហប្រតិបត្តិការរវាងមូលដ្ឋានជាប់ព្រំដែននៃភាគីទាំងពីរ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ ពាណិជ្ជកម្មតាមច្រកទ្វារព្រំដែនរវាងប្រទេសទាំងពីរមានភាពរលូន និងកើនឡើងយ៉ាងខ្លាំងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ភាគីទាំងពីរក៏សហការយ៉ាងជិតស្និទ្ធលើវិស័យដូចជា វប្បធម៌ ការអប់រំ-បណ្តុះបណ្តាល ជំនួបប្រាស្រ័យប្រជាជន និងការគ្រប់គ្រងព្រំដែន... ជាពិសេស ខេត្ត ក្វាងស៊ី ដែលជាកន្លែងរៀបចំ CAEXPO និង CABIS គឺជាតំបន់ដែលនាំមុខគេក្នុងកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយវៀតណាម។

ពិព័រណ៍ CAEXPO និងកិច្ចប្រជុំ CABIS ត្រូវបានរៀបចំប្រចាំឆ្នាំដោយប្រទេសចិន និងអាស៊ាន នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ហើយជាពិព័រណ៍មួយក្នុងចំណោមពិព័រណ៍ធំជាងគេទាំង ១០ របស់ប្រទេសចិន។ ក្នុងរយៈពេល ១៩ ឆ្នាំកន្លងមក វៀតណាមតែងតែមានថ្នាក់ដឹកនាំរដ្ឋាភិបាលចូលរួម និងជាប្រទេសដែលមានស្តង់ និងធុរកិច្ចចូលរួមច្រើនជាងគេក្នុងអាស៊ាន។

ក្រោមប្រធានបទ "រួមគ្នាកសាងផ្ទះរួម សហគមន៍ដែលមានជោគវាសនារួម ឆ្ពោះទៅអនាគត - ជម្រុញគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងការកសាងមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ច" CAEXPO និង CABIS ឆ្នាំនេះ គឺជាប្រព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍រំលឹកខួបលើកទី ២០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រចិន-អាស៊ាន។ គណៈប្រតិភូធុរកិច្ចវៀតណាមដែលចូលរួមក្នុងពិព័រណ៍នេះបន្តមានទំហំធំជាងគេនៅអាស៊ាន ដែលមានស្តង់ចំនួន ២៥០ ស្ដង់នៅលើផ្ទៃដី ៥,០០០ ម៉ែត្រការ៉េ។

ការចូលរួមរបស់លោក Pham Minh Chinh នៅ CAEXPO និង CABIS លើកទី២០ បានបង្ហាញពីការយកចិត្តទុកដាក់នៃប្រទេសទាំងពីរចំពោះទំនាក់ទំនងមិត្តភាពវៀតណាម-ចិន ទំនាក់ទំនងសហប្រតិបត្តិការអាស៊ាន-ចិន និងទំនាក់ទំនងរវាងមូលដ្ឋាន ធុរកិច្ចវៀតណាមជាមួយខេត្ត ក្វាងស៊ី ប្រទេសចិន ព្រមទាំង បង្ហាញពីការជឿទុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរ។

ការចូលរួមរបស់លោក Pham Minh Chinh និងគណៈប្រតិភូវៀតណាមនៅ CAEXPO និង CABIS លើកទី២០ ក៏បានបញ្ជូនសារយ៉ាងច្បាស់លាស់របស់វៀតណាម អំពីការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយប្រទេសចិន។ វៀតណាមមានបំណងពង្រឹងទំនុកចិត្តខាងនយោបាយ កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយចិន ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាពិសេសពាណិជ្ជកម្មតាមព្រំដែន សកម្មភាពសេដ្ឋកិច្ចនៅច្រកទ្វារព្រំដែន និងការផ្លាស់ប្តូរក្នុងមូលដ្ឋាន ជំនួបប្រាស្រ័យប្រជាជន... តាមរយៈនោះ ជម្រុញឲ្យទំនាក់ទំនងទ្វេភាគីបន្តអភិវឌ្ឍប្រកបដោយស្ថិរភាព ជាក់ស្ដែង និងមានប្រសិទ្ធភាពក្នុងពេលខាងមុខ។

ការវិវឌ្ឍន៍ និងសក្ដានុពលនៃទំនាក់ទំនងវៀតណាម-ចិន និងទំនាក់ទំនងអាស៊ាន-ចិន គឺជាមូលដ្ឋានសម្រាប់យើងជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Pham Minh Chinh នឹងទទួលបានលទ្ធផលសំខាន់ជាច្រើនទាំងទ្វេភាគី និងពហុភាគី រួមចំណែកបង្កើតកម្លាំងចលករថ្មីដើម្បីបន្តអភិវឌ្ឍទំនាក់ទំនងវៀតណាម-ចិន ក៏ដូចជាទំនាក់ទំនងអាស៊ាន-ចិន៕

បកប្រែដោយ Thuy Anh