លោក Pham Minh Chinh បានឯកភាពជាមួយលោក John Kerry ថាទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិកកាន់តែមានភាពជាក់ស្ដែង ស៊ីជម្រៅ និងមានស្ថិរភាព ដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងរបបនយោបាយគ្នាទៅវិញទៅមក។

leftcenterrightdel
លោក Pham Minh Chinh និងលោក John Kerry

លោក Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក John Kerry ក្នុងការអនុវត្តកិច្ចខិតខំប្រឹងប្រែងជាសាកលដើម្បីលើកកម្ពស់ការយល់ដឹង និងសកម្មភាពឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ លោកសម្តែងបំណងរបស់វៀតណាមក្នុងការសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកលើវិស័យនេះ ដោយឈរលើមូលដ្ឋានសមស្របនឹងលក្ខខណ្ឌសេដ្ឋកិច្ចសង្គមរបស់វៀតណាម។

លោក Pham Minh Chinh បានអះអាងថា វៀតណាមកំពុងបន្តអនុវត្តវិធានការជំរុញកំណើនបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ លោកស្នើឲ្យសហរដ្ឋអាមេរិកជួយឧបត្ថម្ភវៀតណាម និងលើកទឹកចិត្តអង្គការនានាជួយឧបត្ថម្ភវៀតណាមតាមរយៈកម្មវិធី និងគម្រោងជាក់លាក់។

លោក John Kerry បានអះអាងថា សហរដ្ឋអាមេរិកជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយវៀតណាម និងគាំទ្រតួនាទីយ៉ាងសកម្មរបស់វៀតណាមនៅក្នុងតំបន់ និងជួយគាំទ្រការឆ្លើយតបទៅនឹងបញ្ហាអន្តរជាតិ រួមទាំងការប្រែប្រួលអាកាសធាតុ ហើយវាយតម្លៃខ្ពស់ចំពោះការសន្យារបស់វៀតណាមក្នុងការកាត់បន្ថយការបំភាយឧស្ម័នសុទ្ធដល់សូន្យត្រឹមឆ្នាំ២០៥០។

លោក John Kerry បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការជួយគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងវៀតណាមផងដែរ ដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ជាពិសេសក្នុងការអភិវឌ្ឍថាមពលស្អាត ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព ការគ្រប់គ្រងទឹកប្រកបដោយឆ្លាតវៃ និងធនធានក្នុងប្រព័ន្ធអេកូឡូស៊ី៕

បកប្រែដោយ Thuy Anh