អ្នកយកព័ត៌មាន ៖ សូមលោកអនុរដ្ឋមន្ត្រីឲ្យដឹងពីអត្ថន័យនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិកទៅកាន់ប្រទេសវៀតណាម?

លោកអនុរដ្ឋមន្ត្រី Ha Kim Ngoc៖ ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Joe Biden ទៅកាន់ប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ គឺជាដំណើរទស្សនកិច្ចដ៏ពិសេសណាស់។ ព្រោះនេះជាលើកទីមួយហើយដែលប្រធានាធិបតីសហរដ្ឋអាមេរិកអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម តបតាមការអញ្ជើញរបស់អគ្គលេខាបក្សកុម្មុយនិស្ត​វៀត​ណាម។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងឱកាសប្រារពខួបលើកទី ១០ ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពដៃគូគ្រប់ជ្រុងជ្រោយ​រវាងប្រទេសទាំងពីរ។ ហើយជាលើកដំបូងហើយដែលទាំងប្រធានាធិបតី និងអនុប្រធានាធិបតីសហរដ្ឋអាមេរិកបានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងអាណត្តិដូចគ្នា។ នេះក៏ជាការបន្តប្រពៃណីនៃទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិក​ក្នុងរយៈពេលជិត៣០ឆ្នាំ នោះគឺប្រធានាធិបតីសហរដ្ឋអាមេរិកទាំងអស់បានអញ្ជើញមកបំពេញទស្សនកិច្ចនៅ​វៀតណាម។

ដំណើរទស្សនកិច្ចនេះបង្ហាញថា ភាគីទាំងពីរយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងគោលនយោបាយការបរទេសរបស់ខ្លួន និងគោលនយោបាយចំពោះតំបន់អាស៊ីប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា។ សម្រាប់សហរដ្ឋអាមេរិក ដំណើរទស្សនកិច្ចនេះបង្ហាញថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរបបនយោបាយរបស់វៀតណាម និងតួនាទីរបស់បក្សកុម្មុយនិស្តវៀតណាម និងរបស់អគ្គលេខាបក្ស Nguyen Phu Trong និងថ្នាក់ដឹកនាំវៀតណាម។ នេះក៏ជាព្រឹត្តិការណ៍ដ៏សែនសំខាន់ក្នុងដំណើរខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរដើម្បីសម្រេចបាននូវគោលបំណងរបស់លោកប្រធានហូជីមិញដែលបានសម្តែងក្នុងលិខិតផ្ញើជូនលោកប្រធានាធិបតីសហរដ្ឋអាមេរិក Harry Truman កាលពីខែកុម្ភៈ ឆ្នាំ ១៩៤៦ នោះគឺវៀតណាមមានទំនាក់ទំនងសហប្រតិបត្តិការពេញលេញជាមួយសហរដ្ឋអាមេរិក។

leftcenterrightdel
លោក Ha Kim Ngoc អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម

អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ត្រីចែករំលែកនូវចំណុចសំខាន់ៗក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ចាប់តាំងពីមានប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងវៀតណាម និងសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៩៥មក?

លោកអនុរដ្ឋមន្ត្រី Ha Kim Ngoc៖ ក្នុងរយៈពេលជិត ៣០ ឆ្នាំចាប់តាំងពីមានប្រក្រតីភាពឡើងវិញនូវទំនាក់ទំនង ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងខ្លាំង និងគួរឲ្យកត់សម្គាល់។ នៅឆ្នាំ ១៩៩៥  ទំហំពាណិជ្ជកម្មទ្វេភាគី មានតែចំនួន ៤៥០ លានដុល្លារអាមេរិក ហើយនៅឆ្នាំ ២០២២ វានឹងកើនឡើងដល់ ១២៣ ពាន់លានដុល្លារ។ វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មធំទី ៧ របស់សហរដ្ឋអាមេរិក និងជាដៃគូពាណិជ្ជកម្មធំបំផុតរបស់សហរដ្ឋអាមេរិកក្នុងអាស៊ាន។ នៅឆ្នាំ ២០២២ ដែរ សហរដ្ឋអាមេរិកបានក្លាយជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាមដោយសម្រេចបាន ១០០ ពាន់លានដុល្លារ​។ ទាក់ទិននឹងការវិនិយោគ សហរដ្ឋអាមេរិកតែងតែជាវិនិយោគិនឈានមុខគេនៅវៀតណាម។ គិតត្រឹមឆ្នាំ ២០២២ សហរដ្ឋអាមេរិកបានវិនិយោគជាង ១១ ពាន់លានដុល្លារទៅកាន់ប្រទេសវៀតណាម ក្នុងនោះមិនរាប់បញ្ចូលការវិនិយោគតាមរយៈសាខារបស់បណ្ដាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមកពីប្រទេសទីបី។ អ្វីដែលថ្មីបើធៀបនឹងអតីតកាល គឺអាជីវកម្មវៀត​ណាមមួយចំនួនបានវិនិយោគនៅសហរដ្ឋអាមេរិក ដោយមានដើមទុនរហូតដល់រាប់ពាន់លានដុល្លារ រួមចំណែកបង្កើតការងាររាប់ពាន់ដល់ពលករសហរដ្ឋអាមេរិក។

អ្នកយកព័ត៌មាន៖ តើអ្វីជាវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការក្នុងទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិកនាពេលខាងមុខ?

លោកអនុរដ្ឋមន្ត្រី Ha Kim Ngoc៖ ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគត្រូវបានផ្តល់អាទិភាពខ្ពស់ វិស័យទាំងនេះបន្ដជាចំណុចសំខាន់និងមូលដ្ឋានគ្រឹះ ហើយជាកម្លាំងចលករសម្រាប់កិច្ចសហប្រតិបត្តិការរួមក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ ប្រទេសទាំងពីរនឹងផ្តោតលើវិស័យជាច្រើនដូចជាកិច្ចសហប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលធនធានមនុស្សមានគុណភាពខ្ពស់ បរិវត្ដកម្មថាមពល សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍន៍ឧស្សាហកម្មច្នៃប្រឌិត។

វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នឹងក្លាយជាវិស័យសហប្រតិបត្ដិការដែលមានគំហើញ។  ប្រទេសទាំងពីរនឹងផ្តោតលើមូលដ្ឋានគ្រឹះនៃបច្ចេកវិជ្ជាឌីជីថល ប្រព័ន្ធអេកូឡូស៊ី semiconductor ឬ កម្មវិធីបញ្ញាសិប្បនិម្មិត។ ទន្ទឹមនឹងនោះ វិស័យបំប្លែងថាមពល ជីវបច្ចេកវិទ្យា សុខាភិបាល និងឱសថក៏ទទួលបានការយកចិត្តទុកដាក់ផងដែរ។

កិច្ចសហប្រតិបត្តិការក្នុងការជម្នះផលវិបាកនៃសង្គ្រាមក៏ជាវិស័យត្រូវបានផ្ដល់អាទិភាព។ លើសពីនេះ ប្រទេសទាំងពីរក៏នឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការបណ្តុះបណ្តាលពេទ្យយោធា ជួយ សង្គ្រោះ និងលើកកម្ពស់សមត្ថភាពនាវាចរណ៍ និងអាកាសចរណ៍។

នៅក្នុងវេទិកាតំបន់និងអន្តរជាតិ ប្រទេសទាំងពីរក៏នឹងបង្កើនការសម្របសម្រួលក្នុងអាស៊ាន APEC និងអង្គការសហប្រជាជាតិ ហើយជាពិសេសសម្របសម្រួលគ្នាដោះស្រាយបញ្ហាប្រឈមជាសាកល ដូចជាការប្រែប្រួលអាកាសធាតុ និងសន្តិសុខថាមពល សន្តិសុខស្បៀង សន្តិសុខទឹក។

អ្នកយកព័ត៌មាន៖ តើកិច្ចសហប្រតិបត្តិការជំនះផលវិបាកនៃសង្គ្រាមបន្តសម្រេចបាននូវវឌ្ឍនភាពដែលមានអត្ថន័យដូចម្ដេចក្នុងទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិក?

លោកអនុរដ្ឋមន្ត្រី Ha Kim Ngoc៖ កិច្ចសហប្រតិបត្តិការជំនះផលវិបាកនៃសង្គ្រាមគឺជាវិស័យសំខាន់ និងត្រូវបានផ្តល់អាទិភាពខ្ពស់ក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។ ជាពិសេសបន្ទាប់ពីបង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយមក ភាគីទាំងពីរយកចិត្តទុកដាក់កាន់តែខ្លាំងលើវិស័យនេះ។ ភាគីសហរដ្ឋអាមេរិកបានផ្តល់ការគាំទ្រយ៉ាងមានប្រសិទ្ធភាពក្នុងការជំនះផលវិបាកនៃសង្គ្រាមនៅក្នុងវិស័យជាក់លាក់ចំនួនបួន។ ទីមួយគឺជំនះផលវិបាកនៃសារធាតុពុលពណ៌លឿងទុំ / dioxin នៅអាកាសយានដ្ឋាន Da Nang ហើយបច្ចុប្បន្នកំពុងជំនះផលវិបាកនៃសារធាតុពុលពណ៌លឿងទុំ / dioxin នៅអាកាសយានដ្ឋាន Bien Hoa។ ទីពីរគឺជំនះផលវិបាកនៃគ្រាប់បែក និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពីសង្រ្គាមដែលភាគីទាំងពីរសហការគ្នាយ៉ាងសកម្ម។ ។

ទី៣គឺជួយជនរងគ្រោះដោយសារសង្គ្រាម រួមទាំងជនរងគ្រោះដោយសារធាតុពុលពណ៌លឿងទុំ/ dioxin។ កាលពីមុន សហរដ្ឋអាមេរិកបានលើកឡើងមិនច្បាស់ពីការជួយជនរងគ្រោះដោយសារសង្គ្រាម ពីព្រោះការជំនះផលវិបាកនៃសង្គ្រាម និងសារធាតុពុលពណ៌លឿងទុំ /dioxin គឺជាបញ្ហារសើបមួយចំពោះសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ នាពេលថ្មីៗនេះ ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការនិងស្ថាបនា ភាគីសហរដ្ឋអាមេរិកមិនត្រឹមតែជួយជនរងគ្រោះដោយសារសង្រ្គាមប៉ុណ្ណោះទេ ថែមទាំងជួយឧបត្ថម្ភដល់ជនរងគ្រោះដោយសារធាតុពុលពណ៌លឿងទុំ /dioxin ទៀតផង។ នេះជាជំហានសំខាន់ដែលបង្ហាញថានេះជាវិស័យមនុស្សធម៌ដែល ភាគីទាំងពីរបានមានការយល់ដឹងគ្នា និងជំរុញកិច្ចសហប្រតិបត្តិការនាពេលកន្លងមក។

ទី៤ គឺស្វែងរកយោធិនបាត់ខ្លួនទាំងសងខាង។ សម្រាប់យោធិនអាមេរិកដែលបាត់ខ្លួន វៀតណាមបានសហការជាយូរមកហើយ។ នាពេលថ្មីៗនេះ ភាគីទាំងពីរបានប្រារព្ធខួបលើកទី ៣៥ នៃកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហានេះ។ នាពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានសហការយ៉ាងសកម្មជាមួយវៀតណាម និងជួយយើងស្វែងរក និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនដែលពលីជីវិតនៅសម័យសង្គ្រាម។  កិច្ចសហប្រតិបត្តិការក្នុងវិស័យនេះមានប្រសិទ្ធិភាពក្នុងការផ្សះផ្សាស្នាក់ស្នាមសង្គ្រាម និងកសាងទំនុកចិត្ត។ នេះជាគ្រឹះស្ថានសំខាន់សម្រាប់ភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ៕

អ្នកយកព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្ត្រី!

បកប្រែដោយ Pham Diep