អភិវឌ្ឍទំនាក់ទំនងវៀតណាម-ហ្វាំងឡង់ ឱ្យសមស្របនឹងស្ថានភាពបច្ចុប្បន្ន
កប.អនឡាញ - នាព្រឹកថ្ងៃទី ២១ ខែតុលា (ម៉ោងក្នុងតំបន់) ពិធីទទួលបដិសណ្ឋារកិច្ចជូនលោក To Lam អគ្គលេខាបក្ស និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋហ្វាំងឡង់ បានប្រព្រឹត្តទៅយ៉ាងឱឡារិកនៅវិមានប្រធានាធិបតី ក្រោមអធិបតីភាពប្រធានាធិបតី Alexander Stubb និងលោកជំទាវ។ ភ្លាមៗបន្ទាប់ពីពិធីស្វាគមន៍ លោក To Lam អគ្គលេខាបក្សបានជួបពិភាក្សាជាមួយប្រធានាធិបតី Alexander Stubb។
រីករាយស្វាគមន៍ចំពោះលោក To Lam អគ្គលេខាបក្ស លោកប្រធានាធិបតី Alexander Stubb បានអះអាងថា ដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍សំខាន់ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយថា ទោះបីជាមានការប្រែប្រួលជាច្រើនក្នុងបរិបទពិភពលោកក៏ដោយ ក៏ទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា។ វាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមទៅកាន់ហ្វាំងឡង់ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតមក លោកប្រធានាធិបតី Alexander Stubb បានអះអាងថា ហ្វាំងឡង់ តែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយវៀតណាមដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់ហ្វាំងឡង់នៅអាស៊ីអាគ្នេយ៍។
    |
 |
ពិធីទទួលបដិសណ្ឋារកិច្ចជូនលោក To Lam អគ្គលេខាបក្ស និងលោកជំទាវ ប្រព្រឹត្តទៅយ៉ាងឱឡារិកនៅវិមានប្រធានាធិបតី ក្រោមអធិបតីភាពប្រធានាធិបតី Alexander Stubb និងលោកជំទាវ (រូបថត៖ vnanet.vn) |
លោក To Lam អគ្គលេខាបក្សបានអបអរសាទរហ្វាំងឡង់ ចំពោះសមិទ្ធិផលលេចធ្លោរបស់ខ្លួនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោកបានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសហ្វាំងឡង់សម្រាប់គោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួម។ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយហ្វាំងឡង់ ចងចាំនូវការគាំទ្ររបស់ហ្វាំងឡង់សម្រាប់វៀតណាមក្នុងដំណើរការកសាង និងអភិវឌ្ឍជាតិឡើងវិញ ហើយបានសម្តែងក្តីសង្ឃឹមថា ហ្វាំងឡង់នឹងបន្តជាដៃគូដ៏គួរឱ្យទុកចិត្តក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍរបស់វៀតណាម។
នៅក្នុងជំនួបនោះ ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ។ ដោយសម្តែងការរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគីនាពេលថ្មីៗនេះ លោកអគ្គលេខាបក្ស និងលោក Alexander Stubb ប្រធានាធិបតីបានពិភាក្សាគ្នាអំពីទិសដៅយុទ្ធសាស្ត្រសំខាន់ៗដើម្បីអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឱ្យសមស្របនឹងស្ថានភាពបច្ចុប្បន្នរបស់ពួកគេ។ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាពិសេសលើវិស័យដែលភាគីទាំងពីរត្រូវជំរុញនាពេលខាងមុខ ដូចជាសេដ្ឋកិច្ចរង្វង់ ការផ្លាស់ប្តូរបៃតង កិច្ចសហប្រតិបត្តិការដែនសមុទ្រប្រកបដោយនិរន្តរភាព ការផ្លាស់ប្តូរឌីជីថល បរិស្ថាន ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ...។
ភាគីទាំងពីរបានឯកភាពធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មនៃភាគីទាំងពីរក្នុងការជំរុញ និងស្វែងរកឱកាសសហប្រតិបត្តិការ ជាពិសេសលើវិស័យផលិតផលកសិកម្ម ទំនិញប្រើប្រាស់... លោក To Lam អគ្គលេខាបក្សបានស្នើឱ្យប្រទេសហ្វាំងឡង់ ជំរុញឱ្យប្រទេសសមាជិកសហភាពអឺរ៉ុបដែលនៅសេសសល់ឱ្យធ្វើសច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគសហភាពអឺរ៉ុប-វៀតណាម (EVIPA) ក៏ដូចជាជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) លុបចោល "កាតលឿង" ក្នុងពេលឆាប់ៗនេះ ស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់មិនបានរាយការណ៍ និងមិនមានការត្រួតពិនិត្យ (IUU) សម្រាប់ការនាំចេញអាហារសមុទ្ររបស់វៀតណាម។ លោកអគ្គលេខាបក្សក៏បានស្នើឱ្យប្រទេសហ្វាំងឡង់ លើកទឹកចិត្តឱ្យអាជីវកម្មរបស់ខ្លួនបង្កើនការវិនិយោគនៅវៀតណាម លើវិស័យដែលហ្វាំងឡង់មានភាពខ្លាំងដូចជា បច្ចេកវិទ្យាបៃតង បច្ចេកវិទ្យាកែច្នៃ ការបំប្លែងថាមពល សេវាកម្មដឹកជញ្ជូនជាដើម។
រីឯខ្លួនវិញ លោក Alexander Stubb បានអះអាងថា ហ្វាំងឡង់ត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យដែលហ្វាំងឡង់មានឧត្តមភាព ហើយវៀតណាមមានតម្រូវការដូចជា៖ សេដ្ឋកិច្ចរង្វង់ ព្រៃឈើ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ និងបណ្តុះបណ្តាល ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ល។
    |
 |
គណៈប្រតិភូនៃភាគីទាំងពីរពិភាក្សាគ្នា |
ពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិ រួមទាំងបញ្ហាសន្តិសុខក្នុងតំបន់ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។ គាំទ្រការដោះស្រាយវិវាទដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ អំពាវនាវឱ្យមានការអត់ធ្មត់ និងបញ្ចប់ជម្លោះ។ អំពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានគាំទ្រទស្សនៈរួមរបស់អាស៊ានលើសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ដោះស្រាយការខ្វែងគំនិតគ្នាដោយមធ្យោបាយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) ដោយហេតុនោះបានរួមចំណែកយ៉ាងសកម្មដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
* នារសៀលថ្ងៃដដែល (ម៉ោងក្នុងតំបន់) នៅវិមានប្រធានាធិបតី លោក To Lam អគ្គលេខាបក្ស និងលោក Alexander Stubb ប្រធានាធិបតី បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងហ្វាំងឡង់ រួមមាន៖ អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យបរិស្ថាន ជីវៈចម្រុះ និងការប្រែប្រួលអាកាសធាតុរវាងក្រសួងកសិកម្ម និងបរិស្ថានវៀតណាម និងក្រសួងបរិស្ថានហ្វាំងឡង់។ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងហិរញ្ញវត្ថុវៀតណាម និងក្រសួងការបរទេសហ្វាំងឡង់ ស្តីពីការគាំទ្រ និងជំរុញការរៀបចំ និងការអនុវត្តគម្រោងដែលផ្តល់មូលនិធិក្រោមកម្មវិធីវិនិយោគសាធារណៈរបស់ហ្វាំងឡង់; អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងហិរញ្ញវត្ថុវៀតណាម និងទីភ្នាក់ងារឥណទាននាំចេញនៃប្រទេសហ្វាំងឡង់៕
បកប្រែដោយ Minh Trung