ក្នុងសម័យបើក លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ថ្លែងសុន្ទរកថាតាមរយៈខ្សែវីដេអូ អបអរសាទរសន្និសីទ និងចែករំលែកសារចំនួន ៣ ជូនអង្គសន្និសីទ។

ទី១ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ពិភពលោកកំពុងរស់នៅក្នុងចំណុចរបត់នៃប្រវត្តិសាស្ត្រ ដែលតម្រូវឱ្យមនុស្សផ្លាស់ប្តូរគំនិត របៀបធ្វើ ត្រូវគិតគូរឱ្យស៊ីជម្រៅ និងធ្វើធំជាងមុន។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ចាំបាច់ត្រូវដាក់ប្រជាពលរដ្ឋជាមជ្ឈភាព ជាប្រធានបទ ជាធនធាន ជាកម្លាំងជំរុញ ជាគោលដៅនៃការអភិវឌ្ឍ។ ដូច្នេះ គោលនយោបាយទាំងអស់ត្រូវតែតម្រង់ឆ្ពោះទៅរកការអភិវឌ្ឍន៍មនុស្ស។ ក្នុងបរិបទបច្ចុប្បន្ន លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ចាំបាច់ត្រូវយកវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាមូលដ្ឋានគ្រឹះ។ ប្រកាន់យកការការពារបរិស្ថាន និងសន្តិសុខសង្គម ជាកម្លាំងចលករសំខាន់ ដើម្បីផ្តោតលើការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប៉ុន្តែប្រកបដោយចីរភាព។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម (រូបថត៖ baochinhphu.vn)

ទីពីរ ជាងពេលណាៗទាំងអស់ ក្នុងបរិបទបច្ចុប្បន្ន លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចាំបាច់ត្រូវអំពាវនាវឱ្យមានសាមគ្គីភាពអន្តរជាតិ ជំរុញពហុភាគីនិយម និងធ្វើការរួមគ្នាដើម្បីជំរុញការអភិវឌ្ឍសកល។ បញ្ហាបច្ចុប្បន្នទាំងអស់គឺទាក់ទងនឹងប្រជាជនទាំងមូលយ៉ាងទូលំទូលាយ និងជាសកល។ ដូច្នេះ ពិភពលោកត្រូវតែធានាឱ្យមានសណ្តាប់ធ្នាប់ពិភពលោកដោយយុត្តិធម៌ តម្លាភាព និងផ្អែកលើច្បាប់ ដោយចាត់ទុកថាវាជាតម្រូវការជាមុនគេសម្រាប់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងវិបុលភាពរួមសម្រាប់មនុស្សទាំងអស់។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើតម្រូវការធ្វើកំណែទម្រង់ និងពង្រឹងទំនុកចិត្តលើពហុភាគីនិយម បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ និងរួមដៃគ្នាជំរុញកំណែទម្រង់ដ៏រឹងមាំ និងមានប្រសិទ្ធភាពនៃប្រព័ន្ធពាណិជ្ជកម្ម និងហិរញ្ញវត្ថុពហុភាគីក្នុងទិសដៅបើកចំហ យុត្តិធម៌ បរិយាប័ន្ន បំពេញផលប្រយោជន៍របស់ប្រទេសទាំងអស់។

ជាចុងក្រោយ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមបន្តគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព ពហុភាគី ពិពិធកម្ម ជាមិត្តល្អ និងជាដៃគូជឿទុកចិត្តជាមួយប្រទេសទាំងអស់លើពិភពលោក ហើយជាសមាជិកដែលមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ លោកនាយករដ្ឋមន្ត្រីបានសំដែងថា វៀតណាមគាំទ្រយ៉ាងមុតមាំនូវតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងការធានាបរិយាកាសសន្តិភាព ជំរុញកិច្ចសហប្រតិបត្តិការ និងការដោះស្រាយបញ្ហាមានលក្ខណៈសកលលោក លក្ខណៈប្រជាជនទាំងមូល រួមទាំងពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព។

ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅចាប់ពីពេលនេះរហូតដល់ថ្ងៃទី ២៣ ខែតុលា។ សន្និសីទដែលរៀបចំឡើងដោយប្រទេសស្វីស និង UNCTAD ប្រមូលផ្តុំនូវប្រមុខរដ្ឋ និងរដ្ឋាភិបាល រដ្ឋមន្ត្រីពាណិជ្ជកម្ម និងសេដ្ឋកិច្ច អ្នកទទួលបានជ័យលាភីណូបែល ប្រធានអង្គការអន្តរជាតិ និងអ្នកជំនាញល្បីៗ ដើម្បីចូលរួមកិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីនិន្នាការពិភពលោក និងវិធីសាស្រ្តតាក់តែង គោលនយោបាយក្នុងពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍន៍ និងសេដ្ឋកិច្ចឌីជីថល។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនសន្និសីទ លោកស្រី Rebeca Grynspan អគ្គលេខាធិការ UNCTAD បាននិយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិនឹងចូលរួមសន្និសីទ ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃ UNCTAD ។ យោងតាមលោកស្រី នេះជាសន្និសីទពាណិជ្ជកម្មដ៏ធំបំផុតរបស់អង្គការសហប្រជាជាតិក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ហើយ UNCTAD16 ធ្វើឡើងនៅពេលវេលាដ៏សំខាន់សម្រាប់ពាណិជ្ជកម្មសកល ក៏ដូចជាពហុភាគីនិយម នៅពេលដែលពិភពលោកកំពុងមើលឃើញការផ្លាស់ប្តូរដ៏ខ្លាំងក្លា។

យោងតាមលោកស្រី Rebeca Grynspan ការសម្រេចចិត្តនានាដែលបានលើកឡើងនៅ UNCTAD16 នឹងជះឥទ្ធិពលលើអនាគតនៃពាណិជ្ជកម្ម គោលនយោបាយអភិវឌ្ឍពិភពលោក និងការជជែកពិភាក្សានាពេលអនាគត។ ក្នុងអំឡុងថ្ងៃនៃសន្និសីទ ប្រតិភូនឹងពិភាក្សាអំពីបញ្ហាប្រឈមសំខាន់ៗបំផុតចំពោះសេដ្ឋកិច្ចពិភពលោក និងបរិបទនយោបាយ និងសេដ្ឋកិច្ចបច្ចុប្បន្ន។

បកប្រែដោយ Duy Hoan