យុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងហ្វាំងឡង់
កប.អនឡាញ - តបតាមការអញ្ជើញរបស់ លោក Alexander Stubb ប្រធានាធិបតីហ្វាំងឡង់ លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋហ្វាំងឡង់ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែតុលា។
នេះគឺជាដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំវៀតណាមនៅហ្វាំងឡង់ ដែលបង្ហាញពីទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាមនិងហ្វាំងឡង់។ ដំណើរទស្សនកិច្ចនេះគឺជាការអភិវឌ្ឍថ្មីក្នុងទំនាក់ទំនងទ្វេភាគី បង្កើតកម្លាំងចលករសម្រាប់កំណត់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនាពេលអនាគត។
ហ្វាំងឡង់គឺជាប្រទេសសេដ្ឋកិច្ចធំជាងគេទី៩ នៅក្នុងសហភាពអឺរ៉ុប (EU) និងទី៤៦ នៅលើពិភពលោក ជាមួយនឹងវិស័យសំខាន់ៗដែលផ្តោតលើឧស្សាហកម្មឈើ និងក្រដាស នាវាចរណ៍ និងវិទ្យាសាស្ត្រនិងសេដ្ឋកិច្ចសមុទ្រ បច្ចេកវិជ្ជាព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន ការធ្វើបរិវត្តកម្មឌីជីថល ការធ្វើបរិវត្តកម្មបៃតង ការធ្វើបរិវត្តកម្មថាមពល... ហ្វាំងឡង់កំណត់ថា វៀតណាមជាដៃគូអាទិភាពក្នុងតំបន់ ដើម្បីអនុវត្តគោលដៅក្នុងផែនការសកម្មភាពសម្រាប់អាស៊ីអាគ្នេយ៍ឆ្នាំ២០១៥។
    |
 |
លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ (រូបថត៖ vnanet.vn) |
វៀតណាមនិងហ្វាំងឡង់បានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ១៩៧៣។ ក្នុងរយៈពេលកន្លះសតវត្សកន្លងមក ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាមនិងហ្វាំងឡង់ត្រូវបានរក្សានិងអភិវឌ្ឍយ៉ាងល្អ។ ទាក់ទងនឹងវិស័យនយោបាយ និងការទូត ភាគីទាំងពីរតែងតែផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ សហការនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ និងក្នុងក្របខ័ណ្ឌអាស៊ាន-សហភាពអឺរ៉ុប។ ហ្វាំងឡង់បានផ្ដល់ជំនួយឥតសំណងដល់ប្រទេសវៀតណាមក្នុងថវិកាប្រហែល ៣៤០ លានដុល្លារអាមេរិក ដែលផ្តោតលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធលូទឹកកខ្វក់ ការលុបបំបាត់ភាពអត់ឃ្លាន ការកាត់បន្ថយភាពក្រីក្រ ការប្រែប្រួលអាកាសធាតុ និងរុក្ខាប្រមាញ់។
ចំពោះសេដ្ឋកិច្ចវិញ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២៤ សម្រេចបាន ៤២២ លានដុល្លារអាមេរិក។ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ២១៦ លានដុល្លារអាមេរិក។ បច្ចុប្បន្ន ប្រទេសហ្វាំងឡង់ មានគម្រោងវិនិយោគចំនួន ៣៧ នៅវៀតណាម ដែលមានទុនវិនិយោគសរុបចំនួន ៥០.៨ លានដុល្លារអាមេរិក ហើយវៀតណាមមានគម្រោងវិនិយោគចំនួន ១០ នៅប្រទេសហ្វាំងឡង់ ដែលមានទុនវិនិយោគសរុបចំនួន ១.១៣៥ លានដុល្លារអាមេរិក។
ទាក់ទងនឹងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកម្មវិធីភាពជាដៃគូផ្លាស់ប្តូរប្រកបដោយច្នៃប្រឌិតវៀតណាម-ហ្វាំងឡង់ (IPP) នៅឆ្នាំ ២០០៨ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ទាក់ទងនឹងវិស័យអប់រំ និងបណ្តុះបណ្តាល នៅឆ្នាំ២០១៧ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងអនុស្សរណៈនៃការយោគយល់គ្នាចំនួន ១៨ ស្តីពីកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំនៃប្រទេសទាំងពីរ។ បច្ចុប្បន្ននេះ វៀតណាមមានគ្រឹះស្ថានឧត្តមសិក្សាជិត ២០ ដែលកំពុងសហការយ៉ាងសកម្មជាមួយដៃគូហ្វាំងឡង់ និងមាននិស្សិតវៀតណាមជាង ២,៥០០ នាក់កំពុងសិក្សានៅប្រទេសហ្វាំងឡង់ក្នុងវិស័យសេដ្ឋកិច្ច បច្ចេកវិទ្យាព័ត៌មាន ទេសចរណ៍។ល។
អំពីកិច្ចសហប្រតិបត្តិការលើវិស័យពលកម្ម នៅឆ្នាំ២០២៥ វៀតណាម និងហ្វាំងឡង់បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបញ្ជូនអ្នកជំនាញ ពលករជំនាញ និងពលករតាមរដូវកាលទៅធ្វើការនៅប្រទេសហ្វាំងឡង់។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យផ្សេងៗទៀតដូចជា វិស័យការពារជាតិ សន្តិសុខ កសិកម្ម-បរិស្ថាន វប្បធម៌ និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ទេសចរណ៍ កិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋានជាដើម ក៏មានការអភិវឌ្ឍជាវិជ្ជមានផងដែរ។
ដំណើរទស្សនកិច្ចជាផ្លូវការនៅហ្វាំងឡង់របស់លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមមានអត្ថន័យជាយុទ្ធសាស្ត្រក្នុងការលើកកម្ពស់ទំនុកចិត្តខាងនយោបាយ បង្កើនជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន និងការតភ្ជាប់ធុរកិច្ចនៃប្រទេសទាំងពីរ ព្រមទាំងបង្ហាញពីតួនាទីសំខាន់របស់វៀតណាមក្នុងឆាកអន្តរជាតិ។ ដំណើរទស្សនកិច្ចនេះក៏ជាឱកាសសម្រាប់វៀតណាមអះអាងនូវគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្មនូវទំនាក់ទំនងបរទេស ម្ចាស់ការ និងធ្វើសមាហរណកម្មអន្តរជាតិ បង្ហាញពីការគោរពរបស់វៀតណាមចំពោះហ្វាំងឡង់ ដែលជាដៃគូសំខាន់របស់វៀតណាមនៅ EU។
យើងជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងទទួលបានជោគជ័យ បើកយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងហ្វាំងឡង់ ដែលជាយុគសម័យនៃការច្នៃប្រឌិត ចំណេះដឹង និងការអភិវឌ្ឍបៃតង រួមចំណែកជម្រុញឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កម្រិតថ្មីមួយ កាន់តែស៊ីជម្រៅ និងទូលំទូលាយថែមទៀត៕
បកប្រែដោយ Thuy Anh