លោក To Lam អគ្គលេខាបក្ស ទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន Murphy Oil
កប.អនឡាញ - នារសៀលថ្ងៃទី ១៥ ខែតុលា លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានទទួលជួបលោក Eric Hambly ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Murphy Oil (សហរដ្ឋអាមេរិក)។
លោក To Lam អគ្គលេខាបក្ស បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុនក្នុងការពង្រីក និងបង្កើនការវិនិយោគក្នុងការកេងប្រវ័ញ្ចប្រេង និងឧស្ម័ននៅវៀតណាមនាពេលខាងមុខ។ លោកអគ្គលេខាបក្ស បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ហើយសង្ឃឹមថាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងភាគីទាំងពីរនឹងបន្តអភិវឌ្ឍ ដែលក្នុងនោះកិច្ចសហប្រតិបត្តិការលើវិស័យថាមពលគឺជាកិច្ចសហប្រតិបត្តិការសំខាន់មួយនៃទំនាក់ទំនងទ្វេភាគី ដើម្បីផលប្រយោជន៍របស់ធុរកិច្ច និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
    |
 |
លោក To Lam អគ្គលេខាបក្ស ទទួលជួបលោក Eric Hambly (រូបថត៖ vnanet.vn) |
លោក To Lam អគ្គលេខាបក្ស បានអះអាងថា វៀតណាមនឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការវិនិយោគ និងសកម្មភាពធ្វើអាជីវកម្មរបស់ធុរកិច្ចបរទេសនៅវៀតណាមក្នុងវិស័យថាមពល រួមទាំងធុរកិច្ចសហរដ្ឋអាមេរិក។ លោក To Lam អគ្គលេខាបក្ស ស្នើឲ្យក្រុមហ៊ុន Murphy Oil បន្តសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាដៃគូវៀតណាម ដើម្បីពន្លឿនការអនុវត្តគម្រោងប្រេង និងឧស្ម័ននៅវៀតណាម ព្រមទាំងបង្កើនការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងបង្កើនការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ តាមរយៈនោះ បន្តរួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍទំនាក់ទំនងវៀតណាម និងអាមេរិក។
លោក Eric Hambly បានចែករំលែកអំពីយុទ្ធសាស្ត្រធ្វើអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងពិភពលោក ដោយគូសបញ្ជាក់ថាវៀតណាមបន្តជាដៃគូសំខាន់។ លោកក៏ថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះភាគីវៀតណាមដែលបានបង្កើតលក្ខខណ្ឌអំណោយផល សហការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ក្រុមហ៊ុនឧស្សាហកម្មថាមពលជាតិក្នុងសកម្មភាពរុករក កេងប្រវ័ញ្ចប្រេង និងឧស្ម័នរបស់ក្រុមហ៊ុនក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។ ជាមួយនឹងលទ្ធផលដែលក្រុមហ៊ុនសម្រេចបាន និងការជឿជាក់លើសក្ដានុពលកំណើនដ៏រឹងមាំរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំខាងមុខ លោក Eric Hambly បានអះអាងថា ក្រុមហ៊ុន Murphy Oil ប្តេជ្ញាបង្កើនការវិនិយោគនៅវៀតណាម ហើយនឹងរួមដំណើរវៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មប្រេង និងឧស្ម័ន ការផ្ទេរបច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ស្របតាមទិសដៅដែលកំណត់ដោយលោក To Lam អគ្គលេខាបក្ស៕
បកប្រែដោយ Thuy Anh