វៀតណាមចូលរួមកិច្ចប្រជុំអ្នកដឹកនាំសកលស្តីពីស្ត្រីនៅទីក្រុងប៉េកាំង
កប.អនឡាញ - ក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង និងកម្មវិធីនយោបាយសកម្មភាពទីក្រុងប៉េកាំងស្តីពីសមភាពយេនឌ័រឆ្នាំ ១៩៩៥ កិច្ចប្រជុំអ្នកដឹកនាំសកលស្តីពីស្ត្រីត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ១៣ និង ១៤ ខែតុលា នៅទីក្រុងប៉េកាំង ប្រទេសចិន ក្រោមប្រធានបទ "អនាគតរួម៖ វឌ្ឍនភាពថ្មី និងលឿនជាងសម្រាប់ការអភិវឌ្ឍយ៉ាងទូលំទូលាយរបស់ស្ត្រី"។
កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋ រដ្ឋាភិបាល និងអង្គការស្ត្រីមកពីប្រទេសចំនួន ១១០ ជុំវិញពិភពលោក។ លោកស្រី Nguyen Thi Tuyen ប្រធានសមាគមសហព័ន្ធនារីវៀតណាមបានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកស្រី Nguyen Thi Tuyen បានចែករំលែកការខិតខំប្រឹងប្រែង និងសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី រួមទាំងការកែលម្អសន្ទស្សន៍សមភាពយេនឌ័រ សមាមាត្រស្ត្រីក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រកើនឡើងដល់ ៤៤% សមាមាត្រសមាជិការដ្ឋសភាស្មើ ៣០%។
    |
 |
លោកស្រី Nguyen Thi Tuyen ប្រធានសមាគមសហព័ន្ធនារីវៀតណាមចូលរួម និងមានប្រសាសន៍ក្នុងកិច្ចប្រជុំ (រូបថត៖ vov.vn) |
ដោយស្នើវិធានការបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ និងកម្មវិធីនយោបាយសកម្មភាពរបស់ទីក្រុងប៉េកាំង លោកស្រី Nguyen Thi Tuyen បានសង្កត់ធ្ងន់ថា ប្រទេសទាំងអស់ត្រូវខិតខំប្រឹងប្រែងដើម្បីសន្តិភាព និងស្ថិរភាព ដែលជាតម្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍ និងវឌ្ឍនភាពរបស់ស្ត្រី បង្កើនការផ្លាស់ប្តូរ និងការសន្ទនាដើម្បីបង្កើនការយល់ដឹង លើកកម្ពស់សមភាពយេនឌ័រ ស្របតាមគោលដៅរួម ឆ្លើយតបទៅនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងស្ថានភាពថ្មី ដើម្បីស្ត្រីអាចរួមចំណែកជាវិជ្ជមានបន្ថែមទៀតក្នុងការធានាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសនីមួយៗ។
វៀតណាមជឿជាក់ថា ដោយមានសាមគ្គីភាព និងការប្តេជ្ញាចិត្ត សហគមន៍អន្តរជាតិនឹងបន្តសម្រេចបាននូវចក្ខុវិស័យនៃសេចក្តីថ្លែងការណ៍ និងកម្មវិធីនយោបាយសកម្មភាពទីក្រុងប៉េកាំងនាពេលខាងមុខ ដើម្បីឆ្ពោះទៅរកពិភពសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលស្ត្រី និងកុមារីទាំងអស់ត្រូវបានគោរព ការពារ និងផ្តល់សិទ្ធិអំណាចសម្រាប់ការអភិវឌ្ឍដ៏ទូលំទូលាយ៕
បកប្រែដោយ Huyen Trang