សមមិត្តជាទីគោរព!

ក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃទិវាប្រពៃណីរបស់កាសែតកងទ័ពប្រជាជន (ថ្ងៃទី ២០ ខែតុលា ឆ្នាំ ១៩៥០ / ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥) ខ្ញុំសូមជូនពរបវរមហាប្រសើរជូនចំពោះកម្មាភិបាល អ្នកសារព័ត៌មាន អ្នកនិពន្ធ  បុគ្គលិក យុទ្ធជននិងសហការីគ្រប់ជំនាន់របស់កាសែតកងទ័ពប្រជាជនដែលជាអ្នកកាសែតស្មោះត្រង់របស់បក្ស រដ្ឋ និងកងទ័ពប្រជាជនវៀតណាម។

កើតចេញក្នុងផ្សែងភ្លើងនៃសង្រ្គាមតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង ធំធាត់រួមជាមួយកងទ័ពប្រជាជនវៀតណាមវីភាព កាសែតកងទ័ពប្រជាជនមានបេសកកម្មដ៏ពិសិដ្ឋរបស់កាសែតយុទ្ធជន កាន់ប៊ិចផងនិងកាំភ្លើងផង រួមដំណើរជាមួយកងទ័ពនិងប្រជាជនក្នុងអំឡុងពេលប្រវត្តិសាស្ត្របដិវត្តន៍ កសាងនិងការពារមាតុភូមិ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម

ក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមកនេះ កាសែតកងទ័ពប្រជាជនតែងតែរក្សាយ៉ាងរឹងមាំនូវភាពក្លាហាននយោបាយ ស្មោះត្រង់ដាច់ខាតចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជន គឺជាសំឡេងដ៏គួរឱ្យទុកចិត្តរបស់បក្ស រដ្ឋ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនវៀតណាម គឺជាបណ្តាញព័ត៌មានផ្លូវការ ស៊ីជម្រៅនិងតម្រង់ទិស រួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិសង្គមនិយមវៀតណាម។

ក្នុងគ្រប់កាលៈទេសៈ  ពីសមរភូមិយ៉ាងសហាវ រហូតដល់ដំណើរការផ្លាស់ថ្មី និងសមាហរណកម្មបច្ចុប្បន្ន កាសែតកងទ័ពប្រជាជនបានផ្លាស់ថ្មី និងលើកកម្ពស់គុណភាពឃោសនាឥតឈប់ឈរ។ អត្ថបទរបស់កាសែតកងទ័ពប្រជាជនមិនត្រឹមតែជាអាវុធដ៏មុតស្រួចលើរណសិរ្សសតិអារម្មណ៍ និងវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់រវាងកងទ័ពនិងប្រជាជន ព្រមទាំងឆ្លុះបញ្ចាំងយ៉ាងរស់រវើកនូវជីវិត បង្កើនទឹកចិត្តស្នេហាជាតិ សេចក្ដីស្រឡាញ់ និងឆន្ទៈឈានទៅមុខនៃកងទ័ពនិងប្រជាជនយើង។

ខ្ញុំវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការរួមចំណែកដ៏ធំធេងរបស់អ្នកសារព័ត៌មានគ្រប់ជំនាន់របស់កាសែតកងទ័ពប្រជាជនក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមកនេះ។ ជាមួយនឹងសមិទ្ធិផលនិងស្នាដៃដែលសម្រេចបាននោះ កាសែតកងទ័ពប្រជាជនមានកិត្តិយសដែលបានទទួលឥស្សរិយយសផ្កាយមាស ឥស្សរិយយសហូជីមិញ កិត្ដនាមវិរភាពកងកម្លាំងប្រដាប់អាវុធប្រជាជន វីរភាពពលកម្ម និងរង្វាន់ដ៏ថ្លៃថ្លាជាច្រើនទៀតពីបក្សនិងរដ្ឋ។ នោះគឺជាសក្ខីភាពដ៏រស់រវើកនៃស្មារតីស្មោះត្រង់ - ក្លាហាន - ច្នៃប្រឌិត - លះបង់ ជំនះការលំបាករបស់អ្នកសារព័ត៌មាននៃកាសែតកងទ័ពប្រជាជន ដែលសក្តិសមជាមួយក្ដីទុកចិត្ត និងក្ដីស្រឡាញ់របស់បក្ស រដ្ឋ កងទ័ព និងប្រជាជន។

ឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ជាមួយនឹងតម្រូវការកាន់តែខ្ពស់សម្រាប់បុព្វហេតុកសាង និងការពារមាតុភូមិ ខ្ញុំសង្ឃឹមថា កាសែតកងទ័ពប្រជាជននឹងបន្តលើកកម្ពស់ប្រពៃណីដ៏ត្រចេះត្រចង់របស់ខ្លួន ប្រកាន់ខ្ជាប់នូវគោលដៅ ផ្លាស់ថ្មីនូវខ្លឹមសារនិងប្រតិបត្តិការឥតឈប់ឈរ  ជំរុញការធ្វើបរិវត្ដកម្មឌីជីថល និងសមត្ថភាពផលិតកាសែតទំនើប ព្រមទាំងផ្ដោតលើការផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចយុទ្ធសាស្ត្រពីរគឺការកសាងនិងការពារមាតុភូមិ។ ប្រយុទ្ធយ៉ាងសកម្មក្នុងការការពារមូលដ្ឋានសតិអារម្មរបស់បក្ស និងបដិសេធទស្សនៈខុសឆ្គង និងអរិភាព។ បង្កើនការឃោសនាគំរូមនុស្សល្អ និងអំពើល្អ រីកសាយភាយអត្ដចរិតកងទ័ពលោកអ៊ំ ហូ កសាងកាសែតកងទ័ពប្រជាជនទៅជាសារព័ត៌មានស្នូល  ពហុមេឌៀ ទំនើប រួមចំណែកកសាងខឿនសារព័ត៌មានបដិវត្តន៍វៀតណាមដ៏ស្មោះត្រង់ វិជ្ជាជីវៈ មនុស្សធម៌ និងទំនើប​។

ខ្ញុំសូមជូនពរកាសែតកងទ័ពប្រជាជនកាន់តែរីកចម្រើន រឹងមាំ ស័ក្តិសមជាយុទ្ធជនជួរមុខលើរណសិរ្សសតិអារម្មណ៍និងវប្បធម៌របស់បក្ស ប្រកាន់ខ្ជាប់ជានិច្ចនូវគោលដៅ ជាស្ថាប័នរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម  ក្រសួងការពារប្រទេសសំឡេងរបស់កងកម្លាំងប្រដាប់អាវុធ និងប្រជាជនវៀតណាម។

សូមគោរពនិងប្ដេជ្ញាឈ្នះ!

បកប្រែដោយ Pham Diep