អ្នកយកព័ត៌មាន៖ បាទលោកអនុរដ្ឋមន្ត្រី តើលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន និងរវាងអាស៊ាន ជាមួយនិងដៃគូនានាយ៉ាងដូចម្តេចដែរ?

លោក Do Hung Viet អនុរដ្ឋមន្ត្រី៖ ក្នុងស្មារតីនៃប្រធានបទ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន” ថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន និងដៃគូបានពិភាក្សាអំពីខ្លឹមសារយុទ្ធសាស្ត្រជាច្រើនដែលត្រូវបានកំណត់សម្រាប់អាស៊ាន និងតំបន់ ឯកភាពទិសដៅសម្រាប់ការពង្រឹង និងលើកកំពស់កិច្ចសហប្រតិបត្តិការ ការរៀបចំនូវរាល់ជំហានអភិវឌ្ឍន៍កាន់តែរឹងមាំ និងឈានទៅមុខនាពេលអនាគត។ តាមគំនិតរបស់ខ្ញុំ កិច្ចប្រជុំទាំងនេះមានលទ្ធផលលេចធ្លោចំនួន ៣ យ៉ាងដូចខាងក្រោម៖

ទីមួយ ការទទួលស្គាល់ពីសារៈសំខាន់របស់អាស៊ាន ត្រូវបានបញ្ជាក់យ៉ាងច្បាស់ និងជាប់លាប់។

សារៈសំខាន់របស់អាស៊ានក៏ឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់ខ្លួនក្នុងការទាក់ទាញការចូលរួមពីប្រទេសធំៗ និងដៃគូជាច្រើនក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ រួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដើម្បីផលប្រយោជន៍រួមនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ វត្តមានរបស់ដៃគូជិត ២០ នៅក្នុងកិច្ចប្រជុំទាំងនេះ និងសំណើជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ និងការបង្កើត និងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង (ជាមួយប្រទេសជប៉ុន កាណាដា សមាគមខ្សែក្រវ៉ាត់សមុទ្រឥណ្ឌា (IORA)) វេទិកាលេខាធិការដ្ឋានប្រជុំកោះប៉ាស៊ីហ្វិក (PIF) ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការគោរពរបស់ដៃគូសម្រាប់អាស៊ាន។

ទីពីរ រាល់កិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តជាក់ស្តែង ឱ្យអាស៊ានគឺជាស្នូលនៃកំណើន។ នេះមិនត្រឹមតែជាសេចក្តីប្រាថ្នាប៉ុណ្ណោះទេ ថែមទាំងជាបេសកកម្មរបស់អាស៊ាន ដើម្បីធានាបាននូវបរិយាកាសល្អប្រសើរ និងមានប្រសិទ្ធភាពជាងមុន សម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជនចំនួន ៦៨០ លាននាក់ក្នុងតំបន់។ ដើម្បីសម្រេចបាននូវគោលដៅនេះ អាស៊ានបានធ្វើការផ្លាស់ប្តូរយុទ្ធសាស្ត្រសហប្រតិបត្តិការរបស់ខ្លួនទាំងក្នុងប្លុក និងជាមួយដៃគូ។ នោះគឺជាការផ្លាស់ប្តូរក្នុងការយល់ដឹង ការផ្លាស់ប្តូរវិធីសាស្រ្ត និងការផ្លាស់ប្តូរសកម្មភាព។

ទីបី រៀបចំការត្រៀមខ្លួនជាបឋមសម្រាប់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍរបស់អាស៊ាន។ កិច្ចប្រជុំកំពូលបានពិនិត្យ និងទទួលស្គាល់ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលកំណត់ក្របខ័ណ្ឌយុទ្ធសាស្ត្ររបស់អាស៊ានសម្រាប់ ២០ ឆ្នាំខាងមុខ។ ជាមួយនឹងការតំរង់ទិសរីករាលដាលពាសពេញលើសសរស្តម្ភនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ចក្ខុវិស័យឆ្នាំ ២០៤៥ បើកក្តីសង្ឃឹមសម្រាប់ការផ្លាស់ប្តូររបស់អាស៊ាន ឆ្ពោះទៅកាន់អាស៊ានមួយដែលមាន “ភាពធន់ ភាពច្នៃប្រឌិត ថាមវន្ត និងយកប្រជាជនជាស្នូល”។

leftcenterrightdel
ថ្នាក់ដឹកនាំអាស៊ានចូលរួមកិច្ចប្រជុំកំពូល

អ្នកយកព័ត៌មាន៖ តើអ្វីទៅជាការរួមចំណែករបស់គណៈប្រតិភូវៀតណាមក្នុងកិច្ចប្រជុំនេះ?

លោក Do Hung Viet អនុរដ្ឋមន្ត្រី៖ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានដឹកនាំគណៈប្រតិភូវៀតណាម ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ។ លោកនាយករដ្ឋមន្ត្រីបានថ្លែងសុន្ទរកថាសំខាន់ៗនៅក្នុងកិច្ចប្រជុំទាំងអស់ ដោយបាននាំមកអាស៊ាន និងដៃគូរបស់ខ្លួននូវសារទិសដៅ និងគំនិតផ្តួចផ្តើមជាក់ស្តែងជាច្រើន ដើម្បីពង្រឹងដំណើរការនៃការកសាងសហគមន៍ និងការពង្រឹងទំនាក់ទំនងជាមួយដៃគូសហប្រតិបត្តិការ។

ទីមួយ គឺដើម្បីរក្សាសារៈសំខាន់ និងស្នូលនៃកំណើនរបស់អាស៊ាន នាយករដ្ឋមន្ត្រីវៀតណាមបានសង្កត់ធ្ងន់ថា បណ្តាប្រទេសអាស៊ានចាំបាច់ត្រូវដកចេញនូវឧបសគ្គ និងបញ្ហាជាប់គាំងនានាអំពីគោលនយោបាយ បទបញ្ញត្តិ រក្សាស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងប្លុក និងពង្រឹងតួនាទីរបស់អាស៊ានជាស្នូលនៃបណ្តាញកិច្ចព្រមព្រៀងសេរីតាមរយៈការពិនិត្យឡើងវិញ ការធ្វើឱ្យប្រសើរឡើង និងការចរចាថ្មីរវាងអាស៊ាន និងដៃគូនានារបស់ខ្លួន។

លោក Pham Minh Chinh បានមានប្រសាសន៍ថា អាស៊ានចាំបាច់ត្រូវកំណត់ថា ការធានាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ គឺជាការទទួលខុសត្រូវ និងការខិតខំប្រឹងប្រែងរបស់អាស៊ាន។ ដើម្បីធ្វើដូច្នេះបាន ប្រទេសអាស៊ាន ត្រូវតែលើកតម្កើងស្មារតីសាមគ្គីភាព ឯករាជ្យភាព ភាពខ្លួនទីពឹងខ្លួន និងការពឹងផ្អែកលើខ្លួនឯង តាមរយៈពាក្យសម្ដី និងសកម្មភាព។

នៅក្នុងកិច្ចប្រជុំពូលនេះ លោកនាយករដ្ឋមន្ត្រីវៀតណាម និងថ្នាក់ដឹកនាំបានពិភាក្សាយ៉ាងទូលំទូលាយលើបញ្ហាតំបន់ និងអន្តរជាតិ ដោយបញ្ជាក់ឡើងវិញនូវគោលជំហរជាគោលការណ៍របស់អាស៊ាន។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការការពារសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនៃនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត គឺជាផលប្រយោជន៍ និងការទទួលខុសត្រូវរបស់ប្រទេសទាំងអស់ ហើយស្នើឱ្យជំរុញការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រខាងកើត (DOC) និងខិតខំសម្រេចបានក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ដែលអនុវត្តជាក់ស្តែងប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២។ អំពាវនាវឱ្យដៃគូនានាគាំទ្រ គោលជំហររបស់អាស៊ាន និងធ្វើការជាមួយអាស៊ាន ដើម្បីធានាបរិយាកាសអំណោយផលសម្រាប់ការចរចា COC។

ទីពីរ ប្រកាន់ខ្ជាប់នូវស្មារតីស្នូល “យកប្រជាជន ជាស្នូល ជាគោលដៅ និងកម្លាំងជំរុញ” នៃដំណើរការកសាងសហគមន៍អាស៊ាន លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើទិសដៅនៃការអភិវឌ្ឍប្រកបដោយសមធម៌ និងនិរន្តរភាព ជាពិសេសក្នុងតំបន់ឆ្ងាយដាច់ស្រយាល និងអនុតំបន់។ លោកនាយករដ្ឋមន្ត្រីបានប្រកាសថា វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាអនាគតអាស៊ានស្តីពីការអភិវឌ្ឍយ៉ាងឆាប់រហ័ស និរន្តរភាព ផ្តោតលើប្រជាជន ដើម្បីបំពេញបន្ថែមនូវវេទិកា និងយន្តការផ្លូវការរបស់អាស៊ាន ព្រមទាំងបង្កើតឱកាសផ្លាស់ប្តូរយោបល់យ៉ាងទូលំទូលាយ និងគំនិតផ្តួចផ្តើមសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ រួមចំណែកក្នុងការកសាងភាពធន់  និងសហគមន៍អាស៊ានប្រកបដោយនិរន្តរភាព។

ទីបី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូនានា លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្តោតលើការជំរុញពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់អាជីវកម្ម ស្ថិរភាពសង្វាក់ផ្គត់ផ្គង់ និងសង្ឃឹមថា ដៃគូនានានឹងគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ទំនិញពីប្រទេសវៀតណាម និងបណ្តាប្រទេសអាស៊ាន។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីមានកិច្ចប្រជុំ និងជំនួបជិត ២០ ជាមួយថ្នាក់ដឹកនាំប្រទេស និងអង្គការអន្តរជាតិដែលចូលរួមសន្និសីទនេះ រួមចំណែកពង្រឹងទំនាក់ទំនងរវាងវៀតណាមនិងដៃគូ នាំមកនូវកិច្ចសហប្រតិបត្តិការខាងនយោបាយ-ការទូត សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ការពារជាតិ-សន្តិសុខ វប្បធម៌-អប់រំ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ... កាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព និងជាក់ស្តែង។ លើសពីនេះ នាយករដ្ឋមន្ត្រីវៀតណាម និងថ្នាក់ដឹកនាំប្រទេស និងអង្គការអន្តរជាតិក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរថាមពល ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងនិរន្តរភាព។

ដៃគូទាំងអស់បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងរដ្ឋបាលរបស់រដ្ឋាភិបាលវៀតណាមនាពេលថ្មីៗនេះ។ ដៃគូនានាក៏វាយតំលៃខ្ពស់ចំពោះតួនាទីយ៉ាងស្វាហាប់ និងការរួមចំណែកជាវិជ្ជមានរបស់វៀតណាមក្នុងអាស៊ាន និងក្នុងតំបន់។

អ្នកយកព័ត៌មាន៖ អរគុណលោកអនុរដ្ឋមន្ត្រី!

បកប្រែដោយ Minh Trung