មតិសាធារណៈរបស់កូរ៉េខាងត្បូងស្តីពីយថាទស្សន៍នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង
កប.អនឡាញ - ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងនាថ្ងៃទី ២២ និងទី២៣ ខែមិថុនា បានផ្ដល់ព័ត៌មានអំពីសកម្មភាពរបស់លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែមិថុនា។
លោក Lee Do-woon អ្នកនាំពាក្យនៃខុទ្ធកាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Yoon Suk Yeol ប្រធានាធិបតី ត្រូវបានចាត់ទុកជាចំណុចចាប់ផ្តើមសម្រាប់ទំនាក់ទំនងទ្វេភាគីក្នុងរយៈពេល ៣០ ឆ្នាំខាងមុខរវាងកូរ៉េខាងត្បូង និងវៀតណាម។ លោក Suk Yeol Yoon ប្រធានាធិបតី បានជ្រើសរើសប្រទេសវៀតណាម ដែលជាដៃគូពាណិជ្ជកម្មមួយក្នុងចំណោមដៃគូពាណិជ្ជកម្មធំៗចំនួនបី សម្រាប់ដំណើរទស្សនកិច្ចទ្វេភាគីលើកដំបូងទៅកាន់ប្រទេសមួយក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយចាត់ទុកថា នេះជាព្រឹត្តិការណ៍សំខាន់មួយ ដើម្បីពង្រឹងនិងពង្រីកគោលនយោបាយ និងលើកកំពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ខ្សែសង្វាក់ផ្គត់ផ្គង់-សន្តិសុខ-វប្បធម៌រវាងភាគីទាំងពីរ។
    |
 |
លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម និងលោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង ជាមួយកុមារទីក្រុងហាណូយ (រូបថត៖ vnanet.vn) |
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ទូរទស្សន៍ KBS កាសែតធំៗដូចជា Joongang Ilbo, Chosun Ilbo... បានសង្កត់ធ្ងន់លើគណៈប្រតិភូសេដ្ឋកិច្ច "ដ៏មានអំណាច" ដែលអមដំណើរលោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម។ សារព័ត៌មានបានផ្តោតសំខាន់លើសារៈសំខាន់របស់វៀតណាមដែលជាមូលដ្ឋានផលិតកម្មដ៏សំខាន់បំផុតរបស់ប្រទេសកូរ៉េខាងត្បូង ក៏ដូចជាទីផ្សារពាណិជ្ជកម្មរបស់កូរ៉េខាងត្បូងនៅអាស៊ីអាគ្នេយ៍។ គណៈប្រតិភូសេដ្ឋកិច្ចដែលអមដំណើរលោកប្រធានាធិបតីកូរ៉េខាងត្បូង ដែលរួមទាំងសាជីវកម្ម និងសហគ្រាសធំៗជាច្រើន គឺជាគណៈប្រតិភូសេដ្ឋកិច្ចដ៏ធំបំផុតដែលអមដំណើរលោក Yoon Suk Yeol ប្រធានាធិបតី ចាប់តាំងពីលោកបានឡើងកាន់អំណាចក្នុងខែឧសភា ឆ្នាំ២០២២។
ទន្ទឹមនឹងនោះ លោកសាស្ត្រាចារ្យ Choe Won-gi ប្រធានដេប៉ាតឺម៉ង់សិក្សាស្រាវជ្រាវអាស៊ាន-ឥណ្ឌា នៃបណ្ឌិតសភាការទូតជាតិកូរ៉េខាងត្បូង (KNDA) បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះមានបំណងបង្កើតការផ្លាស់ប្តូរក្នុងទំនាក់ទំនងទ្វេភាគី ព្រោះវៀតណាមជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេដែលលោក Yoon Suk Yeol ប្រធានាធិបតីទៅបំពេញទស្សនកិច្ច បន្ទាប់ពីឡើងកាន់តំណែង៕
បកប្រែដោយ Thuy Anh