ក្នុងឱកាសនេះ លោក Yoon Suk Yeol ប្រធានាធិបតី បានផ្តល់បទសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានវៀតណាម អំពីទិសដៅសំខាន់ៗក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូង និងវៀតណាម លើវិស័យជាច្រើន។

leftcenterrightdel
លោក Yoon Suk Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង

អ្នកយកព័ត៌មាន៖ សូមគោរពលោកប្រធានាធិបតី ក្នុងខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសរំលឹកខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូត ហើយក្នុងឱកាសនេះវៀតណាម និងកូរ៉េខាងត្បូង បានលើកកំពស់ទំនាក់ទំនងសហប្រតិបត្តិការ ឡើងកម្រិត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។ ក្នុងនាមជាប្រធានាធិបតី តើលោកវាយតម្លៃយ៉ាងណាចំពោះក្របខណ្ឌថ្មី និងខ្លឹមសារថ្មីក្នុងទំនាក់ទំនងភាពជាដៃគូនេះ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី?

លោកប្រធានាធិបតី Yoon Suk Yeol៖ អស់រយៈពេលជាង ៣០ ឆ្នាំមកនេះ ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតជាផ្លូវការក្នុងឆ្នាំ ១៩៩២ មក វៀតណាម និងកូរ៉េខាងត្បូង បានកសាង និងពូនជ្រំជានិច្ចនូវទំនាក់ទំនងសហប្រតិបត្តិការគំរូ និងមានផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ។ ហើយប្រការសំខាន់ៗដែលយើងមិនពេញចិត្តនឹងលទ្ធផលដែលសម្រេចបាននោះទេ  ប៉ុន្តែតែងតែជំរុញការអភិវឌ្ឍទំនាក់ទំនងជាក់ស្តែង និងឆ្ពោះទៅមុខបន្ថែមទៀតរវាងប្រទេសទាំងពីរ ស្របតាមបរិយាកាសក្នុងស្រុក និងបរទេសដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

ក្នុងស្មារតីនេះ ក្នុងឆ្នាំ ២០២២ ក្នុងឱកាសខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ប្រទេសទាំងពីរបានបង្កើនកិច្ចសហប្រតិបត្តិការដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។ នេះបង្ហាញថា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរបានប្ដេជ្ញាចិត្តរួបរួម ពង្រីកវិស័យកិច្ចសហប្រតិបត្តិការ និងធ្វើឱ្យការផ្លាស់ប្តូរទ្វេភាគីកាន់តែស៊ីជម្រៅ។

ជាដំបូង ខ្ញុំទន្ទឹងរង់ចាំការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយវៀតណាម ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យឧស្សាហកម្មការពារជាតិ ដោយផ្អែកលើសមត្ថភាពបច្ចេកវិទ្យាឆ្នើមរបស់កូរ៉េខាងត្បូង ដែលបានបង្ហាញឱ្យឃើញនៅលើទីផ្សារពិភពលោក។

កូរ៉េខាងត្បូងនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការតម្រង់ទិសនាពេលខាងមុខ ដើម្បីជាប្រយោជន៍ដល់វិបុលភាពទៅវិញទៅមករបស់ភាគីទាំងពីរ។

សព្វថ្ងៃនេះ ពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិដ៏ស្មុគស្មាញដែលមានទំហំខុសពីអតីតកាល។ វៀតណាម និងកូរ៉េខាងត្បូងគប្បីតែធ្វើការរួមគ្នាដើម្បីជំនះលើបញ្ហាប្រឈមទាំងនេះ។ ជាពិសេស ខ្សែសង្វាក់ផ្គត់ផ្គង់សារធាតុរ៉ែសំខាន់ៗ ថាមពល ការផ្លាស់ប្តូរឌីជីថល ទីក្រុងឆ្លាតវៃ ការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ... គឺជាវិស័យដែលរដ្ឋាភិបាលកូរ៉េខាងត្បូង និងវៀតណាម យកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

ឆ្នាំនេះគឺជាការចាប់ផ្តើមដ៏រឹងមាំសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ហេតុនោះហើយ ខ្ញុំសង្ឃឹមថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមលើកនេះ នឹងបើកទំព័រថ្មីក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

អ្នកយកព័ត៌មាន៖ បន្ទាប់ពីបង្កើតទំនាក់ទំនងការទូតជាផ្លូវការក្នុងឆ្នាំ ១៩៩២ វៀតណាម និងកូរ៉េខាងត្បូង ទទួលបានការអភិវឌ្ឍយ៉ាងត្រចះត្រចង់លើវិស័យជាច្រើន ជាពិសេសវិស័យសេដ្ឋកិច្ច។ តើលោកអាចអោយខ្ញុំដឹងពីសេចក្តីសន្និដ្ឋានចំពោះផែនការរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការពង្រីកការវិនិយោគនៅវៀតណាម។

លោកប្រធានាធិបតី Yoon Suk Yeol៖ នៅខែធ្នូ ឆ្នាំ២០២២ មេដឹកនាំនៃប្រទេសទាំងពីរបានកំណត់គោលដៅនាំយកទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។ ប៉ុន្តែដោយសារឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចពិភពលោក ទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំនេះកំពុងកើនឡើងអវិជ្ជមាន។ ដើម្បីស្តារឡើងវិញនូវភាពស្វាហាប់នៃពាណិជ្ជកម្មទ្វេភាគី គណៈប្រតិភូធុរកិច្ចទ្រង់ទ្រាយធំនឹងអមដំណើរខ្ញុំក្នុងដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ។

វៀតណាមជាប្រទេសដ៏សំខាន់ក្នុងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូង ដូច្នេះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរចាំបាច់ត្រូវមានការអភិវឌ្ឍបន្ថែមទៀត។ វិសាលភាពនៃកិច្ចសហប្រតិបត្តិការចាំបាច់ត្រូវតែពង្រីកពីវិស័យផលិតកម្មទៅវិស័យសេវាកម្មក្នុងវិស័យដូចជា ហិរញ្ញវត្ថុ ការចែកចាយទំនិញ បច្ចេកវិទ្យាព័ត៌មាន មាតិកាវប្បធម៌ និងវិស័យសេវាកម្ម។ល។

កូរ៉េខាងត្បូងមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីលើកកំពស់សមត្ថភាពបច្ចេកវិទ្យារបស់វៀតណាមក្នុងវិស័យឧស្សាហកម្ម។ កិច្ចសហប្រតិបត្តិការលើគោលដៅនាពេលអនាគតដូចជាការធ្វើឱ្យកាបូនអព្យាក្រឹតត្រឹមឆ្នាំ ២០៥០ និងការផ្លាស់ប្តូរឌីជីថលក៏មានសារៈសំខាន់ផងដែរ។ ខ្ញុំសង្ឃឹមថាអនាគតជំនាន់ក្រោយនៃប្រទេសទាំងពីរនឹងដើរតួនាទីសំខាន់ក្នុងគោលដៅអនាគតទាំងនេះ។

អ្នកយកព័ត៌មាន៖ បច្ចុប្បន្ននេះ ប្រទេសកូរ៉េខាងត្បូង កំពុងអនុវត្តគោលនយោបាយការបរទេសសំខាន់ៗដូចជា “ចក្ខុវិស័យជាតិគន្លឹះសកល (GPS)” និង “គំនិតផ្តួចផ្តើមសាមគ្គីភាពកូរ៉េខាងត្បូង-អាស៊ាន (KASI)”។ លោកអាចចែករំលែកពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូង និងវៀតណាម ក្នុងគោលបំណងគាំទ្រគោលនយោបាយក្នុងទំនាក់ទំនងទ្វេភាគី និងពហុភាគី។

លោកប្រធានាធិបតី Yoon Suk Yeol៖ ខ្ញុំដឹងថា រហូតមកដល់ពេលចុងក្រោយនៃជីវិតរបស់ លោកប្រធានហូជីមិញ ដែលបានចាត់ទុកជាឪពុករបស់ប្រទេសជាតិវៀតណាម គាត់នៅតែឈឺឆ្អាលជាមួយនឹងបំណងប្រាថ្នា “ប្រទេសឯករាជ្យ ប្រជាជនមានសេរីភាព ប្រជាជនគ្រប់គ្នាមានអាហារហូបចុក និងស្លៀកពាក់ គ្រប់គ្រាន់ ហើយទទួលបានការសិក្សារៀនសូត្រ”។ ឥឡូវនេះ វៀតណាមកំពុងចូលរួមយ៉ាងសកម្មក្នុងរាល់សកម្មភាពសហប្រតិបត្តិការអន្តរជាតិដើម្បីសន្តិភាពពិភពលោក។ ទន្ទឹមនឹងនោះឆ្ពោះទៅរកគោលដៅ “ក្លាយជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៤៥”។ គោលដៅរបស់វៀតណាមនេះក៏ស្របនឹង KASI ដែលខ្ញុំបានប្រកាសនៅក្នុង “កិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-អាស៊ាន” ដែលបានធ្វើឡើងកាលពីខែវិច្ឆិកា ឆ្នាំមុន នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដើម្បីអនុវត្ត GPS របស់ប្រទេសកូរ៉េខាងត្បូង។

ដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមនេះគឺជាដំណើរទស្សនកិច្ចទ្វេភាគីលើកដំបូងរបស់ខ្ញុំទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង។ ដូច្នេះហើយ សំខាន់ជាងនេះទៅទៀត ដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់ប្រទេសវៀតណាមលើកនេះ មានន័យថា រួមជាមួយវៀតណាម ដែលជាដៃគូសំខាន់របស់កូរ៉េខាងត្បូង ចាប់ផ្តើមជាផ្លូវការនូវការអនុវត្តពេញលេញនៃ KASI។

ជាពិសេស កូរ៉េខាងត្បូងមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងឆ្ពោះទៅមុខជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងតំបន់មេគង្គ។ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងទំនាក់ទំនងកូរ៉េខាងត្បូង-អាស៊ាន ខ្ញុំសង្ឃឹមថាទំនាក់ទំនងកូរ៉េខាងត្បូង-អាស៊ាន នឹងត្រូវបានលើកកំពស់ដល់កម្រិតនៃ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ក្នុងឱកាសខួបលើកទី ៣៥ នៃការបង្កើតទំនាក់ទំនងកូរ៉េខាងត្បូង-អាស៊ាន នៅឆ្នាំ ២០២៤។ បន្ទាប់ពីកិច្ចប្រជុំកំពូលកូរ៉េខាងត្បូងនិងអាស៊ាន ដែលគ្រោងនឹងប្រារព្ធធ្វើនៅខែកញ្ញាឆ្នាំនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងស្នើដល់បណ្តាប្រទេសអាស៊ាននូវគំនិតផ្តួចផ្តើមជាក់លាក់ដើម្បីសម្រេចបាននូវគោលដៅនេះ។

ខ្ញុំសូមថ្លែងអំណរគុណចំពោះប្រទេសវៀតណាមក្នុងនាមជាអ្នកសម្របសម្រួលនៃទំនាក់ទំនងកិច្ចសន្ទនាកូរ៉េខាងត្បូង-អាស៊ាន ដែលបានបំពេញតួនាទីយ៉ាងល្អ ជាស្ពានរវាងប្រទេសកូរ៉េខាងត្បូង និងប្រទេសអាស៊ាន។ ខ្ញុំសង្ឃឹមថា ក្នុងដំណើរការអនុវត្ត KASI និងដើម្បីសម្រេចបាននូវគោលដៅនៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកូរ៉េខាងត្បូង-អាស៊ាន ក្នុងឆ្នាំខាងមុខ កូរ៉េខាងត្បូង និងវៀតណាម នឹងពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនាបន្ថែមទៀត។ ខ្ញុំមានទំនុកចិត្តថា តាមរយៈនេះ ប្រទេសទាំងពីរនឹងអាចចូលរួមចំណែកបន្ថែមទៀតដល់សន្តិភាព និងវិបុលភាពនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងអាស៊ានផងដែរ។

អ្នកយកព័ត៌មាន៖ វៀតណាម និងកូរ៉េខាងត្បូង មានភាពស្រដៀងគ្នាជាច្រើនក្នុងប្រវត្តិសាស្ត្រ និងវប្បធម៌។ ប្រការនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ នៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក។ តើលោកអាចឱ្យដឹងបានទេអំពីគោលនយោបាយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងក្នុងការជំរុញការផ្លាស់ប្តូរធនធានមនុស្ស និងការផ្លាស់ប្តូរប្រជាជនរវាងប្រទេសទាំងពីរ។

លោកប្រធានាធិបតី Yoon Suk Yeol៖ ការផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរគឺជាវិស័យមួយដែលឪពុករបស់ខ្ញុំក៏បានរួមចំណែកជាច្រើនផងដែរ ដូច្នេះខ្ញុំផ្ទាល់មានអារម្មណ៍ថ្មីខ្លាំងណាស់ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមលើកនេះ។ ឪពុកខ្ញុំជឿជាក់យ៉ាងមុតមាំថា ការផ្លាស់ប្តូរជំនាន់ក្រោយៗគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយមានបំណងចង់រួមចំណែកក្នុងការផ្លាស់ប្តូរការសិក្សាជាមួយវៀតណាម។

ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ដោយសារការខិតខំប្រឹងប្រែងដ៏មានតម្លៃរបស់គ្រប់វណ្ណៈសង្គមក្នុងប្រទេសទាំងពីរ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរបានមានការបោះជំហានទៅមុខគួរឱ្យកត់សម្គាល់។

បច្ចុប្បន្នមានជនជាតិកូរ៉េខាងត្បូងប្រមាណ ១៧ ម៉ឺននាក់កំពុងរស់នៅក្នុងប្រទេសវៀតណាម។ នេះក៏ជាសហគមន៍កូរ៉េខាងត្បូងដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ផងដែរ។ បច្ចុប្បន្ននេះ មានគ្រួសារជនជាតិកូរ៉េខាងត្បូង-វៀតណាម ប្រមាណ ៦,៥០០ គ្រួសារនៅក្នុងប្រទេសវៀតណាម និងជាង ៨០,០០០ គ្រួសារជនជាតិកូរ៉េខាងត្បូង-វៀតណាម ដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។

រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងផ្តល់ការគាំទ្រខាងច្បាប់គោលនយោបាយ ដើម្បីឱ្យការផ្លាស់ប្តូរប្រជាជនរវាងប្រទេសទាំងពីរអាចអភិវឌ្ឍបន្ថែមទៀត។ ក្នុងដំណើរបំពេញទស្សនកិច្ចនៅវៀតណាមលើកនេះ ខ្ញុំនឹងរួមដៃជាមួយថ្នាក់ដឹកនាំកំពូលរបស់វៀតណាម ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីធានាថា ប្រជាជននៃប្រទេសទាំងពីរអាចទៅលេងគ្នាទៅវិញទៅមកប្រកបដោយភាពងាយស្រួល និងមានសុខសុវត្ថិភាព និងសុភមង្គល។

អ្នកយកព័ត៌មាន៖ អរគុណច្រើនលោកប្រធានាធិបតី!

បកប្រែដោយ Minh Trung