នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Petr Fiala នាយករដ្ឋមន្ត្រីឆែកមកកាន់អាស៊ី ចាប់តាំងពីចូលកាន់តំណែងនៅចុងឆ្នាំ ២០២១ និងជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋាភិបាលឆែកនៅប្រទេសវៀតណាមក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក។

ថ្វីត្បិតតែវៀតណាម និងសាធារណៈរដ្ឋឆែកមានភូមិសាស្ត្រឆ្ងាយពីគ្នាក៏ដោយ ក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ។ ប្រទេសឆែក គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងដែលបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម (ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩៥០)។ ក្នុងរយៈពេលច្រើនទសវត្សរ៍កន្លងមកនេះ ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរតែងតែត្រូវបានរក្សា និងអភិវឌ្ឍ។ ប្រជាជនវៀតណាមចងចាំជានិច្ចនូវការគាំទ្រ និងជំនួយដ៏មានតម្លៃរបស់ប្រជាជនឆែក ក្នុងបុព្វហេតុការពារមាតុភូមិនាអតីតកាល និងបុព្វហេតុកសាង ការពារជាតិនាពេលក្រោយមក។ កម្មាភិបាល វិស្វករ និងពលករវៀតណាមរាប់ពាន់នាក់ទៅសិក្សារៀនសូត្រ និងធ្វើការនៅប្រទេសឆែក។ ឆែកក៏ជាប្រទេសតំបន់អឺរ៉ុបកណ្ដាលនិងអឺរ៉ុបខាងកើតដំបូងគេដែលបានផ្តល់ទុនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដល់វៀតណាម។ នេះគឺជាមូលដ្ឋានដ៏អំណោយផលមួយដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាម-ឆែក។ បច្ចុប្បន្ន ប្រទេសទាំងពីរក៏រក្សាជំនួបលើគ្រប់លំដាប់ថ្នាក់ និងសហការយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគីក្នុងតំបន់ និងជុំវិញពិភពលោកផងដែរ។

leftcenterrightdel
លោក Petr Fiala នាយករដ្ឋមន្ត្រីឆែក (រូបថត៖ vnanet.vn)

បច្ចុប្បន្ននេះ សេដ្ឋកិច្ចរបស់វៀតណាម និងឆែកកំពុងអភិវឌ្ឍដោយធ្វើសមាហរណកម្មសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅទៅក្នុងតំបន់ និងពិភពលោក។ នេះជាឱកាសអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ ទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ២០២២ ដោយសម្រេចបាន ៨៤៨ លានដុល្លារអាមេរិក កើនឡើង ១៥% បើធៀបនឹងឆ្នាំ២០២១។ ទំនិញដែលវៀតណាមនាំចេញទៅឆែករួមមាន កាហ្វេ ម្រេច ផ្លែឈើស្ងួត សណ្ដែកដី តែ អង្ករ កៅស៊ូ ជាដើម ចំណែកទំនិញដែលវៀតណាមនាំចូលមកមានគ្រឿងអេឡិចត្រូនិក សារធាតុគីមី សម្លៀកបំពាក់ វាយនភណ្ឌ ស្បែក គ្រឿងម៉ាស៊ីន សម្ភារៈ ... បច្ចុប្បន្ន ឆែកមានគម្រោង FDI ចំនួន ៤១ នៅប្រទេសវៀតណាម ដែលមានទុនសរុប ៩២ លានដុល្លារអាមេរិក ដោយផ្តោតទៅលើឧស្សាហកម្មកែច្នៃ ផលិតកម្ម និងការរុករករ៉ែ។ល។

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យការពារជាតិតាំងពីឆ្នាំ ២០១២ មកម៉្លេះ។ ការបើកការិយាល័យអនុព័ន្ធយោធាប្រចាំវៀតណាមក្នុងខែសីហា ឆ្នាំ២០២០ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ ចូលរួមចំណែកបង្កើនការយោគយល់គ្នា និងការជឿទុកចិត្តគ្នា បង្កើតលក្ខខណ្ឌអំណោយផលដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិទាំងពីរលើវិស័យ៖ កិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាល ការស្រាវជ្រាវវិទ្យាសាស្ត្រ ការពារដែនអាកាស-ទ័ពជើងអាកាស ឧស្សាហកម្មការពារជាតិ ...

ចំណុចភ្លឺនៃទំនាក់ទំនងរវាងប្រទេសទាំងពីរគឺកិច្ចសហប្រតិបត្តិការលើវិស័យពលកម្ម។ ក្នុងបរិបទនៃកង្វះកម្លាំងពលកម្ម ឆែកមានតម្រូវការទទួលពលករវៀតណាមដែលជាពិសេសវិស័យសុខាភិបាល។ ទន្ទឹមនឹងនោះ ប្រទេសទាំងពីរក៏ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម វិទ្យាសាស្ត្រ-បច្ចេកវិទ្យា បរិស្ថាន ការទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុ ថាមពល ការអប់រំ-បណ្តុះបណ្តាល វប្បធម៌ ទេសចរណ៍ និងការវិនិយោគ។ល។

សហគមន៍ជនជាតិវៀតណាមនៅឆែកមានសមាជិកជិត ១០ ម៉ឺននាក់ ហើយជាសហគមន៍ជនជាតិវៀតណាមដំបូងនៅបរទេសដែលត្រូវបានទទួលស្គាល់ជាជនជាតិភាគតិចក្នុងឆ្នាំ ២០១៣។ សហគមន៍ជនជាតិវៀតណាមនៅឆែក បានចូលរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយត្រូវបានរដ្ឋាភិបាលឆែកវាយតម្លៃខ្ពស់ និងបង្កើតលក្ខខណ្ឌអំណោយផលក្នុងការធ្វើការ រកស៊ី និងរស់នៅក្នុងប្រទេសម្ចាស់ផ្ទះ។

ជាមួយនឹងទំនាក់ទំនងសហប្រតិបត្តិការជាប្រពៃណី និងទូលំទូលាយលើគ្រប់វិស័យ ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក Petr Fiala នាយករដ្ឋមន្ត្រីឆែក បង្ហាញពីការយកចិត្តទុកដាក់ និងបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី។ យើងជឿជាក់ថា ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក Petr Fiala នាយករដ្ឋមន្ត្រីឆែក នឹងទទួលបានជោគជ័យ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខ អប់រំ-បណ្តុះបណ្តាល ក៏ដូចជាការផ្លាស់ប្តូរអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា៕

បកប្រែដោយ Thuy Anh