ភ្លាមៗបន្ទាប់ពីមកដល់ទីក្រុង Labuan Bajo លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី។

វាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាអ្នកជិតខាង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា

ក្នុងជំនួបនេះផងដែរ លោក Pham Minh Chinh បានថ្លែងកោតសរសើរចំពោះការបើកព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយភាពជោគជ័យ និងអស្ចារ្យ។ ព្រមទាំងជឿជាក់យ៉ាងមោះមុតថា កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅខែកក្កដា ប្រកបដោយជោគជ័យ រួមចំណែកលើកកំពស់កិត្តិយសរបស់កម្ពុជា នៅក្នុងតំបន់ និងនៅលើពិភពលោក។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម ជួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងអ្នកជិតខាងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម។ អរគុណវៀតណាមដែលបានយកចិត្តទុកដាក់ គាំទ្រ និងបញ្ជូនថ្នាក់ដឹកនាំទៅចូលរួមពិធីបើកកីឡាស៊ីហ្គេម ហើយពិតជារំភើបណាស់ដែលដឹងថា មានប្រជាជនវៀតណាមជាច្រើនបានមកទស្សនាកីឡាស៊ីហ្គេមលើកទី៣២ រួមចំណែកធ្វើឱ្យស៊ីហ្គេមទទួលបានជោគជ័យ។

ភាគីទាំងពីរបានឯកភាពអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការ ការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចទាំងពីរ រួមចំណែកជួយគ្នាទៅវិញទៅមកដើម្បីកសាងសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង ផ្សារភ្ជាប់ជាមួយនឹងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ ជាក់ស្តែង និងមានប្រសិទ្ធភាព។ ភាគីទាំងពីរបានឯកភាពបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សកម្មភាពវិនិយោគ និងកិច្ចសហប្រតិបត្តិការអាជីវកម្មរបស់សហគ្រាសនៃប្រទេសទាំងពីរ ជាពិសេសលើវិស័យដូចជា ពាណិជ្ជកម្មតាមព្រំដែន និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមតំបន់ព្រំដែន ការអប់រំ-បណ្តុះបណ្តាល... ភាគីទាំងពីរក៏បានឯកភាពគ្នាសហការគ្នាយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព ដើម្បីកសាងសហគមន៍អាស៊ានប្រកបដោយសាមគ្គីភាព ឯករាជ្យ មានភាពធន់ និងវិបុលភាព។

នាំឱ្យទំនាក់ទំនងវៀតណាម-ឥណ្ឌូណេស៊ី ឡើងកំពស់ថ្មីមួយ

លោក Joko Widodo ក្នុងជំនួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានវាយតម្លៃខ្ពស់ចំពោះការដែលឥណ្ឌូនេស៊ី ជ្រើសយកទីក្រុង Labuan Bajo ជាទីកន្លែងសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ ហើយជឿជាក់ថា កិច្ចប្រជុំនេះនឹងជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ទីក្រុងដើម្បីការអភិវឌ្ឍប្រកបដោយភាពរុងរឿងនាពេលអនាគត។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម ជួបពិភាក្សាទ្វេភាគីជាមួយលោក Joko Widodo ប្រធានាធិបតី ឥណ្ដូនេស៊ីនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២

ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះរាល់ជំហានអភិវឌ្ឍដ៏រឹងមាំលើគ្រប់វិស័យក្នុងរយៈពេលកន្លងមក។ ឯកភាពជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏រឹងមាំ បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម- ឥណ្ឌូនេស៊ី ឡើងកំពស់ថ្មី ហើយនិងបានបញ្ជាក់ថា ទំនាក់ទំនងរបស់ប្រទេសទាំងពីរមានលក្ខណៈជាយុទ្ធសាស្ត្រ មិនត្រឹមតែសម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ទៀតផង។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងគ្រប់លំដាប់ថ្នាក់ អនុវត្តការប្រារព្ធខួបលើកទី ១០  នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០២៣ ជំរុញប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការទ្វេភាគី រួមទាំងគណៈកម្មាធិការសហប្រតិបត្តិការទ្វេភាគីវៀតណាម-ឥណ្ឌូនេស៊ី និងគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានស្នើឱ្យប្រទេសទាំងពីររក្សាសន្ទុះនៃកំណើនពាណិជ្ជកម្ម ដោយខិតខំនាំឱ្យទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៥ ពាន់លានដុល្លារ ឬខ្ពស់ជាងនេះមុនឆ្នាំ ២០២៨ និងឆ្ពោះទៅរកទិសដៅមានតុល្យភាពជាងមុន។ លោកនាយករដ្ឋមន្រ្តីស្នើសុំឱ្យឥណ្ឌូណេស៊ីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញវៀតណាមចូលទីផ្សាររបស់ប្រទេសនេះ និងពង្រឹងកិច្ចសហប្រតិបត្តិការដែនសមុទ្រ រួមទាំងការដាក់ពង្រាយបណ្តាញទូរស័ព្ទបន្ទាន់ ដើម្បីគាំទ្រសកម្មភាពជលផល និងការចែករំលែកព័ត៌មានស្តីពីការអនុវត្តច្បាប់នៅសមុទ្រ។

ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជាការផ្លាស់ប្តូរថាមពល ការផ្លាស់ប្តូរឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធជាដើម។

ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ លោក Pham Minh Chinh បានអះអាងថា វៀតណាមនឹងបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រឥណ្ឌូណេស៊ីដើម្បីទទួលជោគជ័យក្នុងតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២៣ និងរួមចំណែកពង្រឹងសាមគ្គីភាព ឯកភាព ភាពខ្លួនទីពឹងខ្លួន និងមជ្ឈភាពនៃអាស៊ាន។

ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីរបានអះអាងសារជាថ្មីនូវការគាំទ្រចំពោះការរក្សាឯកភាព មជ្ឈភាព និងគោលជំហររួមរបស់អាស៊ានលើបញ្ហានេះ អនុវត្តយ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងជំរុញការសម្រេចបាននូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព និងអនុលោមតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២៕

បកប្រែដោយ Minh Trung