ក្នុងកម្មវិធីការងារនៅទីក្រុង Labuan Bajo ក្រៅពីការចូលរួមសម័យប្រជុំពេញអង្គ និងសម័យប្រជុំចង្អៀតនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ នោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏នឹងអញ្ជើញចូលរួមកិច្ចសន្ទនារវាងថ្នាក់ដឹកនាំ អាស៊ានជាមួយតំណាងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ក្រុមប្រឹក្សាធុរកិច្ច អាស៊ាន (ABAC) និងក្រុមការងារពិសេសជាន់ខ្ពស់ (HLTF) ទទួលបន្ទុកចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥។

leftcenterrightdel
ពិធីទទួលលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូវៀតណាម (រូបថត៖ VOV)

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំអាស៊ានបានឲ្យដឹងថា៖ “ភារកិច្ចមួយក្នុងចំណោមភារកិច្ចសំខាន់របស់វៀតណាម នោះ គឺចូលរួមជាមួយបណ្តាប្រទេសអាស៊ានផ្សេងទៀតក្នុងការតាក់តែងសេចក្ដីព្រាងឯកសារចំនួនពីរនៃសេចក្តីថ្លែងការណ៍រួម។ សេចក្តីព្រាងទីមួយគឺសេចក្តីថ្លែងការណ៍របស់មេដឹកនាំបណ្ដាប្រទេសអាស៊ានស្តីពីចក្ខុវិស័យសម្រាប់ការកសាងសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ ដោយបញ្ជាក់ជាថ្មីម្តងទៀតនូវលក្ខណៈវិនិច្ឆ័យ និងទិសដៅសំខាន់ៗសម្រាប់ ការកសាងសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ដែលបំពេញបន្ថែមនូវកត្តាថ្មីៗដូចជា ការផ្តោតទៅលើមនុស្ស យកមនុស្សជាមជ្ឈភាព។ សេចក្តីថ្លែងការណ៍ទី២ គឺផ្តោតលើការពង្រឹងប្រសិទ្ធភាព សមត្ថភាព និងស្ថាប័នរបស់អាស៊ាន។ លើសពីនេះ មេដឹកនាំអាស៊ានក៏គ្រោងនឹងចេញសេចក្តីថ្លែងការណ៍រួមស្តីពីការប្រយុទ្ធប្រឆាំងនឹងបទល្មើស បច្ចេកវិទ្យាក្នុងការជួញដូរមនុស្សផងដែរ”។

កាលពីម្សិលមិញ គេហទំព័រ eurasiareview.com បានចុះផ្សាយអត្ថបទមួយដែលលើកឡើងពីការរួមចំណែករបស់វៀត​ណាម​ក្នុងអាស៊ាន ដោយសង្កត់ធ្ងន់ថា វៀតណាមបានខិតខំប្រឹងប្រែងដើម្បីធានាសន្តិភាព និងការផ្សះផ្សារវាងបណ្តាប្រទេស អាស៊ាន ហើយជំរុញជំហរក៏ដូចជាសំឡេងរួមលើបញ្ហាក្នុងតំបន់។ វៀតណាមក៏រួមចំណែកក្នុងការពង្រីកទំនាក់ទំនង ជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងដៃគូនានា ក៏ដូចជាលើកកំពស់តួនាទីអន្តរជាតិរបស់អាស៊ានផងដែរ។

ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត វៀតណាមនិងសមាជិកអាស៊ានដទៃទៀតបានប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយវិវាទដោយសន្តិវិធី គោរពតាមបទប្បញ្ញត្តិដែលមានចែងក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍៕

តាម​ vovworld.vn