លោក សៅ សុខា នឹងបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
កប.អនឡាញ - នារសៀលថ្ងៃទី០៨ ខែឧសភាឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារសំឡេងអំពាវនាវសុំឲ្យនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រងកងយោធពលខេមរភូមិន្ទមេបញ្ជាការរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាឲ្យបន្ដដឹកនាំការងារនេះតទៅមុខទៀត។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានសម្ដែងនូវការសោកស្ដាយចំពោះការសម្រេចចិត្តរបស់នាយឧត្តមសេនីយ៍ សៅ សុខា។ ព្រមទាំងសម្ដេចតេជោនាយករដ្ឋមន្ដ្រី បានកត់សម្គាល់ឃើញថា ចាប់តាំងពីនាយឧត្តមសេនីយ៍ សៅ សុខា ទទួលបានតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានធ្វើឲ្យកីឡាបាល់ទាត់កម្ពុជាមានការរីកចម្រើនឈានឡើងជាលំដាប់បើទោះបីការលេងមានលទ្ធផលមិនទាន់ដូចការចង់បានយ៉ាងណាក្ដី ប៉ុន្ដែបច្ចុប្បន្នកីឡាបាល់ទាត់កម្ពុជាបានដើរចេញឆ្ងាយពីចំណុចដែលយើងមិនទាន់មានកាលពីពេលមុន។
សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវថា ក្នុងឋានៈជានាយករដ្ឋមន្ដ្រីខ្ញុំសូមអំពាវនាវចំពោះនាយឧត្តមសេនីយ៍ សៅ សុខា បន្ដការធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់បន្ដទៀតហើយនេះមិនមែនជាបញ្ហាដាច់ដោយឡែករបស់ខ្ញុំតែនេះជាបញ្ហារួមដែលខ្ញុំតំណាងឲ្យរាជរដ្ឋាភិបាលអំពាវនាវឲ្យនាយឧត្តមសេនីយ៍ សៅ សុខា បន្ដតួនាទីនេះជាមួយនឹងការចង់បានកីឡាករកីឡាការិនីកីឡាបាល់ទាត់និងប្រជាពលរដ្ឋដែលគាំទ្រកីឡាបាល់ទាត់ផងដែរ។
    |
 |
នាយឧត្តមសេនីយ៍ សៅ សុខា (រូបថត៖ FFC) |
ឆ្លើយតបការអំពាវនាវរបស់ប្រមុខរាជារដ្ឋាភិបាល នាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសគោរពតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាដោយបន្ដធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដដែល។ នេះលិខិតឆ្លើយតបនៅល្ងាចថ្ងៃទី០៨ខែឧសភាឆ្នាំ២០២៣ ។
ក្នុងលិខិតនោះ នាយឧត្តមសេនីយ៍ សៅសុខា បានបញ្ជាក់យ៉ាងដូច្នេះថា៖ "ខ្ញុំបាទសូមគោរពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់ភក្តីបំផុត និងសូមគោរពបងប្អូនទស្សនិកជនស្នេហាកីឡាបាល់ទាត់កម្ពុជា ក្រុមហ៊ុនអ្នកឧបត្ថម្ភ បណ្តាញផ្សព្វផ្សាយនិងមិត្តភក្ដិបរទេសទាំងអស់រួមនិងសេចក្តីថ្លែងការណ៍គាំទ្រអំពាវនាវឲ្យខ្ញុំបន្តតំណែងដឹកនាំកីឡាបាល់ទាត់កម្ពុជាពីសំណាក់ក្រសួងអប់រំយុវជននិងកីឡា ព្រមទាំងក្រុមហ៊ុនអ្នកឧបត្ថម្ភ។ល។បន្ទាប់ពីខ្ញុំបាទបានប្រកាសលាលែងតំណែងពីប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាកាលពីរាត្រីថ្ងៃអាទិត្យទី ៧ ខែឧសភាឆ្នាំ២០ ២៣។
ខ្ញុំសូមគោរពទទួលយកនូវការអំពាវនាវពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបងប្អូនអ្នកនិយមស្នេហាវិស័យកីឡាបាល់ទាត់ ព្រមទាំងក្រសួងអប់រំយុវជននិងកីឡាក្រុមហ៊ុនអ្នកឧបត្ថម្ភបណ្តាញផ្សព្វផ្សាយ និងមិត្តភក្ដិបរទេសទាំងអស់ដើម្បីបន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជាទៅតាមអាណត្តិនៃការបោះឆ្នោតរបស់ខ្លួន។
ឆ្លើយតបទៅនឹងទំនុកចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន និងបងប្អូនអ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជាខ្ញុំសូមធ្វើការអំពាវនាវចំពោះក្លិប សមាគមជាសមាជិកសហព័ន្ធកីឡាបាល់ទាត់កម្ពុជាមន្ត្រីបុគ្គលិកគ្រូបង្វឹកអាជ្ញាកណ្តាលកីឡាករត្រូវបន្តធ្វើកំណែទម្រង់លើគ្រប់ផ្នែកដើម្បីភាពជឿនលឿនថ្មីសម្រាប់វិស័យបាល់ទាត់នៅកម្ពុជាដើម្បីសុខភាពមិត្តភាព និងកិត្តិយសជាតិតាមរយៈការប្រកួតកីឡាបាល់ទាត់ជាលក្ខណៈអន្តរជាតិសម្រាប់អនាគតកាល"។
សូមបញ្ជាក់ថា បន្ទាប់ពីការប្រកួតបាល់ទាត់រវាងកម្ពុជានិងមីយ៉ាន់ម៉ាហើយទទួលបានលទ្ធផលមិនល្អនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានសុំលាលែងចេញពីតំណែង។ ប៉ុន្ដែក្រោយការសម្រេចចិត្តនេះមានមនុស្សជាច្រើនបានបង្ហាញខកចិត្តនិងបង្ហាញពីការសោកស្ដាយចំពោះនាយឧត្តមសេនីយ៍ សៅ សុខា ដែលដឹកនាំធ្វើឲ្យមានការរីកចម្រើនរបស់កីឡាបាល់ទាត់កម្ពុជា ៕
បកប្រែដោយ Thanh Cong