ក្នុងបរិយាកាសមនុស្សម្នាកាន់ទង់ជាតិ និងផ្កាចម្រុះពណ៌ យើងខ្ញុំបានជួបបណ្តាអតីតយុទ្ធជនដែលជាយុទ្ធជន Dien Bien កាលពីអតីតកាល។ ទោះបីពួកគេមានអាយុច្រើនហើយក៏ដោយ ប៉ុន្តែនៅពេលរំលឹកឡើងវិញពីប្រវត្តិសាស្ត្រ ពូកគេរំភើបចិត្តណាស់។ អតីតយុទ្ធជន Bui Van Tinh (អាយុ ៩៥ ឆ្នាំ) នៅសង្កាត់ Muong Thanh ទីក្រុង Dien Bien Phu បានរៀបរាប់ថា៖ “កាលពីមុន ខ្ញុំជាយុទ្ធជននៃកងវរសេនាធំលេខ ១៧៤ អង្គទ័ពលេខ ៣១៦ ចូលរួមក្នុងយុទ្ធនាការ Dien Bien Phu។ ក្នុងអំឡុងពេលប្រយុទ្ធវាយយកទួលភ្នំ A1 ខ្ញុំរួមជាមួយមិត្តរួមប្រយុទ្ធ បង្កើតគ្រឿងផ្ទុះដើម្បីវាយប្រហារលេនដ្ឋានរបស់សត្រូវ។ យុទ្ធនាការ Dien Bien Phu បានទទួលជ័យជំនះទាំងស្រុង ខ្ញុំបំពេញភារកិច្ចបោសសម្អាតសមរភូមិ។ ប្រទេសទទួលបានសន្តិភាព ខ្ញុំបាននាំគ្រួសារខ្ញុំពីខេត្ត Hai Phong ទៅខេត្ត Dien Bien រស់នៅរហូតមកទល់បច្ចុប្បន្ននេះ”។

leftcenterrightdel
គណៈកម្មការរៀបចំ សួរសុខទុក្ខ និងផ្តល់អំណោយជូនអតីតយុទ្ធជន

លោកតា Bui Van Tinh គឺជាអតីតយុទ្ធជនម្នាក់ក្នុងចំណោមអតីតយុទ្ធជនចំនួន ១២៥ នាក់ដែលចូលរួមក្នុងយុទ្ធនាការ Dien Bien Phu បច្ចុប្បន្នរស់នៅនៅខេត្ត Dien Bien។ ក្នុងឱកាសនេះ គណៈកម្មការរៀបចំ បានអញ្ជើញអតីតយុទ្ធជន មកទទួលអំណោយដ៏មានអត្ថន័យ សួរសុខភាព និងលើកទឹកចិត្តដល់ស្មារតី។ ដើម្បីរីកសាយភាយអត្ថន័យសង្គម គណៈកម្មការរៀបចំបានផ្តល់អំណោយចំនួន ៤០០ ដល់អតីតយុទ្ធជន អតីតយុវជនស្ម័គ្រចិត្ត និងអតីតជនស៊ីវិលជួរមុខ ដែលបានប្រយុទ្ធនៅសមរភូមិ Dien Bien Phu។ លោក Nguyen Van Ky (អាយុ ៩៣ ឆ្នាំ) នៅឃុំ Thanh Xuong ទីក្រុង Dien Bien Phu បានចែករំលែកថា៖ “ដោយឃើញបរិយាកាសអបអរសាទរខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu និងស្វាគមន៍ក្រុមប្រណាំង ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់។ ជាពិសេស គណៈកម្មការរៀបចំបានសម្តែងនូវការដឹងគុណចំពោះអតីតយុទ្ធជន ដែលជាប្រភពលើកទឹកចិត្តឱ្យពួកយើងមានសេចក្តីរីករាយកាន់តែច្រើនក្នុងជីវភាពរស់នៅ”។

ក្នុងក្របខ័ណ្ឌនៃការប្រណាំង អង្គភាពដៃគូក៏បានផ្តល់អំណោយដ៏មានអត្ថន័យជាច្រើនផងដែរ។ ដើម្បីជួយឱ្យមូលដ្ឋានមានសម្ភារៈបរិក្ខារសម្រាប់ការពិនិត្យសុខភាពជូនប្រជាជន និងកម្មាភិបាល យុទ្ធជននគរបាលនៃខេត្ត Dien Bien សាជីវកម្មប្រេង និងឧស្ម័នជាតិវៀតណាមបានឧបត្ថម្ភថវិកាជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យ របស់នគរបាលខេត្ត Dien Bien ជាមួយទឹកប្រាក់ចំនួន ៥ ពាន់លានដុង។ ក្នុងស្មារតីដើម្បីសិស្សានុសិស្សជាទីស្រលាញ់ ធនាគារពាណិជ្ជកម្ម Bac A បានប្រគល់ថវិកាជួយឧបត្ថម្ភសាងសង់សាលាសម្រាប់ខេត្ត Dien Bien ដែលមានតម្លៃ ៦.៥ ពាន់លានដុង។ល។

លោក Vu A Bang អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dien Bien បានបញ្ជាក់ថា៖ “ការប្រណាំងកង់មិនត្រឹមតែជាសកម្មភាពកីឡាប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យសង្គមយ៉ាងជ្រាលជ្រៅជាច្រើនទៀតផង។ គណៈកម្មការរៀបចំបានមានសកម្មភាពសម្តែងនូវការដឹងគុណ និងសកម្មភាពស្ម័គ្រចិត្តជាច្រើន ដើម្បីជួយរីកសាយភាយអត្ថន័យមនុស្សសាស្ត្រនៃការប្រណាំង លើកតម្កើងមោទនភាព និងលើកទឹកចិត្តមនុស្សជំនាន់នេះឱ្យបន្តកសាងមាតុភូមិដ៏រុងរឿងមួយ”៕

បកប្រែដោយ Huyen Trang