ដោយសារតែគ្រួសារមានកូនក្នុងបន្ទុកច្រើន ថែមទាំងគ្មានដីសម្រាប់បង្កបង្កើនផល បានជាប្រាក់ចំណូលរបស់ពួកគេភាគច្រើនបានមកពីការស៊ីឈ្នួលឱ្យគេម្តងម្កាល ហេតុដូច្នេះហើយគ្រួសាររបស់លោក Phan Van Binh និងលោកស្រី Son Thi Tuyet ជនរួមជាតិខ្មែរ បានជាប់ក្នុងបញ្ជីគ្រួសារក្រីក្រ និងជិតបន្ទាត់ក្រីក្រនៅភូមិ Phuoc Phong ឃុំ Phu Tan ស្រុក Chau Thanh ជាច្រើនឆ្នាំមកហើយ។ ថ្មីៗនេះគ្រួសារគាត់ទទួលបានថវិកាឧបត្ថម្ភចំនួន ៣០ លានដុងសម្រាប់ជួសជុលផ្ទះដែលរងការទ្រុឌទ្រោមជាយូរហើយ ថែមទាំងកំពុងស្ថិតក្នុងបញ្ជីសម្រាប់ពិចារណាឱ្យទទួលបានជំនួយគឺកូនគោចំនួន ២ ក្បាល ពីកម្មវិធីគោលដៅជាតិផងដែរ ដូច្នេះហើយបានជាប្តីប្រពន្ធរំភើបចិត្តជាខ្លាំង។ លោក Binh បានចែករំលែកថា ជាមួយនឹងស្ថានភាពសេដ្ឋកិច្ចល្អប្រសើរជាង បាននាំឱ្យជីវភាពរស់នៅរបស់គ្រួសារមានស្ថិរភាព ផ្តើមពីនោះលោកបានប្តេជ្ញាចិត្តនឹងខិតខំធ្វើការឱ្យរួចផុតពីភាពក្រីក្រនាពេលឆាប់ៗនេះ។

Chau Thanh គឺជាស្រុកមួយដែលមានជនរួមជាតិភាគតិចច្រើន ដោយជនជាតិខ្មែរមានប្រមាណជិត ៤៨ %។ ជាមួយនឹងការដឹកនាំ ការយកចិត្តទុកដាក់ និងការតម្រង់ទិសដៅយ៉ាងជិតស្និទ្ធរបស់ខេត្ត ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការបក្ស អាជ្ញាធរដែនដី និងប្រជាជនក្នុងស្រុក បានជារាល់វិស័យសេដ្ឋកិច្ចសង្គមរបស់ស្រុក Chau Thanh ទទួលបានលទ្ធផលយ៉ាងទូលំទូលាយ ជីវភាពរស់នៅរបស់ប្រជាជនបានមានការផ្លាស់ប្តូរ ហើយគុណភាពជីវិតកាន់តែល្អប្រសើរឡើង។

leftcenterrightdel
ជនរួមជាតិខ្មែរប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ. រូបភាពជាឧទាហរណ៍

លោក Ly Lai ជាបុគ្គលម្នាក់ដ៏មានកិត្យានុភាពនៅទីរួមស្រុក Chau Thanh ស្រុក Chau Thanh មានប្រសាសន៍ថា បក្ស រដ្ឋរបស់យើងតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនជនរួមជាតិខ្មែរ។ ខណៈពេលមានគោលនយោបាយថ្មី អាជ្ញាធរមូលដ្ឋានតែងតែឃោសនាឲ្យប្រជាពលរដ្ឋយល់ជ្រាបឱ្យបានទាន់ពេល ជាពិសេសការសម្របសម្រួលជាមួយបុគ្គលដែលមានកិត្យានុភាព គណៈចៅអធិការវត្តដើម្បីផ្សព្វផ្សាយ ធ្វើយ៉ាងណាឱ្យគោលនយោបាយ និងគោលការណ៍ណែនាំទាំងនោះចូលដល់ជីវភាពប្រជាពលរដ្ឋ។ នៅពេលដែលប្រជាពលរដ្ឋយល់ច្បាស់ ពួកគេនឹងអនុវត្តយ៉ាងសកម្ម និងធ្វើសកម្មភាពក្នុងផលិតកម្ម និងអាជីវកម្ម ខិតខំរួមគ្នាអភិវឌ្ឍ និងថែរក្សាវប្បធម៌ប្រពៃណីឱ្យរីកចម្រើនជាបន្តបន្ទាប់។

នាពេលថ្មីៗនេះ បងប្អូនជនរួមជាតិខ្មែរនៅស្រុក Chau Thanh ក៏បានផ្តោតការយកចិត្តទុកដាក់លើការជំរុញការកែទម្រង់ ការរៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មឡើងវិញ ឆ្ពោះទៅរកការបង្កើនតម្លៃបន្ថែម និងការអភិវឌ្ឍប្រកបដោយចីរភាពដោយផ្សារភ្ជាប់ជាមួយនឹងការកសាងជនបទថ្មី។ ផ្តើមពីផលិតកម្មកសិកម្មខ្នាតតូចតាមបែបប្រពៃណីនាពេលកន្លងមក ប្រជាជនបានងាកមកពង្រីកទំហំ និងពង្រឹងការតភ្ជាប់ខ្សែសង្វាក់តម្លៃ ការធ្វើផលិតកម្មផ្សារភ្ជាប់ជាមួយនឹងការប្រើប្រាស់ផលិតផល ការផលិតទំនិញស្អាត និងសុវត្ថិភាព ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បង្កើតបានជាកសិផលគុណភាពខ្ពស់ ដោយហេតុនេះជួយបង្កើនតម្លៃផលិតកម្មជាមធ្យមលើផ្ទៃដីកសិកម្ម ១ ហិកតា ដល់ជាង ១៥០ លានដុង ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់នៅជនបទសម្រេចបានជាង ៦១ លានដុង។

លោក Huynh Savet នៅភូមិ Tra Canh B ឃុំ Thuan Hoa ស្រុក Chau Thanh បានឲ្យដឹងថា ការធ្វើកសិកម្មបច្ចុប្បន្នមានការរីកចម្រើនខ្លាំងបើធៀបនឹងរយៈពេលជាង១០ ឆ្នាំមុន។ ធ្វើកសិកម្មដោយប្រើម៉ាស៊ីន គ្រឿងយន្តលើគ្រប់ដំណាក់កាលទាំងស្រុងហើយ។

យោងតាមថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត Soc Trang ក្នុងឆ្នាំ ២០២៥ ខេត្តបានអនុវត្តគោលនយោបាយរបស់បក្ស និងរដ្ឋប្រកបដោយភាពស៊ីសង្វាក់គ្នា បង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានក្នុងជីវភាពសេដ្ឋកិច្ចសង្គមរបស់ជនរួមជាតិខ្មែរ។ រូបរាង មុខមាត់នៃតំបន់ជនជាតិភាគតិចកាន់តែប្រសើរឡើង ជីវិតខាងសម្ភារៈ និងខាងវិញ្ញាណត្រូវបានកែលម្អយ៉ាងខ្លាំង។ គិតត្រឹមខែមេសាឆ្នាំនេះ ចំនួនគ្រួសារខ្មែរក្រីក្របានថយចុះមកនៅត្រឹម ១,៩៦១ គ្រួសារ ស្មើនឹងប្រមាណ ១.៩% ហើយហេដ្ឋារចនាសម្ព័ន្ធត្រូវបានវិនិយោគ និងសាងសង់រួចរាល់។

មកទល់នឹងពេលនេះ ១០០% នៃឃុំក្នុងខេត្ត Soc Trang មានផ្លូវរថយន្តទៅកាន់មណ្ឌលឃុំ, ១០០% នៃឃុំ សង្កាត់ ក្រុង និងភូមិមានបណ្តាញអគ្គិសនីជាតិតមក មានចំនួន ៧៥/៨០ ឃុំត្រូវបានគេទទួលស្គាល់ថាបំពេញតាមស្តង់ដារជនបទថ្មី ដែលក្នុងនោះ ៣៨ ឃុំនៅតំបន់ជនជាតិភាគតិចទទួលបានស្តង់ដារជនបទថ្មី។ ឃុំចំនួន ១០ នៅតំបន់ជនជាតិភាគតិច ទទួលបានស្តង់ដារជនបទថ្មីជឿនលឿន។ អត្រាគ្រួសារជនបទនិយាយទូទៅ និងគ្រួសារជនជាតិភាគតិចនិយាយដោយឡែកប្រើប្រាស់ទឹកអនាម័យសម្រាប់ជីវភាពប្រចាំថ្ងៃ ឈានដល់ ៩៩.៨% ដែលក្នុងនោះ អត្រាគ្រួសារជនបទប្រើប្រាស់ទឹកស្អាតតាមស្តង់ដារ។ គុណភាពនៃការថែទាំសុខភាព និងការអប់រំត្រូវបានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំង។

លោកស្រី Ho Thi Cam Dao អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Soc Trang បានសង្កត់ធ្ងន់ថា សមិទ្ធផលទាំងនេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមរបស់គណៈកម្មាធិការបក្សទាំងមូល និងប្រជាជនខេត្ត Soc Trang ជាពិសេសការរួមចំណែកដ៏សំខាន់របស់ជនរួមជាតិខ្មែរ ឥស្សរជន និងព្រះសង្ឃ។ លោកស្រី Ho Thi Cam Dao ក៏បានអំពាវនាវឱ្យជនរួមជាតិខ្មែរ កម្មាភិបាល សមាជិកបក្ស យោធិន និងព្រះសង្ឃបន្តអនុវត្តឱ្យបានល្អប្រសើរនូវគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋ។ លើកតម្កើងប្រពៃណីសាមគ្គីភាពជាតិ ចូលរួមយ៉ាងសកម្មក្នុងចលនាត្រាប់តាមស្នេហាជាតិ កសាងជនបទថ្មី តំបន់ទីក្រុងស៊ីវិល័យ អភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ជាតិ លើកកម្ពស់ជីវភាពខាងស្មារតីរបស់សហគមន៍។

ក្នុងក្តីរីករាយ និងរំភើបនៃសេដ្ឋកិច្ចគ្រួសារ និងជីវភាពរស់នៅកាន់តែប្រសើរឡើងដោយសារតែរាល់គម្រោង គោលការណ៍ កម្មវិធីគោលដៅជាតិទទួលបានការវិនិយោគទាន់ពេលវេលាបានជួយឱ្យជនបទ និងតំបន់ជនជាតិភាគតិចក្នុងខេត្ត Soc Trang ផ្លាស់ប្តូរឥតឈប់ឈរ។ បន្ត និងជំរុញយ៉ាងខ្លាំងក្លានូវសមិទ្ធផលដែលសម្រេចបាន រួមជាមួយប្រទេសជាតិទាំងមូល ជនរួមជាតិខ្មែរនៅខេត្ត Soc Trang បន្តឈានទៅមុខ រួមចំណែកក្នុងការអភិវឌ្ឍរួមនៃខេត្ត៕

បកប្រែដោយ Minh Trung