វៀតណាម និងហ្វីលីពីន នាំមុខគេក្នុងវិស័យថាមពលកកើតឡើងវិញនៅអាស៊ីអាគ្នេយ៍
កប.អនឡាញ - វៀតណាម និងហ្វីលីពីន បានលេចចេញជាចំណុចភ្លឺពីរនៅក្នុងការផ្លាស់ប្តូរទៅថាមពលកកើតឡើងវិញ រួមចំណែកដល់ការបង្កើតអនាគតនៃថាមពលស្អាតនៅអាស៊ីអាគ្នេយ៍។
អាស៊ីអាគ្នេយ៍កំពុងជម្រុញការផ្លាស់ប្តូររបៀបផលិត និងការប្រើប្រាស់ថាមពល ក្នុងបរិបទដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងចំនួនប្រជាជនជាង ៦៨០ លាននាក់ ដោយមានតម្រូវការអគ្គិសនីកើនឡើងឥតឈប់ឈរ។
ដើម្បីបំពេញតម្រូវការនេះដោយមិនពឹងផ្អែកលើធ្យូងថ្ម និងប្រេង ប្រទេសជាច្រើននៅក្នុងតំបន់កំពុងផ្លាស់ប្តូរទៅថាមពលកកើតឡើងវិញ ក្នុងនោះ វៀតណាម និងហ្វីលីពីនជាចំណុចភ្លឺពីរ។ វៀតណាមបានក្លាយជាប្រទេសលេចធ្លោមួយក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់។ ក្នុងរយៈពេលត្រឹមតែប៉ុន្មានឆ្នាំប៉ុណ្ណោះ វិស័យថាមពលព្រះអាទិត្យរបស់វៀតណាមបានកើនឡើងយ៉ាងខ្លាំង ដែលបញ្ជូនវៀតណាមក្នុងបញ្ជីប្រទេសនាំមុខគេទាំង ១០ នៅលើពិភពលោកក្នុងវិស័យនេះ។ កម្លាំងចលករសំខាន់បានមកពីគោលនយោបាយលើកទឹកចិត្តរបស់រដ្ឋាភិបាល ជាពិសេសយន្តការអនុគ្រោះថ្លៃអគ្គិសនី ដែលទាក់ទាញដើមទុនឯកជនក្នុងគម្រោងថាមពលព្រះអាទិត្យ។
    |
 |
|
រោងចក្រថាមពលពន្លឺព្រះអាទិត្យ ៤២០ MW នៅខេត្ត Tay Ninh វៀតណាម (រូបថត៖ vovworld.vn) |
ទន្ទឹមនឹងនោះ ប្រទេសវៀតណាមត្រូវបានចាត់ទុកថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសក្តានុពលថាមពលខ្យល់នៅឆ្នេរសមុទ្រដ៏ធំបំផុតនៅអាស៊ី ដោយសារមានឆ្នេរសមុទ្រជាង ៣,២០០ គីឡូម៉ែត្រ ដែលបង្កើតលក្ខណៈអំណោយផលសម្រាប់ការអភិវឌ្ឍគម្រោងថាមពលខ្យល់ទ្រង់ទ្រាយធំ។
បច្ចុប្បន្ននេះ គម្រោងភាគច្រើនគឺជាថាមពលខ្យល់នៅលើគោក ហើយគម្រោងនៅលើសមុទ្រជាច្រើនដែលទ្រង់ទ្រាយធំ កំពុងត្រូវបានជម្រុញ។ ប៉ុន្តែ ការអភិវឌ្ឍយ៉ាងឆាប់រហ័សកំពុងដាក់សម្ពាធលើប្រព័ន្ធបណ្តាញអគ្គិសនី។ អ្នកជំនាញចាត់ទុកថា ប្រទេសវៀតណាមគប្បីអភិវឌ្ឍគោលនយោបាយរយៈពេលវែង និងស្ថិរភាព ដើម្បីរក្សាទំនុកចិត្តរបស់វិនិយោគិន។
យោងតាមការស្រាវជ្រាវរបស់ធនាគារពិភពលោក (WB) សក្តានុពលបច្ចេកទេសនៃថាមពលខ្យល់នៅឯឆ្នេសមុទ្ររបស់ប្រទេសវៀតណាមអាចសម្រេចបានប្រហែល ៦០០ GW ដែលក្នុងនោះជាង ៦០ GW អាចទាញយកប្រយោជន៍ផ្នែកសេដ្ឋកិច្ចនៅឆ្នាំ២០៥០ ប្រសិនបើមានគោលនយោបាយ និងហេដ្ឋារចនាសម្ព័ន្ធសមស្រប។
ក្នុងនោះ ប្រទេសហ្វីលីពីនបានជ្រើសរើសវិធីសាស្រ្តផ្សេង ដោយផ្តោតលើការធ្វើពិពិធកម្មរចនាសម្ព័ន្ធប្រភពថាមពលអគ្គិសនី។ ប្រទេសហ្វីលីពីនកំពុងអភិវឌ្ឍថាមពលព្រះអាទិត្យ និងថាមពលខ្យល់ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូន។
ការផ្លាស់ប្តូរទៅថាមពលកកើតឡើងវិញកំពុងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចសង្គមជាច្រើន។ ទាំងវៀតណាម និងហ្វីលីពីនបានបង្កើតការងារថ្មីរាប់រយរាប់ពាន់ ព្រមទាំង កាត់បន្ថយការពឹងផ្អែកលើឥន្ធនៈនាំចូល តាមរយៈនោះ បង្កើនសន្តិសុខថាមពល។ ប្រទេសទាំងពីរប្តេជ្ញាសម្រេចបាននូវការបំភាយឧស្ម័នសុទ្ធសូន្យនៅឆ្នាំ២០៥០ ដែលនេះបង្ហាញពីការប្តេជ្ញាចិត្តឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុ។
នាពេលអនាគត អ្នកជំនាញជឿជាក់ថា ការពង្រឹងការតភ្ជាប់បណ្តាញអគ្គិសនីរវាងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍នឹងបង្កើនប្រសិទ្ធភាពនៃការចែករំលែកធនធានថាមពលស្អាត និងលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធទាំងមូល។ ទោះបីជាមានបញ្ហាផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងឧបសគ្គគោលនយោបាយក៏ដោយក៏ តំបន់នេះជិតសម្រេចគោលដៅផ្លាស់ប្តូរថាមពលហើយ រួមចំណែកដល់ការកែសម្រួលសេដ្ឋកិច្ច និងបរិស្ថានអាស៊ីអាគ្នេយ៍៕
បកប្រែដោយ Thuy Anh