ពិធីយកត្រពាំង៖ ថែរក្សាបេតិកភណ្ឌខ្មែរនៅខេត្ត Dong Nai
កប.អនឡាញ - ពិធីយកត្រពាំង នៅ Dong Nai គឺជាព្រឹត្តិការណ៍ដ៏រស់រវើកមួយ ដែលបង្កើតឡើងវិញនូវសកម្មភាពវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ ដែលរួមចំណែកដល់ការថែរក្សាបេតិកភណ្ឌ និងពង្រឹងភាពជិតស្និទ្ធក្នុងសហគមន៍។
នៅថ្ងៃទី ២២ ខែមីនា នៅត្រពាំងក្រពត (ភូមិ Soc Lon ឃុំ Loc Hung ខេត្ត Dong Nai) ពិធីយកត្រពាំង បានធ្វើឡើងក្នុងបរិយាកាសរស់រវើក ដោយទាក់ទាញប្រជាជនក្នុងតំបន់ និងអ្នកដែលមកពីតំបន់ជិតខាងយ៉ាងច្រើនកុះករ។
មិនត្រឹមតែជាព្រឹត្តិការណ៍វប្បធម៌សហគមន៍ប៉ុណ្ណោះទេ ពិធីនេះគឺជាសកម្មភាពជាប្រពៃណីរបស់ជនរួមជាតិខ្មែរនៅក្នុងឃុំ Loc Hung និយាយដោយឡែក និងខេត្ត Dong Nai និយាយរួម។ នៅក្នុងការចងចាំរបស់ព្រឹទ្ធាចារ្យជាច្រើន ពិធិយកត្រពាំង មានតួនាទីពិសេសមួយ ដែលផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងជីវិតខាងវិញ្ញាណរបស់សហគមន៍។
ពិធីដែលផ្សាភ្ជាប់ទៅនឹងបរិស្ថានធម្មជាតិ
ពិធីយកត្រពាំង ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីរបៀបដែលមនុស្សផ្សាភ្ជាប់នឹងធម្មជាតិ ដូចដែលបានបង្ហាញតាមរយៈសកម្មភាពនេសាទបែបប្រពៃណីនៅក្នុងត្រពាំង។ នេះមិនត្រឹមតែជាឱកាសដើម្បីប្រមូលផលធនធានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាពេលវេលាសម្រាប់ប្រជាជនមានភាពសប្បាយរីករាយ ជួបជុំគ្នា និងពង្រឹងសាមគ្គីភាផងដែរ។
លោក Nguyen Huu Thuong ប្រធានគណៈកម្មការរៀបចំពិធីយកត្រពាំង និងជាអនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Loc Hung បានមានប្រសាសន៍ថា “ពិធីយកត្រពាំងរបស់ប្រជាជនខ្មែរត្រូវបានបង្កើតឡើងជាយូរមកហើយ ដែលត្រូវបានថែរក្សា និងអនុវត្តជាប្រចាំ ដើម្បីបំពេញតម្រូវការវប្បធម៌របស់សហគមន៍”។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប្រជាជនក្នុងតំបន់តែងតែលើកកម្ពស់ការយល់ដឹងអំពីការថែរក្សាតម្លៃដើមនៃពិធីនេះ ដោយរក្សាពិធីប្រពៃណី និងល្បែងប្រជាប្រិយ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានរួមចំណែកយ៉ាងសំខាន់ដើម្បីពិធីនេះត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិក្នុងឆ្នាំ ២០១៩។
ថែរក្សាបេតិកភណ្ឌពីសហគមន៍
ដើម្បីធានាបាននូវការអភិរក្សបេតិកភណ្ឌប្រកបដោយចីរភាព លោក Nguyen Huu Thuong បានសង្កត់ធ្ងន់លើតួនាទីរបស់សហគមន៍ ជាពិសេសជនរួមជាតិខ្មែរនៅក្នុងតំបន់ ក្នុងការអភិរក្ស និងលើកកម្ពស់តម្លៃនៃពិធីនេះ។
ប្រជាជនត្រូវបានលើកទឹកចិត្តឱ្យថែរក្សាប្រពៃណី ខណៈពេលដែលជ្រើសរើសយកកត្តាថ្មីៗដែលស្របតាមគោលនយោបាយរបស់បក្ស និងរដ្ឋ និងអត្តសញ្ញាណវប្បធម៌របស់សហគមន៍ ដោយជៀសវាងការប្រែប្រួល ឬបំផ្លាញតម្លៃដើម។
ពីមុន ពិធីយកត្រពាំង ដែលដើមឡើយប្រារព្ធឡើងនៅឃុំ Loc Khanh (ឥឡូវឃុំ Loc Hung) គឺជាពិធីដែលបានធ្វើឡើងក្នុងទ្រង់ទ្រាយតូច។ ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីទទួលបានការយកចិត្តទុកដាក់ និងការជួយគាំទ្រថវិការពីរដ្ឋសម្រាប់ការស្តារឡើងវិញ ពិធីបុណ្យនេះត្រូវបានរៀបចំឡើងជាប្រព័ន្ធ និងទៀងទាត់ជាងមុននៅក្នុងខែមីនាជារៀងរាល់ឆ្នាំ។
តាមរយៈការរៀបចំពិធីនេះ អាជ្ញាធរមូលដ្ឋានសង្ឃឹមថានឹងបង្កើនការយល់ដឹង និងការទទួលខុសត្រូវពីស្ថាប័នពាក់ព័ន្ធ និងប្រជាជនក្នុងការងារអភិរក្សបេតិកភណ្ឌ។ នេះក៏ជាឱកាសមួយសម្រាប់សិប្បករ ព្រឹទ្ធាចារ្យភូមិ និងអ្នកមានប្រជាប្រិយ្យភាព បានប្រាស្រ័យទាក់ទង ផ្លាស់ប្តូរបទពិសោធន៍ និងបន្តដើរតួនាទីក្នុងការ "រក្សាអណ្តាតភ្លើង" នៃវប្បធម៌នៅក្នុងសហគមន៍។
ពិធីយកត្រពាំង នៅឃុំ Loc Hung មិនត្រឹមតែជាព្រឹត្តិការណ៍វប្បធម៌ដ៏រស់រវើកប៉ុណ្ណោះទេ ថែមទាំងជាសក្ខីភាពនៃការបន្ត និងការអភិវឌ្ឍតម្លៃបេតិកភណ្ឌក្នុងជីវភាពរស់នៅសម័យទំនើប ដែលរួមចំណែកដល់ការបញ្ជាក់ពីតួនាទីរបស់វប្បធម៌ខ្មែរនៅក្នុងលំហូរវប្បធម៌ចម្រុះរបស់ខេត្ត Dong Nai៕
បកប្រែដោយ Duy Hoan