leftcenterrightdel
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅវៀតណាម លោក Daniel Kritenbrink ផ្តល់បទសម្ភាសន៍ជាមួយកាសែតកងទ័ពប្រជាជនក្នុងឱកាសរំលឹកខួបលើកទី ២៥ នៃការធ្វើប្រក្រតីកម្មទំនាក់ទំនងការទូតរវាងវៀតណាម និងសហរដ្ឋអាមេរិក

អ្នកសារព័ត៌មាន ៖ យោងតាមលោកឯកអគ្គរដ្ឋទូត តើអ្វីជាសមិទ្ធិផលលេចធ្លោបន្ទាប់ពីរយៈពេល ២៥ ឆ្នាំនៃការធ្វើប្រក្រតីកម្មទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ?

លោកឯកអគ្គរដ្ឋទូត Daniel Kritenbrink៖ អាចនិយាយបានថា នេះគឺជាដំណើរការមួយដ៏អស្ចារ្យសម្រាប់ប្រទេសទាំងពីរ។ ក្រឡេកមើលទៅក្រោយវិញ យើងបានធ្វើអ្វីៗជាច្រើនរហូតក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះ។ ជាពិសេស អ្វីៗដែលសំខាន់បំផុតនោះគឺប្រទេសទាំងពីរបានកសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ។ ភាគីទាំងពីរសុទ្ធតែបានចាត់ទុកភាគីម្ខាងទៀតជាដៃគូសំខាន់របស់ខ្លួន។ តាមគំនិតរបស់ខ្ញុំ ដើម្បីទទួលបាននូវអ្វីដែលលើកឡើងខាងលើនេះ ប្រទេសទាំងពីរបានចាប់ផ្តើមជាដំបូងដោយសហការក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់ពីអតីតកាលប្រកបដោយមានទំនួលខុសត្រូវ រួមទាំងជំនួយមនុស្សធម៌ និងការដោះស្រាយនូវរាល់មរតកសង្គ្រាមដែលភាគច្រើនមានពាក់ព័ន្ធនឹងទាហានអាមេរិកដែលបាត់ខ្លួនក្នុងអំឡុងសង្គ្រាមវៀតណាម (MIA)។

ជាការពិតណាស់ យើងបានធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មមានលក្ខណៈប្រក្រតីក្នុងរយៈពេលមួយឆ្នាំមុនពេលទំនាក់ទំនងទ្វេភាគីមានលក្ខណៈប្រក្រតីឡើងវិញនៅឆ្នាំ ១៩៩៥ ហើយ។ រយៈពេល ២៥  ឆ្នាំមុននោះ យើងមើលមិនឃើញបានប៉ុន្មានទេឱកាសនៃការរីកចម្រើនផ្នែកពាណិជ្ជកម្មទ្វេភាគី។ ក៏ប៉ុន្តែឥឡូវនេះទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៩ បានកើនឡើងដល់ជាង ៧៧ ពាន់លានដុល្លារហើយ។ នោះគឺជារឿងគួរឱ្យចាប់អារម្មណ៍បំផុត។

អ្នកសារព័ត៌មានៈ តើលោកគិតថាដំណើរទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិក របស់អគ្គលេខាបក្ស លោក Nguyen Phu Trong នៅខែកក្កដា ឆ្នាំ ២០១៥ គឺជាសញ្ញាសម្គាល់ពិសេសមួយក្នុងរយៈពេល ២៥ ឆ្នាំ ចាប់តាំងពីប្រទេសទាំងពីរមានទំនាក់ទំនងធម្មតាឡើងវិញដែរឬទេ?

លោក ឯកអគ្គរដ្ឋទូត Daniel Kritenbrink៖ នោះជាលើកដំបូងហើយដែលអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ ខ្ញុំមានកិត្តិយសយ៉ាងក្រៃលែងដែលមានវត្តមាននៅសេតវិមាននៅពេលនោះក្នុងនាមជាមន្រ្តីការទូតមួយរូបចូលរួមការរៀបចំដំណើរទស្សនកិច្ចនេះ។  អគ្គលេខាបក្ស លោក  Nguyen Phu Trong និងប្រធានាធិបតី លោក  Barack Obama បានទទួលជោគជ័យក្នុងការជួបពិភាក្សាការងារនេះ។  ភាគីទាំងពីរបានអនុម័តសេចក្តីប្រកាសស្តីពីចក្ខុវិស័យរួមរវាងសហរដ្ឋអាមេរិក និងវៀតណាម។ តាមគំនិតរបស់ខ្ញុំ ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស Nguyen Phu Trong សម្រេចបាននូវការកត់សម្គាល់សំខាន់ៗចំនួន ២។ ទីមួយ ភាគីទាំងពីរបានអះអាងថា នឹងបន្តគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងរបបនយោបាយ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី របស់គ្នាទៅវិញទៅមក។ ទីពីរ ខ្លឹមសារនៃសេចក្តីប្រកាសនេះបានបង្ហាញពីភាពទូលំទូលាយ និងភាពស៊ីជម្រៅ នៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចនេះមានអត្ថន័យពិសេសរួមចំណែកដល់ការពូនជ្រំ និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។ រួមសេចក្តីមកគឺថា រាល់សកម្មភាពនៃជំនួបជាន់ខ្ពស់បែបនេះពិតជាដើរតួនាទីដ៏សំខាន់សម្រាប់ទំនាក់ទំនងភាពជាដៃគូទ្វេភាគី។

អ្នកសារព័ត៌មានៈ យោងតាមគំនិតរបស់លោកឯកអគ្គរដ្ឋទូត តើមានបញ្ហាអ្វីដែលរារាំងដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលនេះទេ?

លោកឯកអគ្គរដ្ឋទូត Daniel Kritenbrink៖ តាមគំនិតរបស់ខ្ញុំ គឺមិនមានឧបសគ្គធំដុំណាមួយរារាំងដល់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរទេ។ ខ្ញុំគិតថា ឧបសគ្គចម្បងក្នុងការធ្វើប្រក្រតីកម្មទំនាក់ទំនងឡើងវិញនៅមុនឆ្នាំ ១៩៩៥ នោះគឺទាក់ទងទៅនឹងរាល់បញ្ហាក្រោយសង្គ្រាម ដែលរួមមានបញ្ហាមនុស្សធម៌ និងមរតកនៃសង្គ្រាមបានបន្សល់ទុក។ ប៉ុន្តែ ដូចដែលខ្ញុំបានលើកឡើង ពោលគឺសហរដ្ឋអាមេរិក និងវៀតណាម សម្រេចបាននូវទំហំការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ហើយ ដែលបានបង្កើតការជឿទុកចិត្តគ្នារវាងភាគីទាំងពីរ។ លើសពីនេះ យើងក៏ត្រូវសម្លឹងទៅមើលទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីផងដែរ។ សហរដ្ឋអាមេរិក និងប្រទេសវៀតណាមមានវិស័យជាច្រើនបាន និងកំពុងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដូចជាវិស័យថាមពល សុខាភិបាល បច្ចេកវិទ្យាព័ត៌មាន កសាងទីក្រុងឆ្លាតវៃ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដើម្បីលើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេភាគី។ ទោះយ៉ាងណាក៏ដោយ នៅតែមានឧបសគ្គមួយចំនួនលើគោលនយោបាយខិតជិតទីផ្សារវៀតណាមដែលត្រូវការកែតម្រូវនាពេលឆាប់ៗដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។

អ្នកសារព័ត៌មានៈ តើលោកវាយតំលៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19 យ៉ាងដូចម្តេច?

លោកឯកអគ្គរដ្ឋទូត Daniel Kritenbrink៖ សហរដ្ឋអាមេរិកបានសហការជាមួយប្រទេសវៀតណាមចាប់តាំងពីពេលដំបូងនៃការផ្ទុះឡើងជំងឺ Covid-19 ហើយឥឡូវនេះបានផ្តល់ថវិកាប្រមាណ ១៥ លានដុល្លារអាមេរិក ជួយដល់ប្រទេសវៀតណាមដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃ Covid-19 ដែលរួមទាំងការការពារ  ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល និងការស្តារសេដ្ឋកិច្ចឡើងវិញ។

អាចនិយាយបានថា កិច្ចសហប្រតិបត្តិការវេជ្ជសាស្រ្តគឺជាគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនៃភាគីទាំងពីរ។ ចាប់តាំងពីឆ្នាំ ១៩៩៨ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការរោគរាតត្បាតអាមេរិក (CDC) បាន និងកំពុងធ្វើការជាមួយក្រសួងសុខាភិបាល វៀតណាម និងដៃគូនានារបស់ខ្លួនដើម្បីបង្កើតប្រព័ន្ធសុខាភិបាលប្រកបដោយរឹងមាំ និងជួយលើកកម្ពស់សមត្ថភាពផ្នែកសុខាភិបាលសាធារណៈរយៈពេលវែងសម្រាប់ប្រទេសវៀតណាម។ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ក៏មានការជួយគាំទ្រដល់វិស័យសុខាភិបាលវៀតណាម អស់រយៈពេលជាង ២០ ឆ្នាំផងដែរ។ កិច្ចសហប្រតិបត្តិការនេះក៏ត្រូវបានពង្រីកផងដែរនៅក្នុងបរិបទនៃការវិវឌ្ឍដ៏ស្មុគស្មាញនៃការរាតត្បាត Covid-19 នៅជុំវិញពិភពលោក។

ខ្ញុំសូមសង្កត់ធ្ងន់នូវចំណុចពីរស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការការពារ និងគ្រប់គ្រង Covid-19។ ដំបូងបង្អស់ ប្រទេសវៀតណាមគឺជា “ជើងឯក” របស់ពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ហើយសហរដ្ឋអាមេរិកមានមោទនភាពដែលមានដៃគូខាងវេជ្ជសាស្រ្តដូចនេះ។ បន្ទាប់មកទៀត យើងសូមថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនវៀតណាមដែលបានផ្តល់ម៉ាស់រាប់លានសន្លឹក និងឧបករណ៍វេជ្ជសាស្រ្តជាច្រើនទៀតដល់សហរដ្ឋអាមេរិក ដែលបានចូលរួមចំណែកក្នុងការការពារជំងឺ។ ដូច្នេះ កិច្ចសហប្រតិបត្តិការក្នុងការបង្ការ និងគ្រប់គ្រង Covid-19 អាចត្រូវបានចាត់ទុកថា ជាគំរូដ៏ល្អឥតខ្ចោះនៃទំនាក់ទំនងមិត្តភាព និងភាពជាដៃគូគ្រប់ជ្រុងជ្រោយដែលប្រទេសទាំងពីរបាន និងកំពុងជំរុញរហូតក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ។

អ្នកសារព័ត៌មានៈ ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិនៅក្នុងទំនាក់ទំនងរួមរវាងប្រទេសទាំងពីរ ឯកអគ្គរដ្ឋទូត?

លោកឯកអគ្គរដ្ឋទូត Daniel Kritenbrink៖ កិច្ចសហប្រតិបត្តិការការពារជាតិក៏ជាគំរូល្អមួយនៅក្នុងទំនាក់ទំនងរួមរវាងប្រទេសទាំងពីរផងដែរ។ ទំនាក់ទំនងរវាងកងទ័ពទាំងពីរកំពុងរីកចម្រើនយ៉ាងខ្លាំងក្លា។ រាល់កិច្ចសន្ទនាកម្រិតខ្ពស់រវាងភាគីទាំងពីរគឺស្ថិតនៅកម្រិតខ្ពស់។ រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានមកកាន់ប្រទេសវៀតណាមចំនួន ៣ ដងចាប់តាំងពីខ្ញុំបានទទួលតួនាទីជាឯកអគ្គរដ្ឋទូតនៅទីនេះ។ ផ្ទុយទៅវិញ ក្នុងកំឡុងពេលនោះ នៅឆ្នាំ ២០១៧ គណៈប្រតិភូកងទ័ពជាន់ខ្ពស់របស់វៀតណាម ដឹកនាំដោយនាយឧត្តមសេនីយ៍ លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានបំពេញទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិក។ នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich និងសមភាគីអាមេរិក បានជួបគ្នាជាច្រើនលើកច្រើនសារ រួមទាំងនៅប្រទេសដទៃទៀត និងនៅវេទិកាពហុភាគីនានាទៀតផង។ លើសពីនេះទៀត បណ្តាកិច្ចសន្ទនាថ្នាក់អនុរដ្ឋមន្រ្តី និងថ្នាក់ក្រោមក៏មានភាពសកម្ម និងប្រសិទ្ធភាពខ្ពស់ផងដែរ។

ភាគីទាំងពីរផ្លាស់ប្តូរយោបល់គ្នាជាញឹកញាប់លើបញ្ហាសន្តិសុខក្នុងតំបន់ និងលើកកម្ពស់ការបណ្តុះបណ្តាល និងផ្លាស់ប្តូរការអប់រំកាន់តែច្រើន។  ម្យ៉ាងទៀត សហរដ្ឋអាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំងដល់កម្មវិធីបណ្តុះបណ្តាលសម្រាប់កងទ័ពប្រជាជនវៀតណាម និងប្រទេសវៀតណាម។

ចាប់តាំងពីឆ្នាំ ២០១២ មក សហរដ្ឋអាមេរិក បានផ្តល់ជំនួយយ៉ាងសកម្មដើម្បីពង្រឹងសមត្ថភាពនៃកងទ័ពប្រជាជនវៀតណាម ជាពិសេសសមត្ថភាពលើសមុទ្រ។ ការគាំទ្រនេះផ្អែកលើជំនឿរបស់យើងគឺថា សហរដ្ឋអាមេរិកនឹងកាន់តែរឹងមាំជាង កាន់តែមានសុវត្ថិភាពជាង និងកាន់តែសម្បូររុងរឿងជាងនៅពេលដែលដៃគូរបស់ខ្លួនក៏ខ្លាំង និងទទួលបានជោគជ័យមិនត្រឹមតែនៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយដៃគូនានារបស់យើងជាច្រើនក្នុងតំបន់ទៀតផង។ សហរដ្ឋអាមេរិក សង្ឃឹមថានឹងបន្តពន្យារពេលនៃអនុស្សរណៈស្តីពីការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីនៅឆ្នាំនេះ។  យើងក៏ពិចារណាធ្វើយ៉ាងណាដើម្បីប្រទេសទាំងពីរអាចពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិ។

អ្នកសារព័ត៌មាន៖ រយៈពេលជាង ២៥ ឆ្នាំកន្លងមកហើយ MIA បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញភាពប្រក្រតីនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ដូច្នេះ តើសហរដ្ឋអាមេរិក នឹងជួយវៀតណាម យ៉ាងដូចម្តេចក្នុងការស្វែងរកជនជាតិវៀតណាម ដែលបាត់ខ្លួននៅក្នុងសង្គ្រាម?

លោកឯកអគ្គរដ្ឋទូត Daniel Kritenbrink៖ ភាគីទាំងពីរបានចាប់ផ្តើមទំនាក់ទំនងសហប្រតិបត្តិការតាមរយៈការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុទាហានអាមេរិក ដែលបាត់ខ្លួនក្នុងសង្គ្រាមវៀតណាម។  ចាប់តាំងពីឆ្នាំ ១៩៨៥ មក វៀតណាមបានជួយភាគីអាមេរិកក្នុងការស្វែងរក និងប្រមូលអដ្ឋិធាតុចំនួន ៧២៧។ ខ្ញុំមានសេចក្តីរីករាយសូមប្រកាសថា សហរដ្ឋអាមេរិកកំពុងពង្រីកការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមយ៉ាងខ្លាំងក្នុងការស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពវៀតណាមដែលបានបាត់ខ្លួន និងពលីក្នុងសង្គ្រាមវៀតណាម។  ទីភ្នាក់ងារ USAID និងទីភ្នាក់ងារវៀតណាមសម្រាប់ការស្វែងរកអ្នកបាត់ខ្លួន (VNOSMP) ក៏បានចុះហត្ថលេខាលើអនុស្សារណៈ (ថ្ងៃទី ៨ កក្កដា ២០២០) ស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ការលើកកម្ពស់សមត្ថភាព ផ្តល់ជំនួយជាបច្ចេកទេសដើម្បីកំណត់អត្តសញ្ញាណអដ្ឋិធាតុកងទ័ពវៀតណាមដែលបាត់ខ្លួននៅក្នុងសង្គ្រាម។ យើងមើលឃើញថាវិស័យសហប្រតិបត្តិការនេះគឺជាការងារដ៏ត្រឹមត្រូវ ហើយវាក៏មានប្រយោជន៍ផងដែរពីព្រោះយើងជួយគ្នាទៅវិញទៅមក។  គ្មានអ្វីអាចរារាំងយើងឲ្យបន្តកិច្ចសហប្រតិបត្តិការនាពេលអនាគតឡើយ។

អ្នកសារព័ត៌មាន៖ សូមអរគុណលោកឯកអគ្គរដ្ឋទូត!

បកប្រែដោយ Minh Trung