leftcenterrightdel
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទទួលជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៩ (រូប​ថត៖ baoquocte.vn)

នៅក្នុងសារលិខិត អគ្គលេខាបក្ស ប្រធានរដ្ឋវៀត​ណាម​ លោក Nguyen Phu Trong បាន​បញ្ជាក់ថា ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក ទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងសហរដ្ឋអាមេរិកបានពុះពារជំនះការលំបាកពីចម្ងាយនៃភូមិសាស្ត្រ និងភាពខុសគ្នានានាដើម្បីឈានទៅរកការអភិវឌ្ឍជាវិជ្ជមាន និងស្ថិរភាព ហើយបានប្រែក្លាយអាមេរិកទៅជាដៃគូជួរមុខរបស់វៀតណាមលើវិស័យជាច្រើន។ វៀតណាមជឿជាក់ថា ក្នុងស្មារតីទុកអតីតកាលទៅមួយអន្លើ ជំនះភាពខុសគ្នា ពង្រីក​ភាពស្រដៀងគ្នា និងឆ្ពោះទៅអនាគត ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម - អាមេរិក នឹងកាន់​តែស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព និងយូរអង្វែង ក្នុងគោលបំណងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិសុខ សន្តិភាព និងវិបុលភាពនៅក្នុងតំបន់ និងនៅលើ​ពិភពលោក។

ឯក្នុង​សារលិខិតរបស់ប្រធានាធិបតីអាមេរិក លោក  Donald Trump បានបញ្ជាក់ថា ការអភិវឌ្ឍនៃទំនាក់ទំនងភាពជាដៃគូរវាងប្រទេសទាំងពីរគឺជាស្នាដៃដ៏អស្ចារ្យ។ កិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្ននេះបានបង្កើតមូលដ្ឋានសម្រាប់​ការជឿទុកចិត្ត និងការយោគយល់គ្នា ​អនុញ្ញាតឱ្យប្រទេសទាំងពីរបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយដែលត្រូវ​​បានបញ្ជាក់តាមរយៈទំនាក់ទំនងពាណិជ្ជកម្មមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ រួមទាំងការផ្សាភ្ជាប់យ៉ាងជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត និងការរួមគ្នាដោះស្រាយបញ្ហាមនុស្សធ៌ម និងផលវិបាកដែលបន្សល់ទុកពីសង្គ្រាម។ សហរដ្ឋអាមេរិករក្សាការ​សន្យារបស់ខ្លួនក្នុងការពង្រឹង និងពង្រីក​ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយផ្អែកលើចក្ខុវិស័យនៃការចែករំលែកអំពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក​ មួយប្រកបដោយសន្តិភាព និងវិបុលភាព ក៏ដូចជាការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក និងការគោរពច្បាប់​អន្តរជាតិ។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានផ្លាស់ប្ដូរលិខិតជូនពរគ្នាទៅវិញទៅមកជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump ហើយប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ក៏បានបានផ្លាស់ប្ដូរសារលិខិតអបអរសាទរជាមួយប្រធានព្រឹទ្ធសភាអាមេរិក លោក Michael Pence និងប្រធានសភាជាន់ទាបអាមេរិក លោកស្រី Nancy Pelosi ផងដែរ៕

បកប្រែដោយ Duy Hoan