ក្នុងជំនួប លោកស្រី Ngo Minh Nguyet បានជូនដំណឹងដល់មិត្តភក្តិ និងអ្នកយកព័ត៌មានអាហ្សង់ទីន អំពីព្រឹត្តិការណ៍នយោបាយសំខាន់ៗនាពេលថ្មីៗនៅក្នុងប្រទេសវៀតណាម ជាពិសេសជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម នៅក្នុងខែមករា ឆ្នាំ២០២៦ ដែលមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍប្រទេសនៅក្នុងសម័យកាលថ្មី។ បន្ទាប់ពីនោះ នៅថ្ងៃទី១៥ ខែមីនា ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ ក៏បានប្រព្រឹត្តទៅដោយជោគជ័យ។

លោកស្រី Ngo Minh Nguyet បានឲ្យដឹងថា វៀតណាមមានគោលបំណងសម្រេចបានអត្រាកំណើនផលិតផលក្នុងស្រុកសរុបជាមធ្យម ១០% ឡើងទៅក្នុងមួយឆ្នាំក្នុងដំណាក់កាល ២០២៦-២០៣០ ដោយខិតខំក្លាយជាប្រទេសអភិវឌ្ឍន៍ ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងបណ្តាប្រទេសនៅអាមេរិកខាងត្បូង លោកស្រី Ngo Minh Nguyet បានជូនដំណឹងថា វៀតណាមកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយតំបន់អាមេរិកខាងត្បូង ជាពិសេសការចាប់ផ្តើមការចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះ (PTA) ជាមួយទីផ្សាររួមភាគខាងត្បូង (Mercosur) ពីខែធ្នូ ឆ្នាំ ២០២៥។ វៀតណាមសង្ឃឹមថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក្នុងពេលឆាប់ៗនេះ ដើម្បីជម្រុញពាណិជ្ជកម្ម និងការវិនិយោគជាមួយប្រទេសជាសមាជិកដូចជា អាហ្សង់ទីន អ៊ុយរូហ្គាយ និងប៉ារ៉ាហ្គាយ។

យោងតាមលោកស្រី Ngo Minh Nguyet កិច្ចសហប្រតិបត្តិការទ្វេភាគី វៀតណាម និងអាហ្សង់ទីនកំពុងត្រូវបានពង្រីកក្នុងវិស័យថ្មីៗ ដូចជាបច្ចេកវិទ្យាផ្កាយរណប និងទូរគមនាគមន៍ ដោយមានវឌ្ឍនភាពដំបូងគួរឲ្យកត់សម្គាល់។

បច្ចុប្បន្ន ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជិត ៣.៥ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំទីប្រាំមួយរបស់អាហ្សង់ទីននៅទូទាំងពិភពលោក និងជាដៃគូធំទី១ នៅអាស៊ីអាគ្នេយ៍ ខណៈដែលអាហ្សង់ទីនគឺជាដៃគូធំទីបីរបស់វៀតណាមនៅអាមេរិកឡាទីន។

ទន្ទឹមនឹងវិស័យសហប្រតិបត្តិការប្រពៃណី វៀតណាមមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយអាហ្សង់ទីនក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ថាមពលកកើតឡើងវិញ ជីវបច្ចេកវិទ្យា សុខាភិបាល និងឱសថ ព្រមទាំងមានគោលបំណងបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម។

ក្នុងឱកាសនេះ លោកស្រី Ngo Minh Nguyet និងប្រតិភូទាំងឡាយ ក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ ទំនាក់ទំនងរវាងវៀតណាម និងបណ្តាប្រទេសអាមេរិកឡាទីន និងវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា៕

បកប្រែដោយ Thuy Anh