លោកឯកអគ្គរដ្ឋទូតជាទីគោរព លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសឡាវ អញ្ជើញចូលរួមខួបលើកទី៥០ នៃទិវាឯករាជ្យជាតិឡាវ និងធ្វើជាសហប្រធាននៃកិច្ចប្រជុំជាន់ខ្ពស់រវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ។ តើដំណើរទស្សនកិច្ចនេះមានន័យយ៉ាងណាចំពោះចំណងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ?
តបតាមការអញ្ជើញរបស់លោក Thongloun Sisoulith អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងចូលរួមសកម្មភាពអបអរសាទរខួបលើកទី ៥០ នៃទិវាបុណ្យឯករាជ្យជាតិឡាវ ចាប់ពីថ្ងៃទី ១-២ ខែធ្នូ។
ដំណើរទស្សនកិច្ចនៅប្រទេសឡាវ របស់លោកអគ្គលេខាបក្ស និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនេះ មានសារៈសំខាន់យ៉ាងខ្លាំងចំពោះមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជនវៀតណាម និងឡាវ។
ទីមួយ ក្នុងរយៈពេលថ្មីៗនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសវៀតណាម និងឡាវ បានធ្វើទស្សនកិច្ច ជួបប្រជុំ និងធ្វើការរួមគ្នាជាប្រចាំ ដើម្បីពង្រឹង និងលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះរបស់លោកអគ្គលេខាបក្ស មកកាន់សាធារណរដ្ឋប្រជាមានិតឡាវ ដោយមានសកម្មភាពជាច្រើនដែលបានគ្រោងទុកគឺជាសេចក្តីសង្ខេប និងការវាយតម្លៃនៃទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ហើយក៏កំណត់ទិសដៅសំខាន់ៗសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការនៅក្នុងសម័យកាលថ្មីនេះផងដែរ។
ទីពីរ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងឱកាសដែល បក្ស រដ្ឋ និងប្រជាជនឡាវ ប្រារព្ធខួបលើកទី ៥០ នៃទិវាបុណ្យឯករាជ្យជាតិ (ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៧៥ - ថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២៥) ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏អស្ចារ្យ ដែលសម្គាល់រយៈពេលកន្លះសតវត្សរ៍នៃការកសាង ការអភិវឌ្ឍ និងការរីកចម្រើននៃប្រទេសឡាវ ក្រោមការដឹកនាំរបស់បក្សប្រជាជនបដិវត្តន៍ឡាវ។ ដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស និងការចូលរួមក្នុងខួបលើកទី ៥០ នៃទិវាបុណ្យឯករាជ្យជាតិឡាវ បង្ហាញពីមនោសញ្ចេតនាពិសេស ការចែករំលែកយ៉ាងជ្រាលជ្រៅ និងសាមគ្គីភាពស្មោះត្រង់រវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ហើយក្នុងពេលជាមួយគ្នានេះ ផ្ញើសារដ៏រឹងមាំអំពីចំណងមិត្តភាពជិតស្និទ្ធ បរិសុទ្ធ និងយូរអង្វែងរវាងវៀតណាម និងឡាវ ក្នុងគ្រប់កាលៈទេសៈទាំងអស់។
ទីបី ឆ្នាំ២០២៥ គឺជាឆ្នាំដែលមានសារៈសំខាន់ពិសេសសម្រាប់ប្រទេសទាំងពីរ ខណៈពេលដែលប្រទេសទាំងពីរប្រារព្ធពិធីបុណ្យសំខាន់ៗជាច្រើន។ នៅក្នុងបរិបទដែលបក្សនីមួយៗ និងប្រទេសនីមួយៗកំពុងអនុវត្តយ៉ាងសកម្មនូវរាល់សេចក្តីសម្រេចនៃមហាសន្និបាតបក្សរៀងៗខ្លួន និងរាល់កិច្ចព្រមព្រៀងទ្វេភាគីកម្រិតខ្ពស់ ហេតុនោះដំណើរទស្សនកិច្ចនេះពិតជាមានសារៈសំខាន់ជាយុទ្ធសាស្ត្រថែមទៀត ដោយរួមចំណែកដល់ការពង្រឹងទំនុកចិត្តនយោបាយ បង្កើនកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងបើកទិសដៅថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។
ទីបួន ដំណើរទស្សនកិច្ចនេះមិនត្រឹមតែជាសកម្មភាពការបរទេសកម្រិតខ្ពស់ប្រចាំឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបដ៏រស់រវើកនៃមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ ដែលជាទំនាក់ទំនងដ៏កម្រមួយក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងពិភពលោក។
តាមរយៈដំណើរទស្សនកិច្ចដ៏សំខាន់នេះ វៀតណាម និងឡាវ បានបញ្ជាក់ម្តងទៀតថា មិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ ហើយទំនាក់ទំនងនេះនឹងស្ថិតស្ថិរជារៀងរហូត ស្របតាមបំណងប្រាថ្នា និងការប្រៀនប្រដៅជាទីគោរពរបស់លោកប្រធានហូជីមិញ លោកប្រធាន Kaysone Phomvihane និងលោកប្រធាន Souphanouvong។
    |
 |
|
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងលោកជំទាវ (រូបថត៖ baoquocte.vn) |
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវនេះ តើភាគីទាំងពីរគ្រោងនឹងពិភាក្សាអំពីខ្លឹមសារអ្វីខ្លះ ដើម្បីបន្តជំរុញ និងពង្រឹងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ លោកឯកអគ្គរដ្ឋទូត?
ក្នុងឱកាសនេះ លោក To Lam អគ្គលេខាបក្សគ្រោងនឹងជួបពិភាក្សាជាមួយលោក ថងលូន ស៊ីស៊ូលីត អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ និងជួបសវនាការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវទាំងអស់ ដើម្បីពិភាក្សាអំពីស្ថានភាពនៃបក្សនីមួយៗ និងប្រទេសនីមួយៗ ក៏ដូចជាបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់រួមគ្នា។ ភាគីទាំងពីរគ្រោងនឹងផ្តោតលើការពិភាក្សាលើវិស័យសំខាន់ៗមួយចំនួន ដើម្បីពង្រឹងបន្ថែមទៀតនូវមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ រួមមាន៖
ទីមួយ បន្តពង្រឹងទំនុកចិត្តនយោបាយ រក្សាការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់រវាងបក្សទាំងពីរ រដ្ឋទាំងពីរ ក្រសួង ស្ថាប័ន និងមូលដ្ឋាននានា។ ក្នុងពេលជាមួយគ្នានេះ បង្កើនប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគី ដោយរួមចំណែកដល់ការតម្រង់ទិស និងលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
ទីពីរលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគក្នុងទិសដៅជាក់ស្តែង មានប្រសិទ្ធភាព និងប្រកបដោយចីរភាពកាន់តែខ្លាំងឡើង។ ផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ថាមពល ទូរគមនាគមន៍ និងការតភ្ជាប់ភស្តុភារកម្ម សម្រួលដល់ចរាចរទំនិញ សេវាកម្ម និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។
ទីបី ពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំ និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ដោយហេតុនេះធ្វើឱ្យទំនាក់ទំនងជិតស្និទ្ធ និងភាពស្មោះត្រង់រវាងប្រជាជននៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។
ទីបួន ភាគីទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងវិស័យការពារជាតិ សន្តិសុខ និងការបរទេស ដើម្បីធានាស្ថិរភាពនយោបាយ សន្តិសុខព្រំដែន រួមគ្នារក្សាសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗមួយចំនួន ដោយបើកទិសដៅសហប្រតិបត្តិការថ្មីស្របតាមតម្រូវការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ និងផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ ដោយបន្តធ្វើឱ្យទំនាក់ទំនងពិសេសវៀតណាម-ឡាវកាន់តែស៊ីជម្រៅក្នុងស្ថានភាពថ្មី។
នៅក្នុងបរិបទស្ថានភាពតំបន់ និងពិភពលោកមានការវិវឌ្ឍដ៏ស្មុគស្មាញជាច្រើន តើវៀតណាម និងឡាវគួរធ្វើអ្វីដើម្បីបន្តថែរក្សា ពង្រឹង និងអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងពិសេស ស្មោះត្រង់ និងរឹងមាំរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ?
ទំនាក់ទំនងវៀតណាម-ឡាវ គឺជាទំនាក់ទំនងគំរូ ស្មោះត្រង់ បរិសុទ្ធ និងកម្រមួយក្នុងទំនាក់ទំនងអន្តរជាតិ ដែលបានបង្កើតឡើងជាយូរមកហើយ និងត្រូវបានឆ្លងកាត់អណ្តាតភ្លើងនៃសង្គ្រាមតាមរយៈការតស៊ូរយៈពេលវែងដើម្បីរំដោះប្រទេសនីមួយៗ និងត្រូវបានពង្រឹងកាន់តែខ្លាំងឡើងក្នុងបុព្វហេតុនៃការកសាង ការពារ និងអភិវឌ្ឍប្រទេសរបស់ប្រជាជននៃប្រទេសទាំងពីរ។ នៅក្នុងបរិបទនៃពិភពលោក និងស្ថានភាពតំបន់ដែលមានការវិវឌ្ឍយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបានជាច្រើន រួមជាមួយនឹងផលប៉ះពាល់យ៉ាងខ្លាំងនៃបដិវត្តន៍ឧស្សាហកម្មលើកទីបួន និងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ការអភិរក្ស និងលើកកម្ពស់ទំនាក់ទំនងពិសេសវៀតណាម-ឡាវ។
តាមគំនិតរបស់ខ្ញុំ ដើម្បីបន្តពង្រឹង និងអភិវឌ្ឍមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងវៀតណាម និងឡាវក្នុងដំណាក់កាលថ្មី ប្រទេសទាំងពីរត្រូវផ្តោតលើចំណុចសំខាន់ៗដូចខាងក្រោម៖
ទីមួយ បក្សទាំងពីរត្រូវបន្តពង្រឹងចំណងទាក់ទងគ្នាក្នុងគោលនយោបាយ និងឧត្តមគតិ បង្កើនការចែករំលែកបទពិសោធន៍ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង និងរួមគ្នាការពារតម្លៃជាមូលដ្ឋាននៃសង្គមនិយមដែលប្រទេសទាំងពីរប្រកាន់ខ្ជាប់។ ក្នុងពេលជាមួយគ្នានេះ ចាំបាច់ត្រូវលើកកម្ពស់ការអប់រំប្រពៃណីនៃសាមគ្គីភាពពិសេស និងមិត្តភាពរវាងវៀតណាម និងឡាវ។
ទីពីរ ប្រទេសទាំងពីរត្រូវបង្កើនធនធានសម្រាប់កិច្ចសហប្រតិបត្តិការរបស់ពួកគេឱ្យបានច្រើនបំផុត។ នៅក្នុងបរិបទថ្មី កិច្ចសហប្រតិបត្តិការមិនត្រឹមតែសំដៅលើគម្រោងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគបែបប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវតែពង្រីកដល់ការផ្លាស់ប្តូរឌីជីថល ថាមពលកកើតឡើងវិញ នវានុវត្តន៍ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងការអភិវឌ្ឍបៃតងផងដែរ។
ទីបី ចាំបាច់ត្រូវយកចិត្តទុកដាក់ចំពោះកត្តាមនុស្ស និងបង្កើនការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។ នេះគឺជាចំណងដ៏រឹងមាំជា “ព្រលឹង” នៃទំនាក់ទំនងពិសេសវៀតណាម-ឡាវ។ ភាគីទាំងពីរត្រូវបន្តផ្តោតលើការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល ដោយបង្កើតលក្ខខណ្ឌសម្រាប់កម្មាភិបាល សមាជិកបក្សវ័យក្មេង យុវជន សិស្សានុសិស្ស និងនិស្សិតនៃប្រទេសទាំងពីរ ដើម្បីភ្ជាប់ទំនាក់ទំនង ផ្លាស់ប្តូរ សិក្សា រីកចម្រើនជាមួយគ្នា និងក្លាយជា “ឯកអគ្គរដ្ឋទូតប្រជាជន” ដើម្បីបន្តប្រពៃណីដ៏មានតម្លៃ ដែលមនុស្សជំនាន់មុនៗបានខិតខំប្រឹងប្រែងដាំដុះ។
ទីបួន នៅក្នុងបរិយាកាសអន្តរជាតិដ៏ច្របូកច្របល់នេះ ប្រទេសទាំងពីរត្រូវពង្រឹងការសម្របសម្រួលជំហរ ទំនុកចិត្ត និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសនៅក្នុងយន្តការអាស៊ាន និងមហាអនុតំបន់មេគង្គ តាមរយៈនេះរួមគ្នាការពារផលប្រយោជន៍រួម រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់។
ខ្ញុំជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងប្រពៃណីនៃសាមគ្គីភាពពិសេស ទំនុកចិត្តនយោបាយដ៏រឹងមាំ និងការឯកភាពគ្នារបស់ប្រជាជននៃប្រទេសទាំងពីរ វៀតណាម និងឡាវនឹងបន្តប្រកៀកស្មាគ្នា អភិវឌ្ឍជាមួយគ្នា និងធ្វើការរួមចំណែកជាវិជ្ជមានដល់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។
សូមអរគុណលោកឯកអគ្គរដ្ឋទូត!
បកប្រែដោយ Minh Trung