នៅក្នុងកិច្ចពិភាក្សានេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានស្នើឲ្យអេស្តូនី ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធន៍ដ៏មានតម្លៃលើការធ្វើបរិវត្ដកម្មឌីជីថល សេដ្ឋកិច្ចឌីជីថល ការកសាងរដ្ឋាភិបាលអេឡិចត្រូនិក ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការកសាងមជ្ឈមណ្ឌលទិន្នន័យធំរបស់វៀតណាម ការបណ្តុះបណ្តាលធនធានមនុស្សមានគុណភាពខ្ពស់ រួមចំណែកបម្រើប្រជាជនវៀតណាមឲ្យបានល្អ និងពង្រីកសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។
លោក Michal នាយករដ្ឋមន្ត្រី បានឯកភាពជាមួយសំណើរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ព្រមទាំងអះអាងថា អេស្តូនីមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម និងត្រៀមខ្លួនជាស្រេចសហការជាមួយវៀតណាមក្នុងដំណើរការធ្វើបរិវត្ដកម្មឌីជីថល នវានុវត្ដន៍ និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត សន្តិសុខតាមអ៊ីនធឺណិត ការអប់រំ-បណ្តុះបណ្តាល។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបពិភាក្សាការងារជាមួយលោក Kristen Michal នាយករដ្ឋមន្ត្រីអេស្តូនី (រូបថត៖ vnanet.vn) |
ថ្នាក់ដឹកនាំទាំងពីរបានអះអាងថា ប្រទេសទាំងពីរគួរតែជួយគាំទ្រគ្នាទៅវិញទៅមកដើម្បីការអភិវឌ្ឍរួម តាមនោះ រឹតបន្តឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ ក្នុងនោះ ភាគីទាំងពីរបានអះអាងថានឹងបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ដើម្បីពង្រឹងមូលដ្ឋាននយោបាយ ការយល់ដឹងគ្នាទៅវិញទៅមក ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀតផង។ អំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានឯកភាពថា ភាគីទាំងពីរនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរចូលមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងប្រទេសនីមួយៗ។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម សង្ឃឹមថា អេស្តូនីនឹងដើរតួនាទីជាស្ពានតភ្ជាប់ ដើម្បីជួយឲ្យទំនិញវៀតណាមឈានចូលទីផ្សារអឺរ៉ុបខាងជើងនិងសហភាពអឺរ៉ុប (EU)។ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ជាពិសេសវិស័យទេសចរណ៍ និងវប្បធម៌ តាមរយៈការផ្សព្វផ្សាយ និងការរៀបចំសកម្មភាពនានានៅក្នុងប្រទេសនីមួយៗ។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យអេស្តូនីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមដែលកំពុងរស់នៅ និងធ្វើការនៅអេស្តូនី បន្តរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសសាមី និងធ្វើជាស្ពានតភ្ជាប់រវាងប្រជាជាតិទាំងពីរ។
ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅអំពីស្ថានភាពពិភពលោក និងតំបន់ រួមទាំងស្ថានភាពសេដ្ឋកិច្ចពិភពលោក ការគាំទ្រពាណិជ្ជកម្មសេរី។ ភាគីទាំងពីរបានឯកភាពសហការយ៉ាងជិតស្និទ្ធ ពិគ្រោះយោបល់ និងគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាអន្តរជាតិ និងតំបន់នៅវេទិកាពហុភាគីដូចជាអង្គការសហប្រជាជាតិ អាស៊ាន និងសហភាពអឺរ៉ុប។
ពិភាក្សាអំពីបញ្ហាសន្តិសុខក្នុងតំបន់ ភាគីទាំងពីរបានឯកភាពលើភាពចាំបាច់នៃសាមគ្គីភាពអន្តរជាតិ គោរពច្បាប់និងគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ឲ្យដឹងថា វៀតណាមត្រៀមខ្លួនជាស្រេចសហការជាមួយសហគមន៍អន្តរជាតិក្នុងការខិតខំប្រឹងប្រែងរក្សាសន្តិភាព។
អំពីបញ្ហាសមុទ្រ និងមហាសមុទ្រ រួមទាំងសមុទ្រខាងកើត ភាគីទាំងពីរគាំទ្រសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានគោរពផលប្រយោជន៍របស់ប្រទេសជាប់មាត់សមុទ្រ ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ប្រឆាំងការប្រើប្រាស់កម្លាំង ឬ គំរាមកំហែងប្រើប្រាស់កម្លាំង។
នៅចុងបញ្ចប់នៃកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរបានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខា និងផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសវៀតណាម និងក្រសួងការបរទេសអេស្តូនី អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការធ្វើបរិវត្ដកម្មឌីជីថល និងសេដ្ឋកិច្ចឌីជីថលរវាងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមជាមួយក្រសួងយុត្តិធម៌ និងធ្វើបរិវត្ដកម្មឌីជីថលអេស្តូនី។ នាយករដ្ឋមន្ត្រីទាំងពីរក៏បានធ្វើជាប្រធាននៃសន្និសីទសារព័ត៌មានដើម្បីប្រកាសលទ្ធផលនៃកិច្ចពិភាក្សាការងារ។
* នារសៀលថ្ងៃទី៦ មិថុនា នៅរដ្ឋធានី Tallinn លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញចូលរួមកិច្ចសន្ទនាធុរកិច្ចវៀតណាម-អេស្តូនី។
នៅក្នុងកិច្ចសន្ទនានេះ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងអង្គភាពអាជីវកម្មរបស់វៀតណាមនិងអេស្តូនីបានឧទ្ទេសនាមអំពីសក្តានុពល ប្រៀបខ្លាំង គុណសម្បត្តិប្រកួតប្រជែង តម្រូវការសហប្រតិបត្តិការ និងការវិនិយោគនៃភាគីនីមួយៗ ព្រមទាំងពិភាក្សាអំពីដំណោះស្រាយដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងអេស្តូនី។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានស្នើឱ្យអាជីវកម្មអេស្តូនី បន្តជួយគាំទ្រ និងរួមដំណើរជាមួយរដ្ឋាភិបាល និងអាជីវកម្មវៀតណាម ដើម្បីស្វែងរកឱកាសថ្មី ពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង និងសក្តានុពលជាច្រើន បង្កើនការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ ធានាបាននូវសកម្មភាពផលិតកម្មប្រកបដោយស្ថិរភាពដើម្បីផលប្រយោជន៍នៃភាគីទាំងពីរ ឆ្លៀតយកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ រួមចំណែកដល់ការអភិវឌ្ឍរបស់វៀតណាមនិយាយដោយឡែក និងពិភពលោកនិយាយរួម។
* នាថ្ងៃទី ៦ មិថុនា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញទៅទស្សនាមជ្ឈមណ្ឌល e-Estonia ដែលជានិមិត្តរូបនៃរដ្ឋាភិបាលឌីជីថលឈានមុខគេនៅលើពិភពលោក។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញទៅទស្សនាមជ្ឈមណ្ឌល e-Estonia (រូបថត៖ vnanet.vn) |
ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីវៀតណាម បានស្នើឲ្យមជ្ឈមណ្ឌល e-Estonia និយាយដោយឡែក និងអេស្តូនីនិយាយរួម សហការ និងជួយវៀតណាមក្នុងការធ្វើបរិវត្ដកម្មឌីជីថល។ លោកនាយករដ្ឋមន្ត្រីវៀតណាម បានស្នើឲ្យមជ្ឈមណ្ឌល e-Estonia បញ្ជូនគណៈប្រតិភូមកចែករំលែកបទពិសោធន៍ដល់វៀតណាមក្នុងការធ្វើបរិវត្ដកម្មឌីជីថល កសាងរដ្ឋាភិបាលឌីជីថល សង្គមឌីជីថល និងពលរដ្ឋឌីជីថល។
* នាថ្ងៃដដែល លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអញ្ជើញទៅទស្សនាក្រុមហ៊ុន Cybernetica ដែលជានិមិត្តរួបនៃខឿនសេដ្ឋកិច្ចឌីជីថលរបស់អេស្តូនី និងជាអង្គភាពត្រួសត្រាយសកលក្នុងដំណោះស្រាយរដ្ឋាភិបាលអេឡិចត្រូនិក សន្តិសុខអុីនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល៕
បកប្រែដោយ Pham Diep