វៀតណាមយកចិត្តទុកដាក់ក្នុងការជំរុញទំនាក់ទំនងជាមួយអង្គការសហប្រជាជាតិ បារាំង អេស្តូនី និងស៊ុយអែត
កប.អនឡាញ - នាថ្ងៃទី ៥ មិថុនា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញទៅចូលរួមសន្និសីទមហាសមុទ្រអង្គការសហប្រជាជាតិ លើកទី ៣ (UNOC 3) នៅទីក្រុង Nice (បារាំង) ព្រមទាំងមានសកម្មភាពទ្វេភាគីមួយចំនួននៅប្រទេសបារាំង ហើយបានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអេស្តូនី និងព្រះរាជាណាចក្រស៊ុយអែត ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៤ មិថុនា តបតាមការអញ្ជើញរបស់ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Emmanuel Macron ប្រធានាធិបតីបារាំង លោក Kristen Michal នាយករដ្ឋមន្រ្តីអេស្តូនី និងលោក Ulf Kristersson នាយករដ្ឋមន្ត្រីស៊ុយអែត ។
នេះជាលើកទីមួយហើយដែលនាយករដ្ឋមន្ត្រីវៀតណាមបអញ្ជើញចូលរួម UNOC ហើយជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់នាយករដ្ឋមន្ត្រីនៅប្រទេសបារាំងចាប់តាំងពីប្រទេសទាំងពីរបានដំឡើងទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ (ខែតុលា ឆ្នាំ២០២៤) បន្ទាប់ពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់ លោក Emmanuel Macron ប្រធានាធិបតីបារាំង (ឧសភា ឆ្នាំ២០២៥)។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់ប្រទេសអេស្តូនី ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូត (១៩៩២) ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសស៊ុយអែតរបស់នាយករដ្ឋមន្ត្រីវៀតណាមបន្ទាប់ពីរយៈពេល ៧ ឆ្នាំ។
ដំណើរបំពេញការងារធ្វើឡើងក្នុងបរិបទនៃពិភពលោក និងស្ថានភាពក្នុងតំបន់ដែលកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ជំរុញស្ថានភាពពិភពលោកឱ្យផ្លាស់ប្តូរឆ្ពោះទៅរកពហុប៉ូល ពហុមជ្ឈភាព ពហុកម្រិត។ សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតែជានិន្នាការចម្បង ប៉ុន្តែអស្ថិរភាព និងភាពមិនច្បាស់លាសកំពុងកើនឡើង។ ស្ថានភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ថានឹងបន្តវិវឌ្ឍដោយមិនអាចទាយទុកជាមុនបាន ជាមួយនឹងហានិភ័យដែលអាចកើតមានជាច្រើន។ លើសពីនេះ បញ្ហាប្រឈមដូចជា គ្រោះមហន្តរាយធម្មជាតិ សន្តិសុខស្បៀង ជំងឺរាតត្បាតជាដើម នៅតែបន្តគំរាមកំហែងដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពជាសកល ខណៈដែលធនធានសម្រាប់ការអភិវឌ្ឍកំពុងខ្វះខាត ដែលធ្វើឲ្យការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ត្រូវបានវាយតំលៃថានឹងពិបាកសម្រេចបាននៅឆ្នាំ ២០៣០។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម |
មហាសមុទ្រនៅតែបន្តប្រឈមមុខនឹងហានិភ័យជាច្រើនដោយសារការប្រែប្រួលអាកាសធាតុ ជាតិអាស៊ីត ការបំពុលប្លាស្ទិក ការនេសាទច្រើនហួសប្រមាណ។ ទន្ទឹមនឹងនេះ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ទោះបីត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជាក្របខ័ណ្ឌច្បាប់គ្រប់គ្រងសកម្មភាពលើសមុទ្រ និងមហាសមុទ្រក៏ដោយ ក៏កំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនដែលអាចគំរាមកំហែងដល់លក្ខណៈបូរណភាព។
UNOC ត្រូវបានកោះប្រជុំដោយអគ្គលេខាធិការអង្គការសហប្រជាជាតិរៀងរាល់ ២ ឆ្នាំម្តង ប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ធ្វើជាសហម្ចាស់ផ្ទះ ក្នុងបំណងអនុវត្ត SDG 14 នៃរបៀបវារៈរបស់ UN SDG នៃអង្គការសហប្រជាជាតិស្តីពីការអភិរក្ស និងការប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃសមុទ្រ និងមហាសមុទ្រ សមុទ្រ និងធនធានសមុទ្រ។ UNOC 3 បានប្រព្រឹត្តទៅនៅទីក្រុង Nice (ប្រទេសបារាំង) ក្រោមប្រធានបទ "ការពន្លឿនសកម្មភាព និងការកៀងគរគ្រប់ភាគីចូលរួមអភិរក្ស និងប្រើប្រាស់មហាសមុទ្រប្រកបដោយនិរន្តរភាព" ដោយប្រទេសបារាំង និងកូស្តារីកាធ្វើជាសហប្រធាន ដែលរំពឹងនឹងពិភាក្សាអំពីបញ្ហាដែលសហគមន៍អន្តរជាតិកំពុងប្រឈមមុខ និងត្រូវការជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីទាក់ទាញ និងធ្វើពិពិធកម្មធនធានហិរញ្ញវត្ថុ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាប្រឈម និងគ្រប់គ្រងសមុទ្រប្រកបដោយប្រសិទ្ធភាព។ សន្និសីទនេះបានទាក់ទាញការយកចិត្តទុកដាក់ និងការចូលរួមពីប្រមុខរដ្ឋ ថ្នាក់ដឹកនាំប្រទេស និងអង្គការអន្តរជាតិជាច្រើន។
វៀតណាមកំពុងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្រដោយឈរលើមូលដ្ឋាននៃកំណើនបៃតង ការអភិរក្សជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ីសមុទ្រ ធានាបាននូវភាពសុខដុមរមនារវាងប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ច និងធម្មជាតិ ហើយរវាងការអភិរក្ស និងការអភិវឌ្ឍន៍ ព្រមទាំងលើកកម្ពស់សក្តានុពល និងគុណសម្បត្តិនៃសមុទ្រ ដើម្បីបង្កើតកម្លាំងចលការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។ វៀតណាមក៏កំពុងឆ្លើយតបយ៉ាងសកម្មចំពោះបម្រែបម្រួលអាកាសធាតុ និងការកើនឡើងកម្រិតទឹកសមុទ្រ បង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។ ដូច្នេះ UNOC 3 គឺស្របនឹងអាទិភាពរបស់វៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបង្កើនការគ្រប់គ្រង អភិរក្ស និងការប្រើប្រាស់សមុទ្រ និងមហាសមុទ្រប្រកបដោយនិរន្តរភាព។
សម្រាប់ប្រទេសបារាំង ទំនាក់ទំនងទ្វេភាគីបានបន្តអភិវឌ្ឍយ៉ាងល្អក្នុងរយៈពេលចុងក្រោយនេះ។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងជាផ្លូវការនៅឆ្នាំ ១៩៧៣ និងបានដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅខែតុលា ឆ្នាំ២០២៤ ដែលធ្វើឱ្យប្រទេសបារាំងក្លាយជាប្រទេសដំបូងគេក្នុងសហភាពអឺរ៉ុប (EU) មានទំនាក់ទំនងកម្រិតខ្ពស់បំផុតជាមួយវៀតណាម។ ភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ជាប្រចាំ រក្សាយន្តការសន្ទនា និងកិច្ចសហប្រតិបត្តិការជាច្រើន ចែករំលែកភាពស្រដៀងគ្នាជាច្រើនលើបញ្ហាអន្តរជាតិ និងតំបន់ គាំទ្រពហុភាគីនិយម និងសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងអង្គការអន្តរជាតិដូចជា UN, ASEAN-EU, និងសហគមន៍ Francophone។ បារាំងគឺជាដៃគូពាណិជ្ជកម្មធំជាងគេទីបួនរបស់វៀតណាម និងជាអ្នកវិនិយោគធំទីពីរនៅសហភាពអឺរ៉ុប និងជាអ្នកផ្តល់ជំនួយ ODA ទ្វេភាគីធំបំផុតរបស់វៀតណាម។ ចំណូលពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ៥៣% ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ដែលឈានដល់ជាង ៥.៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ។ កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ការអប់រំ-បណ្តុះបណ្តាល សុខាភិបាល យុត្តិធម៌ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ជាដើម គឺមានភាពរស់រវើក និងរីកចម្រើនកាន់តែខ្លាំងឡើង។
សម្រាប់អេស្តូនី ភាគីទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៩២ ហើយចាប់តាំងពីពេលនោះមកបានរក្សានូវចំណងមិត្តភាពប្រពៃណីដ៏ល្អ។ អេស្តូនីបានអះអាងម្តងហើយម្តងទៀតថា វៀតណាមជាដៃគូអាទិភាពនៅអាស៊ីអាគ្នេយ៍ ដោយមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមបន្ថែមទៀត។ ប្រទេសទាំងពីរសម្របសម្រួលយ៉ាងសកម្ម និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី។ អេស្តូនីគាំទ្រយ៉ាងសកម្មចំពោះវៀតណាមក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-Vietnam (EVFTA) និងជាប្រទេសមួយក្នុងចំណោមប្រទេស EU ដំបូងគេដែលផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ EU-Vietnam (EVIPA)។ ប្រទេសទាំងពីរនៅតែមានសក្ដានុពលជាច្រើនក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យ៖ បច្ចេកវិទ្យាព័ត៌មាន រដ្ឋាភិបាលអេឡិចត្រូនិក បញ្ញាសិប្បនិមិត្ត (AI) បច្ចេកវិទ្យាហិរញ្ញវត្ថុ សេដ្ឋកិច្ចឌីជីថល សន្តិសុខតាមអ៊ីនធឺណិត កំពង់ផែសមុទ្រឌីជីថល។ល។
សម្រាប់ប្រទេសស៊ុយអែត ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៦៩ មក ទំនាក់ទំនងទ្វេភាគីបានបន្តអភិវឌ្ឍជាវិជ្ជមាន។ ស៊ុយអែត គឺជាប្រទេសមួយក្នុងចំនោមប្រទេសលោកខាងលិចដំបូងគេដែលទទួលស្គាល់ និងបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម គាំទ្រយ៉ាងសកម្មវៀតណាមក្នុងការតស៊ូដណ្តើមឯករាជ្យ និងការបង្រួបបង្រួមជាតិ ក៏ដូចជាការកសាង និងអភិវឌ្ឍន៍ជាតិនាពេលបច្ចុប្បន្ន។ នៅឆ្នាំ ២០២៤ ប្រទេសទាំងពីរបានអនុវត្តសកម្មភាពជាច្រើន ដើម្បីអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត។ ប្រទេសស៊ុយអែតជាប់ចំណាត់ថ្នាក់ទី ២៩ ក្នុងចំណោមប្រទេស និងតំបន់ដែនដីចំនួន ១៤៩ ដែលវិនិយោគនៅវៀតណាម។ គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលផ្តល់ជំនួយអភិវឌ្ឍន៍ និងមានប្រសិទ្ធភាពបំផុតដល់វិស័យវប្បធម៌របស់វៀតណាម។ ជួយវៀតណាមបណ្តុះបណ្តាលអ្នកជំនាញ វិស្វករ និងបណ្ឌិតជាច្រើនក្នុងវិស័យព្រៃឈើ ក្រដាស ថាមពល ជីវបច្ចេកវិទ្យា ឱសថ និងសារព័ត៌មាន។ បច្ចុប្បន្ននេះនៅមានសក្កានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ទូរគមនាគមន៍ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល ការអប់រំ និងបណ្តុះបណ្តាល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ ឧស្សាហកម្មការពារជាតិ។ល។
ការដែល បារាំង អេស្តូនី និងស៊ុយអែត បានទទួលស្វាគមន៍លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ បង្ហាញពីការគោរពរបស់បណ្តាប្រទេសចំពោះតួនាទីកាន់តែសំខាន់របស់វៀតណាមនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជាបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើគ្របវិស័យជាមួយវៀតណាម រួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រសហប្រតិបត្តិការរបស់ EU នៅក្នុងតំបន់នេះ។ ដំណើរទស្សនកិច្ចរបស់ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ក៏ជាឱកាសសម្រាប់វៀតណាមអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព ពហុភាគីភាវូបនីយកម្ម ពិពិធកម្ម សមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ទូលំទូលាយ ស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាព ក្រោមស្មារតីនៃមហាសន្និបាតបក្សលើកទី១៣ និងបង្ហាញថា វៀតណាមជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ដែលបាននិងកំពុងអនុវត្តយ៉ាងសកម្មនូវវិធានការអភិរក្ស និងប្រើប្រាស់ធនធានសមុទ្រប្រកបដោយនិរន្តរភាព ហើយត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិលើបញ្ហានេះ។ ដំណើរទស្សនកិច្ចនេះក៏បានអះអាងនូវគោលនយោបាយជាប់លាប់របស់វៀតណាម ដែលតែងតែយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹង និងជំរុញទំនាក់ទំនងជាមួយបណ្តាប្រទេសអឺរ៉ុប រួមមាន បារាំង អេស្តូនី និងស៊ុយអែត។
យើងជូនពរដំណើរបំពេញទស្សនកិច្ចរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីប្រកបដោយជោគជ័យ អាស្រ័យលើនេះ វៀតណាម និងប្រទេសនានានឹងមានឱកាសកាន់តែច្រើន ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូប្រកបដោយភាពច្នៃប្រឌិត ប្រសិទ្ធភាព និរន្តរភាព និងឆ្ពោះទៅរកអនាគត៕
បកប្រែដោយ Duy Hoan