វៀតណាមធ្វើជាម្ចាស់ផ្ទះសន្និសីទ “អាជ្ញាធរមូលដ្ឋាន និងតំបន់អាស៊ីបូព៌ា”
កប.អនឡាញ - នាថ្ងៃទី ៦ ខែមិថុនា នៅទីក្រុង Hue ប្រទេសវៀតណាម សន្និសីទអាជ្ញាធរមូលដ្ឋាន និងតំបន់អាស៊ីបូព៌ាលើកទី១៤ បានប្រព្រឹត្តទៅដោយមានការចូលរួមពីគណៈប្រតិភូចំនួន ៣០ ដែលតំណាងឲ្យអាជ្ញាធរមូលដ្ឋានមកពីប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី និងវៀតណាម។
សន្និសីទនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ខែមិថុនា ដល់ថ្ងៃទី ៧ ខែមិថុនា ដោយផ្តោតលើប្រធានបទសំខាន់ចំនួន ២ គឺ “ការអភិវឌ្ឍទេសចរណ៍បៃតង និងនិរន្តរភាព” និង “ការអភិវឌ្ឍទីក្រុងឆ្លាតវៃ”។
    |
 |
ប្រតិភូចូលរួមសន្និសីទ "អាជ្ញាធរមូលដ្ឋាន និងតំបន់អាស៊ីបូព៌ា" លើកទី១៤ ដែលរៀបចំឡើងនៅទីក្រុង Hue (រូបថត៖ VOV) |
លោកស្រី Le Thi Hong Van ប្រធាននាយកដ្ឋានកិច្ចការបរទេស និងការទូតវប្បធម៌ នៃក្រសួងការបរទេសវៀតណាម បានឲ្យដឹងថា “ការអភិវឌ្ឍទេសចរណ៍បៃតង និងនិរន្តរភាព” និង “ការអភិវឌ្ឍទីក្រុងឆ្លាតវៃ” គឺជាសសរស្តម្ភសំខាន់ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ “បៃតង និរន្តរភាព និងបរិយាប័ន្ន”។ វិស័យទាំងពីរនេះ បានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយគ្នា និងបង្កើតឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងបណ្ដាមូលដ្ឋាន និងដៃគូអន្តរជាតិ។
សន្និសីទនេះ គឺជាសកម្មភាពប្រចាំឆ្នាំដែលផ្តួចផ្តើមឡើងដោយខេត្តណារ៉ា ប្រទេសជប៉ុន ចាប់តាំងពីឆ្នាំ ២០១០ មក ហើយបច្ចុប្បន្នមានការចូលរួមពីមូលដ្ឋានចំនួន៧៦ នៃប្រទេសចំនួន៧៖ ជប៉ុន ចិន កូរ៉េខាងត្បូង វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ ការរៀបចំសន្និសីទលើកទី ១៤ ជាសកម្មភាពមួយក្នុងចំណោមសកម្មភាព "ឆ្នាំទេសចរណ៍ជាតិ - Hue ឆ្នាំ២០២៥"៕
បកប្រែដោយ Thanh Cong