អ្នកយកព័ត៌មាន ៖ តើលោកស្រីអាចប្រាប់ឲ្យដឹងអំពីសារៈសំខាន់នៃដំណើរទស្សនិច្ចលើកនេះរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទេ?

លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang៖ បន្ទាប់ពីសកម្មភាពកិច្ចការបរទេសជាន់ខ្ពស់ដ៏រស់រវើករបស់បក្ស និងរដ្ឋតាំងពីដើមឆ្នាំមក ដំណើរទស្សនកិច្ចរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី  លើកនេះគឺជាជំហានជាក់ស្តែងក្នុងការអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព ពហុភាគីភាវូបនីយកម្ម ពិពិធកម្ម ចូលរួមសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម លើគ្រប់ជ្រុងជ្រោយ ស៊ីជម្រៅ និងមានប្រសិទ្ធភាព របស់មហាសន្និបាតបក្សលើកទី១៣ និងជាសកម្មភាពការបរទេសសំខាន់ដើម្បីជម្រុញការអនុវត្តសេចក្តីសម្រេចចិត្តលេខ 59-NQ/TW ស្តីពីសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី។

leftcenterrightdel
លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេស

ក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅលើពិភពលោក និងក្នុងតំបន់ ដំណើរទស្សនកិច្ចរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី លើកនេះមានអត្ថន័យយ៉ាងសំខាន់ ដោយបានឆ្លុះបញ្ចាំងលើចំណុចសំខាន់ៗចំនួន ៣៖

ទីមួយ គឺសារនៃសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ក្នុងកម្រិតទ្វេភាគី នេះជាឱកាសសំខាន់សម្រាប់យើងក្នុងការពង្រឹងថែមទៀតទំនាក់ទំនងរវាងវៀតណាម និងបារាំង ស៊ុយអែត និងអេស្តូនី ដែលជាប្រទេសដែលមានតួនាទីសំខាន់នៅអឺរ៉ុប។ ទន្ទឹមនឹងនោះ តាមរយៈដំណើរទស្សនកិច្ចនេះ យើងក៏នឹងមានបំណងជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយសហភាពអឺរ៉ុប (EU) លើកកម្ពស់តួនាទីជាស្ពានសម្រាប់កិច្ចសហប្រតិបត្តិការលើគ្របវិស័យរវាង EU និងបណ្តាប្រទេសអាស៊ាន ពង្រឹងការសម្របសម្រួលក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ និងពិភពលោក ព្រមទាំងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក។

ទីពីរ ដំណើរទស្សនកិច្ចនេះជាឱកាសសម្រាប់វៀតណាម ផ្សព្វផ្សាយទៅកាន់សហគមន៍អន្តរជាតិនូវសារនៃការប្តេជ្ញាចិត្ត និងសេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍ ទាក់ទាញធនធានអន្តរជាតិជាអតិបរមា ដើម្បីបម្រើគោលដៅអភិវឌ្ឍន៍របស់ប្រទេសក្នុងយុគសម័យថ្មី។ យើងទាំងអស់គ្នាដឹងហើយថា ប្រទេសបារាំងមានឧត្តមភាពខាងទូរគមនាគមន៍ លំហអាកាស ថាមពលកកើតឡើងវិញ បច្ចេកវិទ្យាផលិតកម្ម ផ្លូវរថភ្លើងល្បឿនលឿន។ល។ ទន្ទឹមនឹងនោះ ចាប់តាំងពីបានចូលជាសមាជិកសហភាពអឺរ៉ុបក្នុងឆ្នាំ ២០០៤ មក អេស្តូនីទទួលបានសមិទ្ធិផលដ៏អស្ចារ្យក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសមាហរណកម្មអឺរ៉ុប ជាពិសេសជាអ្នកត្រួសត្រាយផ្លូវក្នុងការធ្វើបរវត្តកម្មឌីជីថល និងការអនុវត្តរដ្ឋាភិបាលអេឡិចត្រូនិក។ ស៊ុយអែតជាប្រទេសអភិវឌ្ឍន៍ដែលមានភាពខ្លាំងខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បរិស្ថាន សេដ្ឋកិច្ចបៃតង។ល។ ទាំងនេះនឹងជាវិស័យសហប្រតិបត្តិការសំខាន់ៗ ជាសសរស្តម្ភដើម្បីបន្តជម្រុញទំនាក់ទំនង ស្របតាមទិសដៅអភិវឌ្ឍន៍ និងការទាក់ទាញវិនិយោគរបស់វៀតណាម សំដៅសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់នាពេលខាងមុខ។

ទី៣ ក្រោមទិដ្ឋភាពពហុភាគី ការអញ្ជើញចូលរួមរបស់ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ក្នុង UNOC 3 ក្រោមប្រធានបទ “ពន្លឿនសកម្មភាព និងគៀងគរគ្រប់ភាគីចូលរួមក្នុងការអភិរក្ស និងប្រើប្រាស់សមុទ្រប្រកបដោយនិរន្តរភាព” បានបង្ហាញសារដ៏ជាប់លាប់ថា វៀតណាមជាដៃគូជឿទុកចិត្ត ជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ដើម្បីអនាគតរុងរឿង និងអភិវឌ្ឍន៍រួមគ្នា។ នៅក្នុងសន្និសីទនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី  នឹងតំណាងឱ្យប្រទេសអាស៊ានថ្លែងសុន្ទរកថាដ៏សំខាន់មួយ ដោយអះអាងនូវគោលជំហរជាប់លាប់របស់អាស៊ានលើការប្រកាន់ខ្ជាប់នូវពហុភាគីនិយម និងច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ដើម្បីដោះស្រាយបញ្ហាប្រឈមរួមទាក់ទងនឹងសមុទ្រ និងមហាសមុទ្រ។ លោកនាយករដ្ឋមន្ត្រីក៏នឹងចែករំលែកនូវវិធានការដ៏ខ្លាំងក្លា និងរឹងមាំដែលវៀតណាមកំពុងអនុវត្តដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ស្តីពីការអភិរក្ស និងការប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃមហាសមុទ្រ សមុទ្រ និងធនធានសមុទ្រ។ ក្នុងក្របខ័ណ្ឌនៃសន្និសីទ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ប្រធានាធិបតីកូឡុំប៊ី និងប្រធានាធិបតីអ៊ីរ៉ាក់នឹង ធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលស្តីពីតំបន់ដីសណ្តរបស់ពិភពលោក ក្នុងការប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ បង្ហាញការត្រៀមខ្លួនរបស់វៀតណាមក្នុងការរួមចំណែក និងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍អន្តរជាតិដើម្បីការពារ និងអភិវឌ្ឍកន្លែងអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់បណ្តាប្រទេស។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីនឹងចូលរួមសកម្មភាពសេដ្ឋកិច្ច និងមហាសមុទ្រមួយចំនួនក្នុងប្រទេស Monaco ជាមួយភ្ញៀវពិសេសមួយចំនួនទៀត តាមការអញ្ជើញរបស់រដ្ឋាភិបាល Monaco។

អ្នកយកព័ត៌មាន៖ តើលោកស្រីអាចប្រាប់ដឹងអំពីការអភិវឌ្ឍជាវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម ជាមួយអេស្តូនី ស៊ុយអែត បារាំង ក៏ដូចជាការរួមចំណែករបស់វៀតណាមក្នុងសន្និសីទមហាសមុទ្រអង្គការសហប្រជាជាតិនាពេលថ្មីៗនេះដែរទេ?

លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang៖ ដំណើរបំពេញទស្សនកិច្ចរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងរបស់វៀតណាមជាមួយប្រទេសជាដៃគូបន្តអភិវឌ្ឍប្រកបដោយភាពវិជ្ជមាន និងសម្រេចបានលទ្ធផលល្អជាច្រើន។

សម្រាប់បារាំង បន្ទាប់ពីប្រទេសទាំងពីរបានបង្កើនទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយក្នុងខែតុលា ឆ្នាំ ២០២៤ ក្នុងអំឡុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសបារាំងរបស់លោក To Lam  អគ្គលេខាបក្ស និងជាប្រធានរដ្ឋនោះ បារាំងបានក្លាយជាប្រទេស EU ដំបូងគេដែលមានកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់បំផុតជាមួយវៀតណាម។ ទន្ទឹមនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមនៅចុងខែឧសភា ឆ្នាំ ២០២៥ របស់លោក Emmanuel Macron ប្រធានាធិបតីបារាំងនោះ ការជឿទុកចិត្តផ្នែកនយោបាយរវាងប្រទេសទាំងពីរបានពង្រឹង និងមានការអភិវឌ្ឍយ៉ាងខ្លាំង។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្តជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាម និងបារាំង។ ទន្ទឹមនឹងនោះ ប្រទេសទាំងពីរកំពុងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើទិសដៅឯកទេសក្នុងវិស័យដែលបារាំងមានឧត្តមភាព ហើយវៀតណាមមានតម្រូវការដូចជា៖ លំហអាកាស ការបំប្លថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងពង្រីកទៅកាន់វិស័យថ្មីៗដូចជា ផ្កាយរណប ថាមពលនុយក្លេអ៊ែរ។ កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតដូចជា វប្បធម៌ ការអប់រំ-បណ្តុះបណ្តាល សុខាភិបាល... បន្តបង្ហាញពីភាពស្វាហាប់ និងសមត្ថភាពក្នុងការប្រាស្រ័យទាក់ទង និងសម្របសម្រួលរវាងដៃគូនៃប្រទេសទាំងពីរ...

សម្រាប់ស៊ុយអែត និងអេស្តូនី ទាំងនេះគឺជាដៃគូមិត្តភាពប្រពៃណីដ៏សំខាន់ មានទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម។ ស៊ុយអែតគឺជាប្រទេសលោកខាងលិចដែលមានចលនាគាំទ្រយ៉ាងខ្លាំងចំពោះការតស៊ូប្រយុទ្ធរបស់វៀតណាមដើម្បីឯករាជ្យជាតិ និងការបង្រួបបង្រួមជាតិ។ ស៊ុយអែតក៏ជាប្រទេសនៅអឺរ៉ុបពាយ័ព្យដែលផ្តល់ជំនួយឥតសំណងធំជាងគេដល់វៀតណាម ដែលមានតម្លៃសរុបជាង ២ ពាន់លានដុល្លារចាប់តាំងពីឆ្នាំ ១៩៦៧ ដោយផ្តោតលើវិស័យសុខាភិបាល កំណែទម្រង់សេដ្ឋកិច្ច ការកសាងស្ថាប័ន កំណែទម្រង់រដ្ឋបាល។ល។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ វៀតណាម និងស៊ុយអែតបានរក្សាការពិគ្រោះយោបល់នយោបាយជាប្រចាំ។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការរីកចម្រើនជាបន្តបន្ទាប់...

សម្រាប់អេស្តូនី ទំនាក់ទំនងរវាងប្រទេសទាំងពីរគឺឈរលើមូលដ្ឋាននៃចំណងមិត្តភាពដ៏ល្អ។ អេស្តូនីបានគាំទ្រយ៉ាងសកម្មវៀតណាមក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និង EU (EVFTA) ហើយជាប្រទេសមួយក្នុងចំណោមប្រទេស EU ដំបូងគេដែលផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគរវាងវៀតណាមនិង EU (EVIPA)។ ទោះបីជាទំហំពាណិជ្ជកម្មទ្វេភាគីនៅតែមានកម្រិតតិចតួចក៏ដោយ ក៏វាមាននិន្នាការកើនឡើងជាលំដាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ភាគីទាំងពីរកំពុងទាញយកអត្ថប្រយោជន៍នៃ EVFTA ដើម្បីពង្រីកការចូលមកទីផ្សារ ជាពិសេសនៅក្នុងតំបន់ដែលភាគីទាំងពីរមានតម្រូវការ

ចំណែក UNOC 3 នេះគឺជាសន្និសីទដ៏សំខាន់មួយ ណែនាំការរៀបចំសម្រាប់ការបញ្ចប់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ជាពិសេស SDG 14 ស្តីពីការអភិរក្ស និងការប្រើប្រាស់ប្រកបដោយចីរភាពនៃមហាសមុទ្រ សមុទ្រ និងធនធានសមុទ្រ។ នៅក្នុងសន្និសីទមុនៗ វៀតណាមបានបញ្ជូនតំណាងទៅចូលរួម និងពិភាក្សានៅសម័យប្រជុំសំខាន់ៗ និងសម័យប្រជុំប្រធានបទ ដោយហេតុនោះ រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិឆ្ពោះទៅរកការអភិរក្ស និងប្រើប្រាស់ប្រកបដោយចីរភាពនៃមហាសមុទ្រ សមុទ្រ និងធនធានសមុទ្រ។ ទោះយ៉ាងណាក៏ដោយ ក្នុងបរិបទដែលមហាសមុទ្របន្តប្រឈមមុខនឹងហានិភ័យជាច្រើនដោយសារការប្រែប្រួលអាកាសធាតុ ជាតិអាស៊ីត ការបំពុលប្លាស្ទីក និងការអនុវត្ត SDG 14 នៅតែប្រឈមមុខនឹងការលំបាកជាច្រើននោះ ការចូលរួមរបស់នាយករដ្ឋមន្ត្រីក្នុង UNOC 3 នឹងបង្ហាញយ៉ាងមុតមាំនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការក្លាយជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ លើកកម្ពស់តួនាទីពហុភាគីនិយម តួនាទីរបស់អង្គការសហប្រជាជាតិ និងការគោរពច្បាប់អន្តរជាតិ ជាពិសេស UNCLOS 1982 ក្នុងការដោះស្រាយបញ្ហាសមុទ្រ និងមហាសមុទ្រ ដោយហេតុនោះ រួមចំណែកផ្សព្វផ្សាយយ៉ាងខ្លាំងក្លានូវសារអំពីវៀតណាមមួយប្រកបដោយភាពសកម្ម វិជ្ជមាន ទំនួលខុសត្រូវ និងត្រៀមខ្លួនជាស្រេចជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដើម្បីមហាសមុទ្របៃតង សន្តិភាព ស្ថិរភាព និរន្តរភាព និងវិបុលភាព ដែលជាគោលបំណងនៃសន្និសីទលើកនេះ។

អ្នកយកព័ត៌មាន៖ អរគុណលោកស្រីអនុរដ្ឋមន្ត្រី!

បកប្រែដោយ Duy Hoan