ទំនាក់ទំនងលើគ្រប់វិស័យវៀតណាម-ជប៉ុនអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព
កប.អនឡាញ - នាថ្ងៃទី ៦ ខែមិថុនា នៅវិមានប្រធានរដ្ឋ លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានទទួលជួបលោក Ito Naoki ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំនៅវៀតណាម។
ក្នុងជំនួប លោក Luong Cuong ប្រធានរដ្ឋ បានអះអាងថា ដោយមានមូលដ្ឋានគ្រឹះនៃទំនាក់ទំនងយូរអង្វែង និងសមិទ្ធិផលដែលទទួលបានក្នុងរយៈពេលជាង ៥០ ឆ្នាំចាប់តាំងពីប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូត ជាពិសេសចាប់តាំងដំឡើងទំនាក់ទំនងក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅចុងឆ្នាំ២០២៣ ទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍយ៉ាងជាក់ស្ដែង និងមានប្រសិទ្ធភាព ដោយមានទំនុកចិត្តខាងនយោបាយកាន់តែរឹងមាំ។ វៀតណាមតចាត់ទុកជប៉ុនជាដៃគូសំខាន់បំផុតក្នុងគោលនយោបាយការបរទេស និងគាំទ្រប្រទេសជប៉ុនក្នុងការលើកកម្ពស់តួនាទីកាន់តែខ្លាំង ក្នុងការរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ក៏ដូចជាលើពិភពលោក។ លោក Luong Cuong ប្រធានរដ្ឋ បានបញ្ជាក់ថា វៀតណាមមានបំណងសហការជាមួយប្រទេសជប៉ុន ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
    |
 |
លោក Luong Cuong ប្រធានរដ្ឋវៀតណាម ទទួលជួបលោក Ito Naoki ឯកអគ្គរដ្ឋទូតជប៉ុន |
លោកប្រធានរដ្ឋបានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការរួមចំណែកយ៉ាងសកម្មរបស់លោកឯកអគ្គរដ្ឋទូតក្នុងការជំរុញទំនាក់ទំនងវៀតណាម-ជប៉ុន។ លោកប្រធានរដ្ឋស្នើឲ្យលោកឯកអគ្គរដ្ឋទូតយកចិត្តទុកដាក់ដល់ការលើកកម្ពស់ទំនុកចិត្តខាងនយោបាយ តាមរយៈដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងអនុវត្តយន្តការសហប្រតិបត្តិការរវាងប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាព ជំរុញកិច្ចសហប្រតិបត្តិការអំពីការធានាសន្តិសុខសេដ្ឋកិច្ច សន្តិសុខស្បៀង ការវិនិយោគ និងពាណិជ្ជកម្ម។ល។
លោកប្រធានរដ្ឋស្នើឲ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ជាពិសេសក្នុងវិស័យ semiconductors និងជម្រុញកិច្ចសហប្រតិបត្តិការក្នុងការធ្វើបរិវត្តកម្មឌីជីថល ហើយអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ រួមទាំងការបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា។ ភាគីទាំងពីរគប្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ តភ្ជាប់ធនធានមនុស្ស សហប្រតិបត្តិការលើវិស័យពលកម្ម បង្កើនការផ្លាស់ប្តូរវប្បធម៌ និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ពង្រឹងកិច្ចសហប្រតិបត្តិការ បង្កើនកិច្ចសហការនិងគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នានៅយន្តការ និងវេទិកាថ្នាក់តំបន់ និងអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ APEC អាស៊ានជាដើម។
លោក Naoki ឯកអគ្គរដ្ឋទូត អះអាងថា ជប៉ុនជានិច្ចកាលគាំទ្រគោលនយោបាយអភិវឌ្ឍន៍ប្រទេសជាតិក្នុងបរិបទដែលវៀតណាមឈានចូលយុគសម័យថ្មី។ លោកឯកអគ្គរដ្ឋទូតបានស្នើថា ភាគីទាំងពីរជំរុញទំនាក់ទំនងទ្វេភាគី ពង្រីកលទ្ធផលនៃដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក Ishiba Shigeru នាយករដ្ឋមន្ត្រីជប៉ុន តាមរយៈនោះ ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសការធ្វើបរិវត្តកម្មឌីជីថល ការធ្វើបរិវត្តកម្មបៃតង និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI)។ ភាគីទាំងពីរបានឯកភាពអនុវត្តគម្រោងស្រាវជ្រាវក្នុងវិស័យ semiconductors និងបន្តជំរុញគម្រោងសាកលវិទ្យាល័យវៀតណាម-ជប៉ុន។ល៕
បកប្រែដោយ Thuy Anh