វៀតណាមជាដៃគូសំខាន់របស់អេស្តូនីនៅតំបន់អាស៊ីអាគ្នេយ៍
កប.អនឡាញ - នាព្រឹកថ្ងៃទី ៥ មិថុនា (ម៉ោងក្នុងតំបន់) យន្តហោះពិសេសដឹកលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញមកដល់រដ្ឋធានី Tallinn ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអេស្តូនីចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែមិថុនា តបតាមការអញ្ជើញរបស់លោក Kristen Michal នាយករដ្ឋមន្ត្រីអេស្តូនី។
នារសៀលថ្ងៃទី ៥ មិថុនា (ម៉ោងក្នុងតំបន់) លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបសវនាការជាមួយលោក Lauri Hussar ប្រធានរដ្ឋសភាអេស្តូនី នៅទីស្នាក់ការរដ្ឋសភាអេស្តូនី។
ដោយសង្កត់ធ្ងន់លើតួនាទី និងកិត្យានុភាពរបស់វៀតណាមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក លោក Lauri Hussar ប្រធានរដ្ឋសភាអេស្តូនី បានអះអាងថា វៀតណាមជាដៃគូសំខាន់មួយក្នុងចំណោមដៃគូរបស់អេស្តូនីនៅតំបន់អាស៊ីអាគ្នេយ៍។ លោក Lauri Hussar បញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺជាឱកាសដ៏ល្អសម្រាប់ប្រទេសទាំងពីរពង្រឹងទំនាក់ទំនងសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅនាពេលខាងមុខ។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Lauri Hussar ប្រធានរដ្ឋសភាអេស្តូនី (រូបថត៖ vnanet.vn) |
ដោយសម្តែងក្តីរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីនាពេលកន្លងមក លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកបង្កើតរបកគំហើញ បើកដំណាក់កាលថ្មីនៃការអភិវឌ្ឍក្នុងទំនាក់ទំនងសហប្រតិបត្តិការ ប្រពៃណីដ៏ល្អ ស្របនឹងសក្តានុពល និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា ប្រទេសទាំងពីរគួរតែបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគបន្ថែមទៀតជាពិសេសក្នុងបរិបទដែលស្ថានភាពនយោបាយ សេដ្ឋកិច្ចនៅលើពិភពលោកមានការវិវឌ្ឍយ៉ាងស្មុគស្មាញ។ វៀតណាមត្រៀមខ្លួនបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មអេស្តូនីចូលមកវិនិយោគនៅវៀតណាម។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឲ្យភាគីទាំងពីរឆាប់បង្កើតក្រុមសមាជិកសភាមិត្តភាពនៃរដ្ឋសភាប្រទេសទាំងពីរ ដើម្បីជំរុញការផ្លាស់ប្តូរយោបល់លើវិធានការជាក់លាក់ដើម្បីបង្កើនទំនុកចិត្តខាងនយោបាយ និងការយោគយល់គ្នាទៅវិញទៅមក។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យរដ្ឋសភាអេស្តូនី គាំទ្រ និងជំរុញការបង្កើតគណៈកម្មាធិការចម្រុះវៀតណាម-អេស្តូនីស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងនវានុវត្តន៍។ ទន្ទឹមនឹងនោះ ជំរុញរដ្ឋសភានៃប្រទេសមួយចំនួននៃសហភាពអឺរ៉ុប (EU) ឲ្យឆាប់ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ដើម្បីបង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។
លោក Lauri Hussar ប្រធានរដ្ឋសភាអេស្តូនី អះអាងថា អេស្តូនីមានបំណងចង់ពង្រីកទំនាក់ទំនងជាមួយអាស៊ីអាគ្នេយ៍ ហើយជឿជាក់ថា តួនាទីជាស្ពានតភ្ជាប់របស់វៀតណាមនិងអេស្តូនី ក៏ដូចជាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរនឹងក្លាយជាកត្តាជំរុញកម្លាំងចលករសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការ EU និងអាស៊ាននាពេលខាងមុខ។
    |
 |
ទីដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn) |
ភាគីទាំងពីរបានឯកភាពគ្នាជំរុញយន្តការសន្ទនា និងផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំ បង្កើនកិច្ចសហប្រតិបត្តិការ និងចែករំលែកព័ត៌មាន និងបទពិសោធន៍លើវិស័យជាច្រើន រួមទាំងវិស័យនីតិប្បញ្ញត្តិផងដែរ។ ភាគីទាំងពីរក៏បានឯកភាពគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរសភា។
ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់។ អំពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានអះអាងនូវសារៈសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានគោរពផលប្រយោជន៍របស់ប្រទេសមានឆ្នេរសមុទ្រស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងប្រឆាំងដាច់ខាតចំពោះការគំរាមកំហែង ឬ ការប្រើប្រាស់កម្លាំង៕
បកប្រែដោយ Pham Diep