អ្នកសារព័ត៌មាន៖ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីនិងលោកជំទាវ រួមទាំងគណៈប្រតិភូវៀតណាមនឹងធ្វើដំណើរទៅទីក្រុង Nice ប្រទេសបារាំង ដើម្បីអញ្ជើញចូលរួមសន្និសីទមហាសមុទ្រអង្គការសហប្រជាជាតិលើកទី៣ - UNOC3។ តើលោកឯកអគ្គរដ្ឋទូតវាយតម្លៃយ៉ាងណាចំពោះការចូលរួមរបស់ថ្នាក់ដឹកនាំវៀតណាម ក្នុងព្រឹត្តិការណ៍នេះដែលបារាំងធ្វើជាម្ចាស់ផ្ទះ?

លោក Olivier Brochet៖ យើងមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលនាយករដ្ឋមន្ត្រីវៀតណាមបានសម្រេចចិត្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅចូលរួមសន្និសីទមហាសមុទ្ររបស់អង្គការសហប្រជាជាតិ ដែលដឹកនាំដោយបារាំង និងកូស្តារីកា។ ការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាមក្នុងសន្និសីទនេះ បានបង្ហាញពីការប្តេជ្ញាចិត្ត និងការចាប់អារម្មណ៍របស់វៀតណាមក្នុងការដោះស្រាយរាល់បញ្ហាប្រឈមមានលក្ខណៈសកលលោក ដូចជាការឡើងកំដៅផែនដី ការបំពុលបរិស្ថាន និងការអភិរក្សជីវៈចម្រុះជាដើម។

ការអញ្ជើញចូលរួមរបស់វៀតណាមកាន់តែមានន័យ ព្រោះវៀតណាមជាប្រទេសដែលមានឆ្នេរសមុទ្រវែងជាង ៣,២០០ គីឡូម៉ែត្រ ហើយកំពុងប្រឈមមុខនឹងបញ្ហាទាក់ទងនិងសមុទ្រ ដូចជាការប្រែប្រួលអាកាសធាតុ សំណឹកឆ្នេរសមុទ្រ និងបញ្ហាផ្សេងៗទៀតដែលទាក់ទងនឹងការថយចុះនៃធនធានជលផល និងសមុទ្រ។ ដូច្នេះហើយ សម្លេងរបស់វៀតណាមនៅសន្និសីទគឺកាន់តែមានន័យ។

បារាំង និងវៀតណាម មានទស្សនៈស្រដៀងគ្នាជាច្រើន ហើយភាគីទាំងពីរចង់និយាយឱ្យសហគមន៍អន្តរជាតិស្តាប់ ជាពិសេសក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ និងសន្និសីទរបស់អង្គការសហប្រជាជាតិ។ ហេតុនេះហើយ ភាគីបារាំងមានសេចក្តីសោមនស្សរីករាយជាខ្លាំងនៅពេលដែលវៀតណាម បានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួម UNOC3 ហើយក៏បានស្នើឱ្យវៀតណាមធ្វើជាអ្នកដឹកនាំព្រឹត្តិការណ៍មួយមិនផ្លូវការអំពីបណ្តាតំបន់ដីសណ្ដ និងទន្លេនៅលើពិភពលោក រួមទាំងដីសណ្ដទន្លេមេគង្គផងដែរ។ សន្និសីទនៅទីក្រុង Nice នឹងក្លាយជាឱកាសមួយដើម្បីបញ្ជាក់ពីសមត្ថភាពរបស់បារាំង និងវៀតណាម ក្នុងកិច្ចសហប្រតិបត្តិការដើម្បីការពារតម្លៃ និងទស្សនៈ របស់ពួកគេលើឆាកអន្តរជាតិ រួមចំណែកដោះស្រាយបញ្ហាប្រឈមសកល។

ក្នុងឱកាសនៃសន្និសីទនេះ យើងទន្ទឹងរង់ចាំថ្នាក់ដឹកនាំវៀតណាមបានប្រកាសអំពីការអនុម័តសន្ធិសញ្ញាការការពារសមុទ្រអន្តរជាតិ (BBNJ) ស្តីពីការអភិរក្ស និងការប្រើប្រាស់ប្រកបដោយចីរភាពនៃជីវចម្រុះសមុទ្រ។ ប្រទេសបារាំងបានផ្តល់សច្ចាប័ន និងរំពឹងថាវៀតណាម និងប្រទេសដទៃទៀតនឹងធ្វើដូចគ្នាក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យឯកសារនេះចូលជាធរមានក្នុងពេលឆាប់ៗនេះ។ ចំពោះប្រទេសបារាំង សន្និសីទនៅទីក្រុង Nice មានសារៈសំខាន់ស្មើទៅនិងសន្និសីទ COP ស្តីពីអាកាសធាតុ និងជីវចម្រុះ។

បើនិយាយដល់សមុទ្រវិញ វាជាធនធានធម្មជាតិដ៏សម្បូរបែបដែលចិញ្ចឹមមនុស្សលោក។ វាក៏ជាលំហសម្រាប់តភ្ជាប់ទ្វីបផងដែរ។ ដូច្នេះហើយ អ្វីដែលពិភពលោកកំពុងជួបប្រទះនាពេលនេះ ទាក់ទងនឹងសុវត្ថិភាព បូរណភាពទឹកដី ការអភិវឌ្ឍប្រកបដោយចីរភាព សមុទ្រតែងតែជាបញ្ហាមានលក្ខណៈរស់ស្លាប់។ ប៉ុន្តែការពិតគឺថាមហាសមុទ្រកំពុង "ឈឺធ្ងន់" ។ បម្រែបម្រួលអាកាសធាតុបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើមហាសមុទ្រ។ មហាសមុទ្រកំពុងជួបប្រទះនឹងបញ្ហាជាបន្តបន្ទាប់ដូចជា ការកើនឡើងសីតុណ្ហភាព ជាតិអាស៊ីត ការបំពុលប្លាស្ទីក ការបាត់បង់ជីវចម្រុះ។ល។ របួសទាំងអស់របស់ផែនដីបានឆ្លុះបញ្ចាំងនៅក្នុងមហាសមុទ្រ។ ដូច្នេះ បារាំងមានបំណងចង់សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប និងប្រទេសមិនមែនសហភាពអឺរ៉ុប ដូចជាវៀតណាម ដើម្បីមានការយល់ដឹងរួមអំពីហានិភ័យដែលគំរាមកំហែងមហាសមុទ្រ ហើយចាត់វិធានការទាន់ពេលវេលា និងជាក់ស្តែង មុនពេលវាយឺតពេល។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោកជំទាវ ចាកចេញពីទីក្រុងហាណូយទៅចូលរួមសន្និសីទមហាសមុទ្រលើកទី៣ របស់អង្គការសហប្រជាជាតិនៅប្រទេសបារាំង ហើយទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអេស្តូនី និងស៊ុយអែត (រូបថត៖ vnanet.vn)

អ្នកសារព័ត៌មាន៖ តើបារាំង និងវៀតណាមអាចធ្វើអ្វីរួមគ្នា ដើម្បីទាញយកធនធានសមុទ្រប្រកបដោយនិរន្តរភាព?

លោក Olivier Brochet៖ ប្រទេសទាំងពីរបានសហការជាលក្ខណៈអន្តរជាតិ ជាពិសេសក្នុងការលើកកម្ពស់បទប្បញ្ញត្តិស្តីពីដែនទឹកអន្តរជាតិ ដែលបច្ចុប្បន្នមិនមានស្តង់ដារ។ សន្ធិសញ្ញា BBNJ គឺជាជំហានឆ្ពោះទៅមុខ ដើម្បីគ្រប់គ្រងការកេងប្រវ័ញ្ចធនធាននៅក្នុងដែនទឹកអន្តរជាតិ។

លើសពីនេះ ប្រទេសទាំងពីរក៏មានប្រពៃណីដ៏យូរលង់នៃកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ ជាពិសេសក្នុងការស្រាវជ្រាវមហាសមុទ្រ ដោយមានការចូលរួមពីអង្គភាពបារាំងដូចជា IRD, IFREMER និង CIRAD - អង្គការបារាំងដែលកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូវៀតណាម។ ជាឧទាហរណ៍ នៅឆ្នាំ ២០២៤ យុទ្ធនាការអង្កេតមហាសមុទ្ររួមគ្នា PLUME ដែលធ្វើឡើងដោយ IRD, IFREMER សហការជាមួយបណ្ឌិតសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បានសិក្សាស្ថានភាពបំពុលនៃសមុទ្រ និងទន្លេវៀតណាម ដោយឈរលើមូលដ្ឋានកំណត់ប្រភពបំពុល និងលើកឡើងដំណោះស្រាយដើម្បីកំណត់ការបំពុល។

បារាំងក៏សហការជាមួយវៀតណាមក្នុងការដោះស្រាយបញ្ហាដូចជាឧប្បត្តិហេតុសំណឹកឆ្នេរសមុទ្រ។ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) កំពុងអនុវត្តគម្រោងគាំទ្រខេត្ត ក្រុងជាច្រើនក្នុងប្រទេសវៀតណាម ដែលមានឆ្នេរខ្សាច់បាក់ស្រុត ដើម្បីដោះស្រាយបញ្ហាទាំងនេះ។

បញ្ហាមួយទៀត ដាច់ដោយឡែកចំពោះវៀតណាម គឺកាតលឿងរបស់ EU សម្រាប់ជលផលសមុទ្រវៀតណាម ដែលតម្រូវឱ្យវៀតណាមគ្រប់គ្រងប្រភពដើមនៃជលផលសមុទ្រ ដើម្បីជៀសវាងការបំផ្លិចបំផ្លាញហួសហេតុនៃធនធានជលផល/អាហារសមុទ្រ។ ក្នុងន័យនេះ បារាំងគាំទ្រវៀតណាមឲ្យត្រូវឆ្លើយតបតាមលក្ខខណ្ឌកំណត់ដោយ EU ដើម្បីដកកាតលឿង។

ក្នុងអំឡុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់ប្រធានាធិបតីបារាំង យើងបានប្រកាសកញ្ចប់ជំនួយដែលមានតម្លៃ ៧០០,០០០ អឺរ៉ូ ទាក់ទងនឹងការសាកល្បងរាល់ឧបករណ៍ត្រួតពិនិត្យផ្កាយរណបនៅលើកប៉ាល់នេសាទវៀតណាម។ បន្ទាប់ពីរយៈពេលសាកល្បង វាអាចដាក់ពង្រាយនៅលើកងនាវានេសាទវៀតណាមទាំងមូល ដោយហេតុនេះបំពេញតាមតម្រូវការកំណត់ដោយ EU។

អ្នកសារព័ត៌មាន៖ ការច្នៃប្រឌិត និងការស្រាវជ្រាវវិទ្យាសាស្ត្រកំពុងក្លាយជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងវៀតណាម-បារាំង។ បន្ទាប់ពីរាល់កិច្ចព្រមព្រៀងថ្មីដែលបានចុះហត្ថលេខាលើវិស័យនេះ តើវិស័យអាទិភាពអ្វីខ្លះដែលបារាំងចង់ផ្តោតលើកិច្ចសហប្រតិបត្តិការជាមួយវៀតណាម?

លោក Olivier Brochet៖ ជារួម ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក កិច្ចសហប្រតិបត្តិការវៀតណាម-បារាំង លើវិស័យអប់រំឧត្តមសិក្សា និងស្រាវជ្រាវតែងតែជាសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ ឈរលើមូលដ្ឋាននោះ យើងសង្ឃឹមថា ក្នុងដំណាក់កាលថ្មី ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសនៅពេលដែលវៀតណាមបានចេញសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW នាពេលថ្មីៗនេះ ជាមួយនឹងសំណើដើម្បីពង្រឹងបន្ថែមទៀតនូវការអភិវឌ្ឍវិទ្យាសាស្ត្រ និងអប់រំថ្នាក់ឧត្តមសិក្សា។ បារាំងចង់រួមដំណើរជាមួយវៀតណាមក្នុងដំណើរការនេះ។

ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមនាពេលថ្មីៗនេះរបស់ប្រធានាធិបតីបារាំង ព្រឹត្តិការណ៍លេចធ្លោចំនួនពីរបានប្រព្រឹត្តទៅក្នុងថ្ងៃតែមួយ។ នោះគឺជាសុន្ទរកថារបស់លោក Macron ប្រធានាធិបតីនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហាណូយ ដោយសង្កត់ធ្ងន់លើតួនាទីបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ និងកិច្ចប្រជុំកំពូលបច្ចេកវិទ្យាបារាំង French Tech Summit នៅទីក្រុងហូជីមិញ ដោយមានការចូលរួមពីគណៈប្រតិភូជាង ១,៥០០ នាក់ សម្ពោធជាផ្លូវការឆ្នាំច្នៃប្រឌិតបារាំង-វៀតណាម អូសបន្លាយរហូតដល់ចុងឆ្នាំ ២០២៦។

ក្នុងអំឡុងទស្សនកិច្ចនៅវៀតណាមនាពេលថ្មីៗនេះ ប្រធានាធិបតីបារាំងបានពន្យល់ពីមូលហេតុដែលប្រទេសបារាំងជាគោលដៅសិក្សាដ៏ទាក់ទាញនៅបរទេស ដោយសារតែប្រទេសបារាំងផ្តល់ការអប់រំគុណភាពខ្ពស់ក្នុងតម្លៃសមរម្យ ដោយមួយផ្នែកនៃថ្លៃសិក្សាត្រូវបានផ្តល់ពីមូលនិធិរបស់រដ្ឋ។ យើងលើកទឹកចិត្តយុវជនវៀតណាមឱ្យចាប់យកឱកាសពិសេសនេះ។

ខ្ញុំក៏ចង់បញ្ជាក់ថា វិស័យវប្បធម៌តែងតែដើរតួនាទីពិសេសក្នុងទំនាក់ទំនងទ្វេភាគី។ លោក Macron ប្រធានាធិបតី និងលោកជំទាវបានចំណាយពេលវេលាជាច្រើនលើសកម្មភាពវប្បធម៌ក្នុងអំឡុងដំណើរទស្សនកិច្ចនៅវៀតណាម។ លោក Macron និងលោកជំទាវ រួមជាមួយនឹងលោក To Lam អគ្គលេខាបក្ស និងលោកជំទាវ បានសន្ទនាគ្នាអំពីវប្បធម៌នៃប្រទេសទាំងពីរ ដោយហេតុនេះបង្កើតភាពជិតស្និទ្ធរវាងមេដឹកនាំនៃប្រទេសទាំងពីរ។ ខ្ញុំជឿថាវប្បធម៌គឺជាវិស័យដែលភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតរវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរ និងអរិយធម៌ទាំងពីររបស់បារាំង និងវៀតណាម។

អ្នកសារព័ត៌មាន៖ សូមអរគុណខ្លាំងណាស់ឯកអគ្គរដ្ឋទូត!

បកប្រែដោយ Minh Trung