លោកឯកអគ្គរដ្ឋទូត Nguyen Van Thao បានសង្កត់ធ្ងន់ថា ថ្វីត្បិតតែជាប្រទេសតូចមួយក៏ដោយក៏បែលហ្ស៊ិកមានទីតាំងយុទ្ធសាស្ត្រសំខាន់នៅកណ្តាលអឺរ៉ុប ជាទីតាំងដាក់ទីភ្នាក់ងាររដ្ឋបាលនយោបាយរបស់ EU។ ជាមួយនឹងសេដ្ឋកិច្ចអភិវឌ្ឍយ៉ាងខ្លាំងក្លា  និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងសហភាពអឺរ៉ុប បែលហ្សិកបានបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាមតាំងពីឆ្នាំ ១៩៧៣ ដោយបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រទេសទាំងពីរ។

ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរទទួលបានសមិទ្ធិផលជាច្រើនគួរឲ្យកត់សម្គាល់លើវិស័យជាច្រើន។ យ៉ាងណាក៏ដោយ លោកឯកអគ្គរដ្ឋទូត Nguyen Van Thao ក៏បានអះអាងដែរថា សក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាម និង EU និយាយរួម និងរវាងវៀតណាម និងបែលហ្ស៊ិកនិយាយដោយឡែកគឺនៅតែមានច្រើនណាស់។ ដូច្នេះ ដំណើរទស្សនកិច្ចជាន់ខ្ពស់នេះ សំដៅបង្កើនទំនុកចិត្តខាងនយោបាយ និងបង្កើតក្របខណ្ឌថ្មីសម្រាប់កិច្ចសហប្រតិបត្តិការគឺសំខាន់ណាស់។ លោកឯកអគ្គរដ្ឋទូត Nguyen Van Thao បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្របែលហ្ស៊ិក បានចាត់ទុកថា ជាដំណើរទស្សនកិច្ចផ្លូវរដ្ឋមួយក្នុងចំណោមពីររបស់ព្រះមហាក្សត្របែលហ្ស៊ិកជារៀងរាល់ឆ្នាំ ដោយបង្ហាញពីសារៈសំខាន់ពិសេសរបស់វៀតណាមក្នុងទំនាក់ទំនងជាមួយបែលហ្ស៊ិក។ នេះក៏ជាឱកាសសំខាន់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងព្រះរាជាណាចក្របែលហ្ស៊ិក ក៏ដូចជារវាងវៀតណាម និង EU។

leftcenterrightdel
ព្រះមហាក្សត្របែលហ្ស៊ិក Philippe (រូបថត៖ Twitter)

លោកឯកអគ្គរដ្ឋទូត Nguyen Van Thao បានឲ្យដឹងថា ក្នុងអំឡុង ៥០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងវៀតណាម និងបែលហ្សិក ទំនាក់ទំនងនេះមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ជាពិសេសក្នុងរយៈពេល ១០ឆ្នាំកន្លងទៅ នៅពេលដែលវៀតណាមមានសក្តានុពលសេដ្ឋកិច្ច។ បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ (PCA) ជាមួយ EU នោះ វៀតណាមបានសហការយ៉ាងជិតស្និទ្ធជាមួយបែលហ្ស៊ិកដើម្បីបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យកសិកម្មក្នុងឆ្នាំ ២០១៨។  បែលហ្ស៊ិកក៏មានឧត្ដមភាពក្នុងវិស័យបច្ចេកវិទ្យាជីវសាស្ត្រឱសថ ដែលជាកត្តាសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរវាងប្រទេសទាំងពីរក្នុងវិស័យនេះ។

បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU - វៀតណាម (EVFTA) ក្នុងឆ្នាំ ២០១៩ មក ទំនាក់ទំនងរវាងវៀតណាម និងបែលហ្ស៊ិកបានអភិវឌ្ឍយ៉ាងខ្លាំងក្លា ជាពិសេសលើវិស័យវិនិយោគ និងពាណិជ្ជកម្ម។ បច្ចុប្បន្ននេះ ធុរកិច្ចបែលហ្ស៊ិកជាច្រើនចាប់អារម្មណ៍ដល់វៀតណាម ហើយគណៈប្រតិភូដែលអមដំណើរព្រះមហាក្សត្របែលហ្ស៊ិកក្នុងដំណើរទស្សនកិច្ចលើកនេះ រួមមាននាយកប្រតិបត្តិសាជីវកម្មធំៗចំនួន ៣៤ និងសាកលវិទ្យាល័យបែលហ្ស៊ិកចំនួន ១៨។ នេះបង្ហាញពីការចាប់អារម្មណ៍កាន់តែខ្លាំងរបស់បែលហ្ស៊ិកចំពោះវៀតណាមក្នុងនាមជាដៃគូយុទ្ធសាស្ត្រលើវិស័យជាច្រើន រួមទាំងវិស័យដែលប្រទេសទាំងពីរមានឧត្ដមភាព និងតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការ។

លោកឯកអគ្គរដ្ឋទូត Nguyen Van Thao បានសង្កត់ធ្ងន់លើវិស័យសំខាន់ៗចំនួនបីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមមាន គមនាគមន៍បៃតង វិស័យកសិកម្មប្រកបដោយនិរន្តរភាព និងថាមពលកកើតឡើងវិញ។

លើសពីនេះទៅទៀត ក្នុងវិស័យវេជ្ជសាស្រ្ដ បែលហ្សិកមានបច្ចេកវិទ្យាឱសថអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ លោកឯកអគ្គរដ្ឋទូតជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្តរវាងប្រទេសទាំងពីរនឹងរួមចំណែកដល់សន្តិសុខសង្គម ការការពារ និងបង្ការជំងឺរាតត្បាត និងការអភិវឌ្ឍឧស្សាហកម្មឱសថ។

ជាពិសេសបែលហ្ស៊ិកមានប្រព័ន្ធអប់រំដែលមានគុណភាពខ្ពស់ ក្នុងតម្លៃទាប បង្កើតឱកាសសិក្សាសម្រាប់និស្សិតវៀតណាម។ លោកឯកអគ្គរដ្ឋទូតជឿជាក់ថា សាកលវិទ្យាល័យបែលហ្ស៊ិកនឹងក្លាយជាជម្រើសដ៏ល្អសម្រាប់និស្សិតវៀតណាម។

លោកឯកអគ្គរដ្ឋទូត Nguyen Van Thao បានបន្ថែមថា នាពេលខាងមុខ ទំនាក់ទំនងរវាងវៀតណាម និងបែលហ្ស៊ិកនឹងបើកឱកាសសហប្រតិបត្តិការសំខាន់ៗជាច្រើន។ កាលានុវត្តភាពដ៏ធំបំផុតមួយគឺប្រទេសទាំងពីរបានឈានដល់កម្រិតអភិវឌ្ឍន៍ជាក់លាក់មួយ ហើយក្នុងបរិបទអន្តរជាតិបច្ចុប្បន្ន ទាំងវៀតណាម និងបែលហ្ស៊ិកត្រូវធ្វើពិពិធកម្ម និងពង្រីកកិច្ចសហប្រតិបត្តិការ។ សម្រាប់ប្រទេសវៀតណាម បែលហ្ស៊ិកដើរតួនាទីជាច្រកទ្វារដ៏សំខាន់មួយទៅកាន់ទីផ្សារ EU ដែលជាតំបន់ដ៏ធំដែលមានប្រជាពលរដ្ឋប្រហែល ៤៥០ លាននាក់ និង GDP សរុបជិត ១៧,០០០ ពាន់លានអឺរ៉ូ។ នេះគឺជាទីផ្សារដែលមានតម្រូវការនាំចូលដ៏ធំ ប្រហែល ៣,០០០ ពាន់លានអឺរ៉ូក្នុងមួយឆ្នាំ។ ដូច្នេះ តាមរយៈប្រទេសបែលហ្ស៊ិក ទំនិញវៀតណាមអាចចូលទៅកាន់ទីផ្សារ EU បានយ៉ាងងាយស្រួល ជាពិសេសបន្ទាប់ពីចុះហត្ថលេខាលើ EVFTA។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Nguyen Van Thao (រូបថត៖ vnanet.vn)

លោកឯកអគ្គរដ្ឋទូត Nguyen Van Thao ក៏បានបន្ថែមថា តម្រូវការនាំចូលទំនិញពីវៀតណាមទៅកាន់ EU នៅមានច្រើនណាស់ នេះជាហេតុផលដែលវៀតណាមបច្ចុប្បន្នជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ EU ក្នុងអាស៊ាន។ លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ជាមួយនឹងការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងមិនត្រឹមតែរក្សាកម្រិតបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងបន្តកើនឡើងយ៉ាងខ្លាំងនាពេលអនាគត​។ បែលហ្ស៊ិកមិនត្រឹមតែចង់នាំចេញទំនិញចូលទីផ្សារវៀតណាមប៉ុណ្ណោះទេ ថែមទាំងចូលទីផ្សារអាស៊ាន ដែលមានប្រជាពលរដ្ឋប្រមាណ ៦៨០ លាននាក់។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងនាំមកនូវអត្ថប្រយោជន៍យ៉ាងធំធេង ដោយសារវៀតណាមមានប្រភពកម្លាំងពលកម្មវ័យក្មេងច្រើន ខណៈបែលហ្ស៊ិកមានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជឿនលឿន និងវិស័យកសិកម្មអភិវឌ្ឍន៍។ លោកឯកអគ្គរដ្ឋទូតជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការ ទាំងវៀតណាមនិងបែលហ្ស៊ិកនឹងមានឱកាសជំរុញការអភិវឌ្ឍន៍លើវិស័យសំខាន់ៗជាច្រើន។

យ៉ាងណាក៏ដោយ លោកឯកអគ្គរដ្ឋទូត Nguyen Van Thao ក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួន។ ការលំបាកដ៏ធំបំផុតគឺប្រទេសទាំងពីរមានចម្ងាយពីគ្នាប្រហែល ១០,០០០ គីឡូម៉ែត្រ។ ប្រការនេះបាននាំមកការលំបាកមួយចំនួន ជាពិសេសតម្លៃដឹកជញ្ជូនតាមសមុទ្របានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ទោះជាយ៉ាងណាក៏ដោយ វៀតណាមកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍប្រព័ន្ធគមនាគមន៍ និងដឹកជញ្ជូនរបស់ខ្លួន រួមទាំងប្រព័ន្ធផ្លូវដែក ដើម្បីមានជម្រើសថ្មីសម្រាប់ការដឹកជញ្ជូនទំនិញ។

លើសពីនេះ បែលហ្ស៊ិកជាប្រទេសអភិវឌ្ឍន៍ និងស្ថិតក្នុងសហភាពអឺរ៉ុប ដែលជាអង្គការមានប្រព័ន្ធច្បាប់តឹងរ៉ឹងបំផុត ជាមួយនឹងស្តង់ដារខ្ពស់ ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍បៃតង និងការកាត់បន្ថយកាបូន។ ដូច្នេះ ដើម្បីជ្រៀតចូលទីផ្សារបែលហ្ស៊ិក អាជីវកម្មវៀតណាមត្រូវឆ្លើយតបតម្រូវការដ៏តឹងរ៉ឹងទាំងនេះ។ ប៉ុន្ដែលោកឯកអគ្គរដ្ឋទូតក៏ជឿជាក់ថា នៅពេលដែលអាជីវកម្មវៀតណាមមានការត្រៀមរៀបចំល្អ និងបំពេញតាមស្តង់ដារទីផ្សារបែលហ្ស៊ិក និងសហភាពអឺរ៉ុបនោះ ទំនិញវៀតណាមនឹងមានឱកាសឈានទៅទីផ្សារសកលលោក។

ក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរីកចម្រើន ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្របែលហ្ស៊ិក Philippe និងគណៈប្រតិភូរាជវង្សបែលហ្ស៊ិកទៅកាន់ប្រទេសវៀតណាមត្រូវបានគេរំពឹងថានឹងក្លាយជារបត់ដ៏សំខាន់មួយក្នុងការរឹតបន្ដឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Pham Diep