ពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ប្រេស៊ីល
កប.អនឡាញ - តបតាមការអញ្ជើញរបស់ លោក Luong Cuong ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Luiz Inácio Lula da Silva ប្រធានាធិបតីសហព័ន្ធប្រេស៊ីល បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ មិនា។
នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ប្រមុខរដ្ឋបរទេសទៅកាន់វៀតណាមក្នុងឆ្នាំ២០២៥ ដែលបង្ហាញពីការគោរពរបស់វៀតណាមចំពោះប្រធានាធិបតីប្រេស៊ីល និងទំនាក់ទំនងវៀតណាម-ប្រេស៊ីល។ ដំណើរទស្សនកិច្ចនេះក៏ជាលើកទី២ ដែលប្រធានាធិបតី Luiz Inácio Lula da Silva អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម បន្ទាប់ពីរយៈពេល ១៧ ឆ្នាំ ចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោកក្នុងឆ្នាំ២០០៨។
ក្នុងនាមជាប្រទេសដែលមានតួនាទីសំខាន់នៅអាមេរិកឡាទីន ប្រេស៊ីលមានគោលនយោបាយអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសទាំងអស់ លើកកំពស់តួនាទីសកម្មក្នុងបណ្តាយន្តការអន្តរជាតិ បង្កើនកិច្ចសហប្រតិបត្តិការ និងលើកកំពស់តួនាទីរបស់បណ្តាប្រទេសភាគខាងត្បូងក្នុងយន្តការអភិបាលកិច្ចសកល។ ជំរុញយ៉ាងសកម្មកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង ការពារពហុភាគីនិយមដោយឈរលើមូលដ្ឋានគោរពអធិបតេយ្យភាពជាតិ សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ នៅឆ្នាំ២០២៤ ប្រេស៊ីលបំពេញដោយជោគជ័យនូវតួនាទីជាប្រធានក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញជួរមុខលើពិភពលោក (G20)។ នៅឆ្នាំ២០២៥ ប្រេស៊ីលនឹងកាន់តំណែងជាប្រធានប្តូរវេននៃក្រុមបណ្តាខឿនសេដ្ឋកិច្ចទើបលេចចេញជួរមុខលើពិភពលោក (BRICS) និងធ្វើជាប្រធានសន្និសីទលើកទី ៣០ នៃបណ្ដាភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP30)។
    |
 |
លោក Do Duc Duy រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ទទួលស្វាគមន៍ លោក Luiz Inácio Lula da Silva ប្រធានាធិបតីប្រេស៊ីល នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ (រូបថត៖ vanet.vn) |
វៀតណាម និងប្រេស៊ីល បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ៨ ឧសភា ឆ្នាំ១៩៨៩។ ក្នុងរយៈពេល ៣៥ ឆ្នាំ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងវៀតណាម-ប្រេស៊ីល ត្រូវបានពង្រឹង និងអភិវឌ្ឍន៍ជាបន្តបន្ទាប់តាមរយៈការបង្កើតស្ថានទូតនៃប្រទេសទាំងពីរ ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ជាប្រចាំ និងការបង្កើតយន្តការសហប្រតិបត្តិការដូចជា គណៈកម្មាធិការចម្រុះសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ...
វៀតណាម និងប្រេស៊ីល បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការទ្វេភាគី រក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅវេទិកាពហុភាគី។ ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព ប្រទេសទាំងពីរបានដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូលើគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០០៧។ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីការកិច្ចពិភាក្សាការងាររវាងលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកប្រធានាធិបតី Luiz Inácio Lula da Silva នៅទីក្រុង Rio de Janeiro ក្នុងឱកាសនៃកិច្ចប្រជុំកំពូល G20 ភាគីទាំងពីរបានចេញសេចក្តីប្រកាសរួមស្តីពីការដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។
ទន្ទឹមនឹងទំនាក់ទំនងនយោបាយ និងការទូតល្អ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងប្រេស៊ីល បានអភិវឌ្ឍយ៉ាងខ្លាំងក្លា ក្លាយជាចំណុចភ្លឺ ក្នុងទំនាក់ទំនងទ្វេភាគី។ បច្ចុប្បន្នប្រេស៊ីលគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនៅអាមេរិកឡាទីន។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២៤ សម្រេចបានជិត ៨ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ៣៥.៨% នៃទំហំពាណិជ្ជកម្មសរុបរបស់វៀតណាមជាមួយតំបន់ទាំងមូល។ ភាគីទាំងពីរមានសក្តានុពលក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម កសិកម្ម ថាមពល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការពារជាតិ សន្តិសុខ ការការពារបរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
ក្នុងនាមជាមនុស្សម្នាក់ដែលមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះវៀតណាម លោកប្រធានាធិបតី Luiz Inácio Lula da Silva តែងតែគាំទ្រយ៉ាងសកម្មក្នុងការពង្រឹងទំនាក់ទំនងប្រេស៊ីល-វៀតណាម។ លោកប្រធានាធិបតី Luiz Inácio Lula da Silva បានទទួលស្វាគមន៍មេដឹកនាំវៀតណាមសំខាន់ៗចំនួនបួន ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសប្រេស៊ីល ព្រមទាំងរួមជាមួយថ្នាក់ដឹកនាំនៃប្រទេសវៀតណាម បានដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូលើគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០០៧ និងដំឡើងទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ២០២៤។ លោកប្រធានាធិបតី Luiz Inácio Lula da Silva បានយកចិត្តទុកដាក់ដឹកនាំការជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យជាច្រើនដូចជា នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ ការអប់រំ បណ្តុះបណ្តាល។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមលើកនេះរបស់លោកប្រធានាធិបតី Luiz Inácio Lula da Silva គឺជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នេះជាឱកាសសម្រាប់ភាគីទាំងពីរបន្តពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ យើងជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Luiz Inácio Lula da Silva នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ រួមចំណែកលើកកម្ពស់ និងធ្វើឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក៕
បកប្រែដោយ Duy Hoan