អ្នកយកព័ត៌មាន៖ តើអនុរដ្ឋមន្ត្រីវាយតម្លៃយ៉ាងណាចំពោះគោលបំណង អត្ថន័យនិងសារៈសំខាន់នៃដំណើរទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូងរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោកជំទាវ?

លោកអនុរដ្ឋមន្ត្រី Nguyen Minh Vu៖ នេះគឺជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងនៅកូរ៉េខាងត្បូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមចាប់តាំងពីប្រទេសទាំងពីរលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០២២​។

ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងមានការរីកចម្រើនយ៉ាងល្អបំផុតមិនធ្លាប់មាន។ ទំនុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរត្រូវបានពង្រឹងកាន់តែខ្លាំងឡើង។ កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខបន្តកាន់តែស៊ីជម្រៅ; កិច្ចសហប្រតិបត្តិការនៅបណ្ដាមូលដ្ឋាននិងការជួបប្រាស្រ័យប្រជាជននៃប្រទេសទាំងពីរកំពុងពង្រីកឥតឈប់ឈរ។

leftcenterrightdel
លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃក្រសួងការបរទេសវៀតណាម (រូបថត៖ vnanet.vn)

កូរ៉េខាងត្បូងមានទំនាក់ទំនងយ៉ាងទូលំទូលាយនិងស៊ីជម្រៅជាមួយវៀតណាម និងជាដៃគូសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់​វៀត​ណាម​ដោយជាប់ចំណាត់ថ្នាក់ទី ១ ក្នុងការវិនិយោគផ្ទាល់និងទេសចរណ៍, លំដាប់ទីពីរអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងលំដាប់ទីបីអំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងការងារ។ កូរ៉េខាងត្បូងក៏ជាប្រទេសមួយដែលមានប្រជាជនវៀតណាមជាច្រើនរស់នៅ ធ្វើការនិងសិក្សា។ ផ្ទុយទៅវិញ បច្ចុប្បន្ននេះក៏មានជនជាតិកូរ៉េខាងត្បូងជាច្រើនដែលកំពុងរស់នៅ ធ្វើការនិងសិក្សានៅប្រទេសវៀតណាមផងដែរ។ សហគមន៍នៃប្រទេសទាំងពីរបានធ្វើសមាហរណកម្មយ៉ាងល្អ រួមចំណែកជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសសាមី និងដើរតួជាស្ពានមិត្តភាពសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ។

ដូច្នេះ ដំណើរទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូងនេះរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកជំទាវ គឺមានសារៈសំខាន់ខ្លាំងណាស់។

ទីមួយ ដំណើរទស្សនកិច្ចនេះបង្ហាញពីសារៈសំខាន់របស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយកូរ៉េខាងត្បូង បង្ហាញនូវបំណងចង់អនុវត្ដប្រកបដោយប្រសិទ្ធភាពនូវអនុវត្តកិច្ចព្រមព្រៀងរបស់ថ្នាក់​ដឹកនាំគ្រប់លំដាប់ថ្នាក់នៃប្រទេសទាំងពីរ ហើយនាពេលថ្មីៗនេះគឺការអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូងដែលបានចុះហត្ថលេខាកាលពីខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនង។

ទីពីរ ដំណើរទស្សនកិច្ចនេះនឹងជាឱកាសសម្រាប់ភាគីទាំងពីរពិនិត្យឡើងវិញនូវការវិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ការផ្លាស់ប្តូរលើរាល់បញ្ហាយុទ្ធសាស្ត្រ ការពារជាតិ សន្តិសុខ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការវិនិយោគ ការជួបប្រាស្រ័យប្រជាជន កិច្ចសហប្រតិបត្តិការក្នុងវេទិកាពហុភាគី ក៏ដូចជាវិស័យសំខាន់ៗដើម្បីនាំទំនាក់ទំនងនៃប្រទេសទាំងពីរឈានឡើងដល់កម្រិតថ្មី ដោយទំនុកចិត្តខាងនយោបាយខ្ពស់ជាង និងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងគ្រប់ជ្រុងជ្រោយជាង។ ការផ្លាស់ប្តូរ និងការយល់ដឹងរវាងប្រជាជននៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងស្និទ្ធស្នាលជាងមុនដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។

ទីបី ក្នុងបរិបទដែលស្ថានភាពអន្តរជាតិ និងតំបន់មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនិងឆាប់រហ័ស ដំណើរទស្សនកិច្ចនេះ ក្នុងគោលបំណងបញ្ជាក់ថា គោលនយោបាយការបរទេសរបស់វៀតណាមគឺបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយកូរ៉េខាងត្បូង។ ព្រមទាំងមានបំណងចង់រួមចំណែកក្នុងការថែរក្សា និងជំរុញសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។

អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ត្រីបញ្ជាក់ថា តើសកម្មភាពលេចធ្លោអ្វីខ្លះដែលលោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងអនុវត្តក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េខាងត្បូងលើកនេះ?

លោកអនុរដ្ឋមន្ត្រី Nguyen Minh Vu៖ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូងនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh គ្រោងនឹងមានសកម្មភាពជាង ៣០។ ក្រៅពីកម្មវិធីផ្លូវការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់កូរ៉េខាងត្បូង លោកនាយករដ្ឋមន្ត្រីនឹងចូលរួមនិងថ្លែងមតិនៅវេទិកាចំនួន ៣ រួមមាន៖ វេទិកាធុរកិច្ច វេទិកាផ្សព្វផ្សាយទេសចរណ៍ និងសហប្រតិបត្តិការវប្បធម៌ វេទិកាការងារវៀតណាមកូរ៉េខាងត្បូង; និងកិច្ចសន្ទនាចំនួន ២ រួមមាន កិច្ចសន្ទនាជាមួយមេដឹកនាំនៃអង្គការសេដ្ឋកិច្ចកូរ៉េខាងត្បូង និងកិច្ចសន្ទនាជាមួយបញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រកូរ៉េខាងត្បូងស្តីពីសារធាតុ semiconductors និងសិប្បនិម្មិត។ លោកនាយករដ្ឋមន្ត្រីក៏នឹងមានជំនួបជាមួយតំណាងថ្នាក់ដឹកនាំនៃសាជីវកម្មសេដ្ឋកិច្ចឈានមុខរបស់កូរ៉េខាងត្បូងមួយចំនួនដែលកំពុងវិនិយោគនៅវៀតណាមផងដែរ។ ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រីនឹងទៅទស្សនកិច្ចនៅស្ថានទូត និងជួបសំណេះ សំណាលជាមួយតំណាងសហគមន៍វៀតណាមនៅកូរ៉េខាងត្បូង; ទៅសួរសុខទុក្ខគ្រួសារពហុវប្បធម៌វៀតណាម-កូរ៉េខាងត្បូង និងថ្លែងសុន្ទរកថានៅសាកលវិទ្យាល័យជាតិសេអ៊ូល និងទស្សនារោងចក្រផលិតសារធាតុ semiconductors របស់សម្ព័ន្ធក្រុមហ៊ុន Samsung នៅទីក្រុង Pyeongtaek ខេត្ត Gyeonggi ។

អាចមើលឃើញថា សកម្មភាពរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងលើកនេះ គឺមានលក្ខណៈគ្រប់ជ្រុងជ្រោយ រួមទាំងសកម្មភាពនយោបាយ សេដ្ឋកិច្ច-ហិរញ្ញវត្ថុ និងអង្គការមិត្តភាពប្រជាជន ព្រមទាំងជួបជុំសហគមន៍វៀតណាមនៅកូរ៉េខាងត្បូងផងដែរ។ ក្នុងនោះ ជាងពាក់កណ្តាលនៃសកម្មភាពរបស់នាយករដ្ឋមន្ត្រីក្នុងអំឡុងពេលទស្សនកិច្ចនេះនឹងផ្តោតលើវិស័យសេដ្ឋកិច្ច។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅតែជាចំណុចភ្លឺ ហើយជាសសរស្តម្ភដ៏សំខាន់មួយ រួមចំណែកក្នុងការជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី។ កូរ៉េខាងត្បូងបន្តឈានមុខគេក្នុងការវិនិយោគផ្ទាល់ដោយមានដើមទុនចុះបញ្ជីសរុបចំនួន ៨៧ ពាន់លានដុល្លារអាមេរិក។ ដៃគូធំអំពីទំហំពាណិជ្ជកម្មដែលឈានដល់ជិត ៨០ ពាន់លានដុល្លារនៅឆ្នាំ ២០២៣ និងជាដៃគូធំអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (ODA) ទេសចរណ៍និងកម្លាំងពលកម្ម។

ក្រៅពីនេះ កូរ៉េខាងត្បូងគឺជាប្រទេសអភិវឌ្ឍន៍មួយដែលមានប្រៀបខ្លាំងជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច បច្ចេកវិទ្យាខ្ពស់ សារធាតុ semiconductors និងបញ្ញាសិប្បនិម្មិត។ តាមរយៈដំណើរទស្សនកិច្ចលើកនេះ វៀតណាមរំពឹងថាភាគីទាំងពីរនឹងអនុវត្ដប្រកបដោយប្រសិទ្ធភាពក្នុងវិស័យសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងខ្សែសង្វាក់ផ្គត់ផ្គង់។ បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យ អនាគតដូចជាសារធាតុ semiconductors ឧស្សាហកម្មបន្ទាប់បន្សំ ការធ្វើបរិវត្ដកម្មឌីជីថល ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចរាងជារង្វង់ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការការងារ វប្បធម៌និងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ អាស្រ័យហេតុនេះ ភាគីទាំងពីរអាចសម្រេចបាននូវគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឈាន ១០០ ពាន់លានដុល្លាអាមេរិក  ហើយឆ្ពោះទៅគោលដៅ ១៥០ ពាន់​លាន​ដុល្លានៅឆ្នាំ ២០៣០ ក្នុងទិសដៅតុល្យភាពនិងនិរន្តរភាព រួមចំណែកអនុវត្ត “ចក្ខុវិស័យយុទ្ធសាស្ត្រ” ស្តីពីការអភិវឌ្ឍន៍ប្រទេស​ជាតិក្នុងគោលដៅវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់នៅឆ្នាំ២០៤៥។

អ្នកយកព័ត៌មាន៖ សូមអំណរគុណលោកអនុរដ្ឋមន្ត្រី!

បកប្រែដោយ Pham Diep