អ្នកគ្រូដែលមានចិត្តចង់ថែរក្សាសិល្បៈរបាំខ្មែរ
កប.អនឡាញ - គ្មាននរណាម្នាក់ក្នុងគ្រួសារចូលសិល្បៈនោះទេ ប៉ុន្តែតាំងពីនៅតូចមក អ្នកគ្រូ Son Cha Ri Da (អាយុ ៣៤ ឆ្នាំ) ជាគ្រូបង្រៀននៅសាលាបឋមសិក្សា Vinh Trach (ទីក្រុង Bac Lieu ខេត្ត Bac Lieu) តែងតែដើរតាមឪពុកម្ដាយទៅវត្តក្នុងថ្ងៃវិស្សមកាល ដើម្បីទស្សនាការសម្តែងវប្បធម៌សិល្បៈ ជាមួយមិត្តភក្តិដោយសប្បាយរីករាយ។
របាំ ទំនុកច្រៀង និងបទភ្លេងរបស់ប្រជាជនខ្មែរ បានធ្វើឲ្យគាត់ចាប់អារម្មណ៍។ នៅពេលរៀននៅវិទ្យាល័យ Ri Da បានចេះស្ទាត់របាំប្រពៃណីជាច្រើនរបស់ជនជាតិខ្លួន។
ឥឡូវនេះ ទោះបីជាគាត់ជាគ្រូបង្រៀនក៏ដោយ ក៏អ្នកគ្រូ Ri Da នៅតែជាសមាជិកស្នូល និងសកម្មនៃក្រុមវប្បធម៌សិល្បៈខ្មែរនៅវត្ត Xiem Can ឃុំ Vinh Trach Dong (ទីក្រុង Bac Lieu)។ ពីរដងក្នុងមួយសប្តាហ៍ អ្នកគ្រូ Ri Da ទៅវត្ត ដើម្បីហាត់សមជាមួយក្រុមរាំ ក៏ដូចជាសម្តែងជូនភ្ញៀវទេសចរផងដែរ។ ព្រះតេជគុណ Duong Quan ព្រះចៅអធិការវត្ត Xiem Can បានឲ្យដឹងថា៖ “ការសម្តែងរបាំដែលរៀបចំដោយក្រុមវប្បធម៌សិល្បៈខ្មែរ មានលក្ខណៈល្អិតល្អន់ និងស្អាត បង្កើតការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅនៅក្នុងបេះដូងរបស់ប្រជាជន។ សមាជិកក្រុមគឺជានារីខ្មែរ ថ្វីត្បិតតែពួកគេមានមុខរបរ និងការងារខុសៗគ្នាក៏ដោយ ក៏ពួកគេសុទ្ធតែមានចំណង់ចំណូលចិត្តចំពោះសិល្បៈជនជាតិខ្មែរ។ ក្នុងចំណោមនោះ អ្នកដែលលេចធ្លោជាងគេគឺ Son Cha Ri Da។ គាត់ស្ទាត់ជំនាញរបាំខ្មែរតាំងពីប្រជាប្រិយរហូតដល់សម័យទំនើប ហើយជាស្នូលយ៉ាងសកម្មនៃចលនាវប្បធម៌សិល្បៈខ្មែរក្នុងស្រុក”។
|
|
អ្នកគ្រូ Son Cha Ri Da សម្តែងរបាំអប្សរានៅវត្ត Xiem Can |
អ្នកទស្សនាវត្ត Xiem Can មិនត្រឹមតែចាប់អារម្មណ៍ដោយស្ថាបត្យកម្មចម្រុះពណ៌របស់វត្តប៉ុណ្ណោះទេ ថែមទាំងរីករាយជាមួយនឹងរបាំខ្មែរដ៏ប្រណិត ដែលសម្តែងដោយក្រុមវប្បធម៌សិល្បៈខ្មែរ របស់វត្ត Xiem Can ទៀតផង។ ក្នុងឈុតរបាំប្រពៃណីខ្មែរចម្រុះពណ៌ អ្នកគ្រូ Ri Da លេចធ្លោ និងទាក់ទាញអ្នកទស្សនាជាមួយនឹងរបាំដ៏ពីរោះ និងស្រទន់របស់គាត់។ របាំរបស់ជនជាតិខ្មែរដូចជា អប្សរា រាំវង់ សារ៉ាវ៉ាន់... កាន់តែគួរឲ្យស្រលាញ់ និងរួសរាយរាក់ទាក់ តាមរយៈការសម្តែងរបស់ Ri Da និងក្រុមរាំរបស់គាត់។
អ្នកគ្រូ Son Cha Ri Da បានឲ្យដឹងថា៖ «ខ្ញុំស្រលាញ់ និងជាប់ចិត្តសិល្បៈជនជាតិតាំងពីតូចមកម្ល៉េះ ខ្ញុំចង់រីកសាភាយចំណង់ចំណូលចិត្តនោះដល់យុវជន ដើម្បីឲ្យពួកគេមានឱកាសអភិវឌ្ឍទេពកោសល្យ មរតក និងថែរក្សាវប្បធម៌ជនជាតិរបស់ខ្លួន។ សម្រាប់ខ្ញុំ អ្វីដែលសប្បាយចិត្តបំផុតគឺនៅពេលដែលខ្ញុំអាចរាំ និងបានជ្រួតជ្រាបនៅក្នុងបទចម្រៀងប្រជាប្រិយខ្មែរ។ ខ្ញុំព្យាយាមធ្វើឱ្យអស់ពីសមត្ថភាពដើម្បីជួយឱ្យអ្នកទស្សនាទទួលបានភាពស្រស់ស្អាតនៃរបាំ និងចម្រៀងរបស់ជនជាតិខ្មែរ»។
រាល់ពេលដែលអ្នកគ្រូ Ri Da ទៅថ្នាក់រៀន គាត់មិនត្រឹមតែបង្រៀនចំណេះដឹងវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងបង្រៀនចម្រៀងខ្មែរ និងរបាំដល់សិស្ស ជួយឱ្យពួកគេមានការយល់ដឹងអំពីសិល្បៈប្រពៃណីរបស់ជនជាតិខ្លួនតាំងពីតូច។ វាគឺជាការសាទររបស់អ្នកគ្រូ Ri Da ដែលបានពូនជ្រំឱ្យសិស្សជនជាតិខ្មែរមានចំណង់ចំណូលចិត្តវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួន៕
បកប្រែដោយ Huyen Trang