នៅក្នុងកិច្ចប្រជុំ ប្រតិភូបានផ្លាស់ប្តូរព័ត៌មានអំពីសក្តានុពល ផលិតផលទេសចរណ៍របស់រដ្ឋ Kerala និងផលិតផលទេសចរណ៍មានប្រៀបខ្លាំង ព្រមទាំងបេតិកភណ្ឌធម្មជាតិ និងវប្បធម៌ពិសេសរបស់ខេត្ត Ninh Thuan ដែលត្រូវបានទទួលស្គាល់ដោយ UNESCO។

លោក Neelkanth Pararath ស្ថាបនិកក្រុមហ៊ុន WebCRSTravel ប្រធានគណៈប្រតិភូធុរកិច្ចទេសចរណ៍ឥណ្ឌាបានវាយតម្លៃថា Ninh Thuan មានទេសភាពដ៏ស្រស់ស្អាត និងមានសក្តានុពលដើម្បីអភិវឌ្ឍទេសចរណ៍។ ឱកាសសហប្រតិបត្តិការរវាងធុរកិច្ច និងទីផ្សារទេសចរណ៍នៃមូលដ្ឋានទាំងពីរកាន់តែរីកចម្រើន ខណៈពេលនេះមានជើងហោះហើរត្រង់ពីប្រទេសឥណ្ឌាទៅកាន់មូលដ្ឋាននានារបស់វៀតណាមដោយចំណាយពេលហោះហើរត្រឹមតែ ៥ ម៉ោងប៉ុណ្ណោះ។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

លោក Neelkanth Pararath បានចាត់ទុកថា ធុរកិច្ចសេវាកម្មទេសចរណ៍វៀតណាមត្រូវផ្តល់កន្លែងស្នាក់នៅល្អ និងសកម្មភាពពិសោធន៍សម្បូរបែប ជាពិសេសមានមុខម្ហូបសមស្របតាមប្រពៃណីឥណ្ឌា។ មូលដ្ឋានក៏ត្រូវមានព័ត៌មានអំពីគោលដៅទេសចរណ៍ជាភាសាអង់គ្លេស និងភាសាឥណ្ឌាសម្រាប់ភ្ញៀវទេសចរស្វែងយល់...

លោក Nguyen Long Bien អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ninh Thuan បានចាត់ទុកថា កិច្ចប្រជុំតភ្ជាប់ធុរកិច្ចនៃមូលដ្ឋានទាំងពីរជាព្រឹត្តិការណ៍សំខាន់ដើម្បីបង្ហាញសក្តានុពល គុណសម្បត្តិ និងគោលនយោបាយទាក់ទាញវិនិយោគ និងភ្ញៀវទេសចរ។ ទន្ទឹមនឹងនោះ ព្រឹតិការណ៍នេះក៏បង្កើតឱកាសសម្រាប់ការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចនៃមូលដ្ឋានទាំងពីរផងដែរ។

ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Ninh Thuan បានឲ្យដឹងថា ខេត្តនឹងបន្តធ្វើឲ្យប្រសើរឡើងថែមទៀតនូវបរិយាកាសវិនិយោគ ផ្តោតលើការកៀរគរធនធានដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតភ្ជាប់ទៅកាន់មណ្ឌលទេសចរណ៍ និងគោលដៅទេសចរណ៍នានា បង្កើនសុវត្ថិភាព សន្តិសុខសម្រាប់ភ្ញៀវទេសចរ ការពារបរិស្ថាន និងជំរុញការផ្សព្វផ្សាយទេសចរណ៍។ ទន្ទឹមនឹងនោះ រក្សា និងលើកកម្ពស់តម្លៃវប្បធម៌នៅមូលដ្ឋាន លើកកំពស់គុណភាពបណ្តុះបណ្តាលធនធានមនុស្សទេសចរណ៍ និងកសាងខេត្ត Ninh Thuan ក្លាយជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងមិត្តភាព។

ក្នុងឱកាសនេះ តំណាងខេត្ត Ninh Thuan និងស្ថានអគ្គកុងស៊ុលឥណ្ឌាប្រចាំទីក្រុងហូជីមិញបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) រវាងក្រុមហ៊ុន WebCRSTravel របស់ឥណ្ឌា និងសមាគមទេសចរណ៍ខេត្ត Ninh Thuan និង Hoan My Resort។ នេះជាជំហានសំខាន់មួយដែលបើកឱកាសអភិវឌ្ឍន៍វិស័យទេសចរណ៍សម្រាប់អង្គភាពទេសចរណ៍ និងមូលដ្ឋានចំនួនពីរ៕

បកប្រែដោយ Thanh Cong