ខេត្ត Quang Ninh ទទួលនាវាទេសចរណ៍អន្តរជាតិនៅដើមឆ្នាំថ្មី២០២៦
កប.អនឡាញ - នៅព្រឹកថ្ងៃទី១ ខែមករា នៅកំពង់ផែទេសចរណ៍អន្តរជាតិ Ha Long សង្កាត់ Bai Chay វៀតណាម ក្រុមភ្ញៀវទេសចរដំបូងបានមកដល់ខេត្ត Quang Ninh។
នាវា Clebrity Solstice ដែលដឹកអ្នកដំណើរចំនួន ៣,០១៦ នាក់ (ភាគច្រើនមកពីអង់គ្លេស អាមេរិក អូស្ត្រាលី កាណាដា និងអេស្ប៉ាញ) បានចូលចតនៅកំពង់ផែទេសចរណ៍អន្តរជាតិ Ha Long នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ហើយចេញដំណើរនៅយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។ នាវាបានចាប់ផ្តើមដំណើរពីកំពង់ផែមួយក្នុងប្រទេសថៃ ហើយបន្ទាប់ពីចូលចតនៅកំពង់ផែទេសចរណ៍អន្តរជាតិ Ha Long នាវានេះបានទៅដល់ហុងកុង (ចិន)។
    |
 |
|
នាវា Clebrity Solstice ចូលចតនៅកំពង់ផែទេសចរណ៍អន្តរជាតិ Ha Long (រូបថត៖ vnanet.vn) |
នៅក្នុងពិធីទទួលនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ លោក Quan Minh Cuong លេខាគណៈកម្មាធិការបក្សខេត្ត Quang Ninh បានប្រគល់ផ្កា និងជូនពរឆ្នាំថ្មីដល់ក្រុមភ្ញៀវទេសចរ។ លោក Quan Minh Cuong បានសង្កត់ធ្ងន់ថា ខេត្ត Quang Ninh មានគោលបំណងអភិវឌ្ឍក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ឈានមុខគេក្នុងប្រទេសទាំងមូល ដោយដើរតួនាទីជាច្រកទ្វារសម្រាប់កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ទេសចរណ៍ជាមួយតំបន់ និងអន្តរជាតិ តាមទិសដៅនៃកំណើនបៃតង សេដ្ឋកិច្ចវិលជុំ និងអភិវឌ្ឍទេសចរណ៍ខេត្ត Quang Ninh ទៅជា "គោលដៅទេសចរណ៍សម្រាប់បួនរដូវ"។
លោក Alfonso Delgao អ្នកទេសចរម្នាក់មកពីទីក្រុង Madrid ប្រទេសអេស្ប៉ាញ បានផ្ញើសារជូនពរឆ្នាំថ្មីដល់ប្រជាជនវៀតណាម ហើយបានចែករំលែកថា លោកមានសេចក្តីសោមនស្សរីករាយ ចំពោះការទទួលយ៉ាងកក់ក្តៅរបស់ខេត្ត Quang Ninh។ នេះគឺជាព្រឹត្តិការណ៍ដ៏គួរឲ្យចងចាំសម្រាប់លោក។ លោកបានចាត់ទុកថា ប្រទេសវៀតណាមគឺជាប្រទេសដ៏ស្រស់ស្អាត ប្រជាជនវៀតណាមរួសរាយរាក់ទាក់ និងម្ហូបអាហារដ៏សម្បូរបែប។
ក្រុមអ្នកទេសចរមួយក្រុមមកពីប្រទេសម៉ិកស៊ិកក៏បានសម្តែងសេចក្តីរីករាយចំពោះការទទួលពីខេត្ត Quang Ninh ដោយបញ្ជាក់ថា ឈូងសមុទ្រ Ha Long ដ៏ស្រស់ស្អាតណាស់។ ដំណើរកម្សាន្តនៅឱកាសពិធីបុណ្យចូលឆ្នាំថ្មីរបស់ពួកគេគឺគួរឲ្យចាប់អារម្មណ៍ និងពោរពេញដោយការចងចាំ៕
បកប្រែដោយ Thuy Anh