ជនជាតិ Mong សប្បាយរីករាយជាមួយបុណ្យប្រជល់គោ
កប.អនឡាញ - ជារៀងរាល់ឆ្នាំ ឲ្យតែនៅខែតុលា និងខែវិច្ឆិកា គឺជនជាតិ Mong នៅស្រុក Ky Son (ខេត្ត Nghe An) បានរៀបចំបុណ្យប្រជល់គោ។ នេះគឺជាបុណ្យប្រពៃណីវប្បធម៌ដ៏យូរលង់មករបស់ជនរួមជាតិនៅទីនេះ។
យោងតាមព្រឹទ្ធាចារ្យភូមិ វប្បធម៌ប្រជល់គោរបស់ជនជាតិ Mong បានចាប់ផ្តើមបង្កើតឡើងក្នុងទសវត្សរ៍ទី ២០ នៃសតវត្សមុន ហើយបានឆ្លងកាត់ជាច្រើនជំនាន់។ នៅពេលដែលជីវភាពរស់នៅរបស់ប្រជាជនបានប្រសើរឡើងបន្តិចម្តងៗ បុណ្យប្រជល់គោកាន់តែរីកចម្រើន។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំនួនគោដែលចិញ្ចឹមមានការកើនឡើង ការធ្វើចរាចរងាយស្រួល ដូច្នេះបុណ្យប្រជល់គោត្រូវបានរៀបចំអន្តរឃុំ ហើយក្នុងឆ្នាំខ្លះ ប្រជាជនឡាវក៏នាំសត្វគោមកចូលរួមប្រជល់ផងដែរ។
|
|
បុណ្យប្រជល់គោនៅឃុំ Huoi Tu ស្រុក Ky Son |
ថ្វីត្បិតតែបុណ្យជល់គោប្រព្រឹត្តទៅនៅក្នុងឃុំជាច្រើននៅស្រុក Ky Son ក៏ដោយក៏ប៉ុន្តែកន្លែងដែលមានមនុស្សចូលរួមច្រើនជាងគេនៅសង្វៀនឃុំចំនួនពីរគឺ Muong Long និង Huoi Tu។ ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ស្រុក Ky Son នាពេលថ្មីៗនេះ យើងខ្ញុំមានឱកាសបានចូលរួមបុណ្យប្រជល់គោនៅឃុំ Huoi Tu។ តាំងពីពេលព្រឹកព្រលឹម ប្រជាជននៅតាមភូមិ ជនជាតិ Mong ក្នុងសំលៀកបំពាក់ចម្រុះពណ៌បាននាំគ្នាទៅ "សង្វៀន" ក្បែរកណ្តាលឃុំ។ គោមួយគូៗត្រូវបានម្ចាស់នាំចូលសង្វៀន ដើម្បីប្រកួត។ គោណាឈ្នះនឹងបន្តទៅជុំបន្ទាប់។ ទីចុងបំផុត គោធំ និងខ្លាំង ២ ក្បាល ដែលយកឈ្នះលើគូប្រកួត នឹងចូលរួមវគ្គផ្តាច់ព្រ័ត្រ។ ខុសពីបុណ្យប្រជល់ក្របី គោប្រជល់ជើងឯកក្នុងបុណ្យប្រជល់គោរបស់ជនជាតិ Mong នៅស្រុក Ky Son គ្មានរង្វាន់ទេ ហើយគេក៏មិនកាប់សម្លាប់វាដែរ។
លោក Mua Ba Gio ប្រធានគណៈកម្មាធិការប្រជាជនឃុំ Huoi Tu បានឲ្យដឹងថា៖ “សម្រាប់ជនជាតិ Mong សត្វគោគឺជាសត្វដែលជិតស្និទ្ធបំផុត វាមាននៅក្នុងបុណ្យសំខាន់ៗ។ នៅពេលដែលនារីជនជាតិ Mong រៀបការ ឪពុកម្តាយតែងតែផ្តល់គោមួយក្បាលជាកេរចៅការស្រី។ ដូច្នេះហើយក្នុងបុណ្យប្រជល់គោ គោណាឈ្នះគេមិនយកទៅកាប់សម្លាប់ទេ ថែមទាំងត្រូវបានប្រជាជនថែទាំ និងចាត់ទុកជាសំណាងល្អ នាំមកនូវលាភសំណាងក្នុងឆ្នាំថ្មី។ បុណ្យប្រជល់គោមិនត្រឹមតែជាបុណ្យប្រពៃណីប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីភាពរឹងមាំ សាមគ្គីភាព និងការអភិវឌ្ឍរបស់សហគមន៍ជនជាតិ Mong នៅស្រុកតំបន់ភ្នំ Ky Son ទៀតផង”៕
បកប្រែដោយ Huyen Trang