រក្សាអក្សររបស់បណ្ដាជនជាតិ
កប.អនឡាញ - បច្ចុប្បន្ន តំបន់ភ្នំនៃខេត្ត Thanh Hoa វៀតណាម មានប្រជាជនជាង ១ លាននាក់រស់នៅ ក្នុងនោះ ជនរួមជាតិជិត ៧០ ម៉ឺននាក់ ជាជនជាតិ Muong ជនជាតិ Thai ជនជាតិ Mong ជនជាតិ Dao ជនជាតិ Tho ជនជាតិ Kho Mu... នាពេលកន្លងមក ដោយអនុវត្តគម្រោងលេខ ៥ (ការអភិវឌ្ឍការអប់រំ និងបណ្តុះបណ្តាលដើម្បីលើកកំពស់គុណភាពធនធានមនុស្ស) នៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០៣០; ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ខេត្ត Thanh Hoa បានអនុវត្តកម្មវិធី និងគម្រោងមួយចំនួន ដើម្បីអភិរក្សភាសា និងអក្សររបស់ជនជាតិភាគតិច។
បច្ចុប្បន្ន ជនជាតិ Muong នៅខេត្ត Thanh Hoa មានប្រជាជនប្រមាណ ៤០០,០០០ នាក់ ហើយភាគច្រើនរស់នៅនៅក្នុងស្រុកភ្នំចំនួន១១។ ជនជាតិ Muong មានវប្បធម៌ប្រពៃណីដ៏វិសេសវិសាល សម្បូរបែប ក្នុងនោះ ផលិតផលវប្បធម៌ជាច្រើនមិនត្រឹមតែជាមោទនភាពរបស់ជនជាតិ Muong ប៉ុណ្ណោះទេ ថែមទាំងរបស់ប្រជាជាតិវៀតណាមទៀតផង។ ដើម្បីថែរក្សា និងអភិវឌ្ឍវប្បធម៌ជនជាតិ Muong អ្នកស្រាវជ្រាវវប្បធម៌ប្រជាប្រិយតែងតែខិតខំរក្សាអក្សររបស់ជនជាតិ Muong។ ជាឧទាហរណ៍ អ្នកស្រាវជ្រាវវប្បធម៌ប្រជាប្រិយ Cao Son Hai (ជនជាតិ Muong) ដែលជាសមាជិកនៃសមាគមសិល្បៈប្រជាប្រិយវៀតណាម បានចំណាយរយៈពេលជាច្រើនឆ្នាំដើម្បីប្រមូល និងស្រាវជ្រាវអំពីការរៀបចំអក្ខរក្រម Muong។ បន្ទាប់ពីការស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំមក លោក Cao Son Hai និងអ្នកស្រាវជ្រាវដទៃទៀតបានចេញផ្សាយអក្ខរក្រម Muong នៅខេត្ត Thanh Hoa។ ការរៀបចំអក្ខរក្រម Muong គឺជាសកម្មភាពដ៏មានអត្ថន័យមួយក្នុងបំណងអនុវត្តគម្រោងអភិរក្ស ពង្រីក និងអភិវឌ្ឍន៍ភាសា អក្សរ និងសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិភាគតិចនៅខេត្ត Thanh Hoa ក្នុងដំណាក់កាលឆ្នាំ ២០២៣-២០២៥ របស់គណៈកម្មាធិការប្រជាជនខេត្ត។
ជនជាតិថៃគឺជាក្រុមជនរួមជាតិភាគតិចធំទីពីរនៅខេត្ត Thanh Hoa ដែលមានប្រជាជនជាង ២៣០,០០០ នាក់។ អក្សរថៃមានរចនាសម្ព័ន្ធស្មុគ្រស្មាញណាស់ ក្រុមជនជាតិថៃនីមួយៗនៅតាមមូលដ្ឋានមានរបៀបប្រើប្រាស់ខុសៗគ្នា ដូច្នេះ ការប្រមូល ស្រាវជ្រាវ អភិរក្ស ផ្សព្វផ្សាយ និងបង្រៀនអក្សរថៃបុរាណនៅខេត្ត Thanh Hoa ជួបការលំបាកជាច្រើន។ នាពេលកន្លងមកនេះ នៅបណ្ដាស្រុកភ្នំនៃខេត្ត Thanh Hoa សិប្បករ និងអ្នកស្រាវជ្រាវជាច្រើនក៏បានខិតខំប្រឹងប្រែងប្រមូល និងបង្រៀនអក្សរថៃដល់ជំនាន់ក្រោយ។
ទន្ទឹមនឹងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់សិប្បករ និងអ្នកស្រាវជ្រាវ នាពេលកន្លងមកនេះ គណៈកម្មាធិការបក្ស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ផ្នែកអប់រំ និងបណ្តុះបណ្តាលខេត្ត Thanh Hoa ក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិរក្សភាសា និងអក្សាររបស់ជនជាតិភាគតិច។ ទោះបីជានៅមានការលំបាកជាច្រើនក្នុងយន្តការ គោលនយោបាយ សៀវភៅសិក្សា និងគ្រូបង្រៀនក៏ដោយ ក៏សាលាជាច្រើនបានចាប់ផ្តើមបង្រៀនអក្សរជនជាតិភាគតិចជាមុខវិជ្ជាជ្រើសរើស ឬក្រៅកម្មវិធីសិក្សាសម្រាប់សិស្សានុសិស្ស។
ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ បក្ស និងរដ្ឋវៀតណាមបានអនុវត្តគោលការណ៍ និងគោលនយោបាយជាច្រើនដើម្បីអភិរក្ស និងអភិវឌ្ឍវប្បធម៌ជនជាតិភាគតិច។ ការថែរក្សាភាសា និងអក្សរគឺជាឧបករណ៍ដ៏សំខាន់សម្រាប់ជនជាតិនីមួយៗ អភិរក្ស និងអភិវឌ្ឍវប្បធម៌ប្រពៃណីរបស់ខ្លួន៕
បកប្រែដោយ Thuy Anh