កម្មវិធីផ្សព្វផ្សាយទេសចរណ៍វៀតណាមនឹងប្រព្រឹត្តទៅនៅទីក្រុងមូស្គូនៅថ្ងៃទី ៣ ខែកក្កដា និងនៅទីក្រុង Saint Petersburg នាថ្ងៃទី ៥ ខែកក្កដា ក្នុងបំណងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តលេខ ៨២/NQ-CP របស់រដ្ឋាភិបាលស្ដីពីភារកិច្ច និងដំណោះស្រាយសំខាន់ៗ ដើម្បីជម្រុញការស្តារឡើងវិញ និងអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព បង្កើនការប្រកួតប្រជែង និងបង្កើនការទាក់ទាញភ្ញៀវទេសចររុស្ស៊ីក្រោយជំងឺ Covid-19។

កម្មវិធីនេះមានកម្មវិធីជួបជុំធុរកិច្ចវៀតណាម-រុស្សី និងការផ្សព្វផ្សាយទេសចរណ៍វៀតណាម។ ព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីប្រតិភូរាប់រយនាក់មកពីធុរកិច្ចទេសចរណ៍ សារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នគ្រប់គ្រងទេសចរណ៍នៃប្រទេសទាំងពីរវៀតណាម និងសហព័ន្ធរុស្ស៊ី។

leftcenterrightdel
ភ្ញៀវទេសចររុស្ស៊ីមកដល់អាកាសយានដ្ឋាន Cam Ranh ទីក្រុង Nha Trang (រូបថត៖ Vietnamnet)

ទន្ទឹមនឹងសុន្ទរកថា និងបទបង្ហាញពីគោលនយោបាយ ស្ថានភាពអភិវឌ្ឍន៍ទេសចរណ៍របស់វៀតណាម គោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍ទាក់ទាញភ្ញៀវទេសចររុស្ស៊ី ប្រតិភូនឹងរីករាយជាមួយការសម្តែងសិល្បៈប្រពៃណីវៀតណាមរបស់សិល្បករវៀតណាម។

កម្មវិធីផ្សព្វផ្សាយទេសចរណ៍វៀតណាម បានប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃទិវាវប្បធម៌ និងទេសចរណ៍វៀតណាមនៅសហព័ន្ធរុស្ស៊ីដែលរៀបចំដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃថ្ងៃចុះហត្ថលេខាលើសន្ធិសញ្ញាអំពីគោលការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពវៀតណាម និងសហព័ន្ធរុស្ស៊ី។ ក្នុងឱកាសនេះ ការសម្តែងសិល្បៈ ការបញ្ចាំងភាពយន្ត និងការតាំងពិព័រណ៌អំពីប្រទេសវៀតណាមក៏ត្រូវបានរៀបចំឡើង ក្នុងបំណងលើកកម្ពស់ការយល់ដឹង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជននៃប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូរភ្ញៀវទេសចរណ៍ ចូលរួមចំណែកអភិវឌ្ឍថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី៕

បកប្រែដោយ Thanh Cong