នៅក្នុងជំនួប លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះចំណងសាមគ្គីភាព ភាពជិតស្និទ្ធ និងការលះបង់សម្រាប់គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា និងរវាងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា ក្នុងបុព្វហេតុរំដោះជាតិ និងឯកភាពជាតិក្នុងអតីតកាល ក៏ដូចជាក្នុងការកសាង និងអភិវឌ្ឍប្រទេសនាពេលបច្ចុប្បន្ន។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជឿជាក់ថា នាពេលខាងមុខ ភាគីទាំងពីរគប្បីបន្តពង្រឹង និងលើកកម្ពស់ចំណងសាមគ្គីភាព ឯកភាពរវាងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា រួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ភាគីទាំងពីរគប្បីបន្តបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កសាងខឿនសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការ ធ្វើសមាហរណកម្មសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាពក្នុងប្រទេសនីមួយៗ និងអភិវឌ្ឍវិស័យថ្មីៗដូចជា សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង ការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចទាំងពីរ ពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់គមនាគមន៍ សំដៅ សម្រេចឲ្យបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២០ ពាន់លានដុល្លារអាមេរិកនាពេលឆាប់ៗខាងមុខនេះ។  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យភាគីទាំងពីរខិតខំប្រឹងប្រែងដោះស្រាយការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនចំនួន ១៦%  នៅសល់  ដើម្បីកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព; ជំរុញការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ផ្សព្វផ្សាយដល់ប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ អំពីការថែរក្សា និងពូនជ្រំទំនាក់ទំនងអ្នកជិតខាងល្អ វៀតណាម-កម្ពុជា។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn)

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ថា កម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម ហើយមិនដែលភ្លេចទាំងជំនួយខាងសម្ភារៈ និងស្មារតី ជាពិសេសការលះបង់សាច់ស្រស់ ឈាមស្រស់របស់វៀតណាម ដើម្បីជួយកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍។ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី វាយតម្លៃខ្ពស់ និងសម្តែងនូវការរីករាយចំពោះសមិទ្ធិផលអភិវឌ្ឍន៍របស់វៀតណាម។ ដោយចែករំលែក និងគាំទ្រជាឯកច្ឆន្ទចំពោះមតិរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអះអាងថា នឹងខិតខំប្រឹងប្រែងជាមួយគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជា បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីវៀតណាម ថែរក្សា ពូនជ្រំ និងជំរុញទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរយូរអង្វែងរវាងប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពថែមទៀត៕

បកប្រែដោយ Huyen Trang