ជនរួមជាតិ San Diu នៅឃុំ Ngoc Thanh រួចផុតពីភាពក្រីក្របន្តិចម្តងៗ
កប.អនឡាញ - Ngoc Thanh គឺជាឃុំភ្នំតែមួយគត់នៃទីក្រុង Phuc Yen (ខេត្ដ Vinh Phuc ភាគខាងជើងវៀតណាម) មានរូបសណ្ឋានជាភ្នំដែលលាតសន្ធឹងពីភាគអាគ្នេយ៍ ជាប់ស្រុក Soc Son (ទីក្រុងហាណូយ) ទៅខាងជើង ជាប់នឹងទីក្រុង Pho Yen (ខេត្ដ Thai Nguyen)។
ឃុំ Ngoc Thanh មានផ្ទៃដីជិត ៨.០០០ ហិកតា ដោយមានប្រជាជនជាង ១៣.០០០ នាក់ ក្នុងនោះ ជនជាតិ San Diu មានប្រមាណ ៣៨% នៃចំនួនប្រជាជនសរុប។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ស្ថានភាពសេដ្ឋកិច្ចសង្គមនៅឃុំ Ngoc Thanh មានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន ជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានភាពប្រសើរឡើង ហើយសហគមន៍ជនជាតិ San Diu ក៏មានការអភិវឌ្ឍថ្មីផងដែរ។
|
|
ជនជាតិ San Diu នៅភូមិ Lap Dinh ឃុំ Ngoc Thanh (ទីក្រុង Phuc Yen) ទទួលអំណរបុណ្យចូលឆ្នាំថ្មី (រូបថត៖ mattran.org.vn) |
ដោយមានទីតាំងភូមិសាស្រ្តអំណោយផល ទេសភាពធម្មជាតិដ៏ស្រស់ស្អាត តំបន់ទេសចរណ៍ Dai Lai ដ៏ល្បីល្បាញ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ឃុំ Ngoc Thanh ទាក់ទាញអាជីវកម្មមកបណ្តាក់ទុន អភិវឌ្ឍសេវាកម្មទេសចរណ៍ ធ្វើអាជីវកម្ម ភោជនីយដ្ឋាន សណ្ឋាគារ រមណីយដ្ឋាន និងតំបន់ទេសចរណ៍ធម្មជាតិ។
បច្ចុប្បន្ននេះមានអាជីវកម្មជាច្រើនបានចូលមកបណ្តាក់ទុន រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងមូលដ្ឋាន បង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋក្នុងឃុំ។ រចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ឃុំត្រូវបានផ្លាស់ប្តូរពី ៦០% ជាចំណូលពីការអភិវឌ្ឍកសិកម្មនិងព្រៃឈើ ទៅជា ៦០% ជាចំណូលពីការអភិវឌ្ឍពាណិជ្ជកម្មនិងសេវាកម្ម។ សហគមន៍ជនជាតិ San Diu ភាគច្រើនរស់នៅក្នុងគ្រប់ភូមិក្នុងឃុំ ដោយរស់នៅជុំជាមួយជនជាតិផ្សេងទៀត។ ជនរួមជាតិ San Diu នៅទីនេះមានភាសាដោយឡែក ប៉ុន្តែមិនចេះសរសេរភាសាដោយឡែករបស់ពួកគេ។
ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ប្រជាជននៅទីនេះ ជាពិសេសជនជាតិភាគតិច អាជ្ញាធរគ្រប់លំដាប់ថ្នាក់បានកសាងទម្រង់ និងគម្រោងអភិវឌ្ឍន៍ផលិតកម្មដូចជា៖ ដាំដើមបន្លែគ្មានជាតិគីមី បន្លែសរីរាង្គ និងពូជស្រូវថ្មី... នៅភូមិទាំងអស់។ ជាងនេះទៅទៀត នៅក្នុងឃុំក៏បានបង្កើនការដាំដើមឈើហូបផ្លែ និងឈើប្រណិតជាច្រើនប្រភេទដែលនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ទម្រង់ចិញ្ចឹមសត្វ ក៏រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ក្រុមគ្រួសារ និងបុគ្គលដែរ។
លោក Do Van Chinh អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Ngoc Thanh ជាជនជាតិ San Diu ឲ្យដឹងថា៖ “នាពេលខាងមុខ អាជ្ញាធរឃុំបន្តផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតាមភូមិដែលនៅតែជួបការលំបាក។ ជាពិសេសនៅតំបន់មានជនជាតិ San Diu រស់នៅ បង្កើតការងារដល់ជនជាតិភាគតិច និងខិតខំឲ្យគ្មានគ្រួសារក្រីក្រ។ លើសពីនេះ ឃុំក៏បានលើកទឹកចិត្តជនរួមជាតិ San Diu បង្រៀន ថែរក្សា និងផ្សព្វផ្សាយភាសា និងអក្សរដោយឡែករបស់ពួកគេ ហើយទន្ទឹមនឹងនោះ លុបបំបាត់ទំនៀមទំលាប់ចាស់កំរិលដែលមិនសមរម្យនឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមសព្វថ្ងៃនេះឡើយ”៕
បកប្រែដោយ Pham Diep