ផ្លាស់ប្ដូរវប្បធម៌វៀតណាម-ម៉ាឡេស៊ី៖ តភ្ជាប់ប្រពៃណី រីកសាយភាយតម្លៃអាស៊ាន
កប.អនឡាញ - យោងតាមសារព័ត៌មានវៀតណាមប្រចាំទីក្រុងគូឡាឡាំពួរ កម្មវិធីផ្លាស់ប្ដូរវប្បធម៌ និងសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ធ្វើឡើងនៅទីក្រុងគូឡាឡាំពួរ បានក្លាយជាចំណុចលេចធ្លោមួយក្នុងរាល់សកម្មភាពនៃកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃបណ្ដាប្រទេសអាស៊ាន។
ព្រឹត្តិការណ៍ធ្វើឡើងនៅថ្ងៃទី ១៤ ខែធ្នូ ក្នុងគោលបំណងបង្កើតវេទិកាមួយដើម្បីតភ្ជាប់អ្នកគ្រប់គ្រង សិល្បករ និងអង្គការវប្បធម៌និងសេដ្ឋកិច្ចនៅក្នុងតំបន់ ដោយហេតុនេះលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រកបដោយចីរភាពនិងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណី រួមជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចទំនើប។
កម្មវិធីនេះបានទាក់ទាញសិល្បករជាច្រើនមកពីប្រទេសម៉ាឡេស៊ី និងវៀតណាម ដែលបង្ហាញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនៅអាស៊ីអាគ្នេយ៍។ កម្មវិធីសម្តែងសិល្បៈដែលមានលក្ខណៈអត្តសញ្ញាណវប្បធម៌របស់ប្រទេសវៀតណាមនិងម៉ាឡេស៊ី។
    |
 |
|
សិល្បករ និងភ្ញៀវកិត្ដិយសនៃប្រទេសម៉ាឡេស៊ី និងវៀតណាមថតរូបអនុស្សាវរីយ៍ (រូបថត៖ vnanet.vn) |
ថ្លែងនៅខាងក្រៅព្រឹត្តិការណ៍នេះ លោក Mohd Firdaus មន្ត្រីទទួលបន្ទុកវប្បធម៌បណ្ដាប្រទេសអាស៊ាននៃក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃកម្មវិធីនេះ។ លោកឲ្យដឹងថា “នេះជាព្រឹត្តិការណ៍ដ៏ពិសេសមួយ។ នេះជាលើកដំបូងដែលខ្ញុំបានទស្សនារបាំរបស់វៀតណាម វានាំមកនូវភាពរីករាយ ចំរុះពណ៌និងប្លែកៗ។ ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ យើងពិតជាមានពេលវេលាដ៏អស្ចារ្យ”។
លោក Mohd Firdaus ក៏បានសង្កត់ធ្ងន់លើតួនាទីនៃការទូតវប្បធម៌ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី។ អាស្រ័យហេតុនេះ ទំនាក់ទំនងរវាងម៉ាឡេស៊ី និងវៀតណាមអាចត្រូវបានតភ្ជាប់តាមរយៈកម្មវិធី និងព្រឹត្តិការណ៍វប្បធម៌។ ប្រទេសទាំងពីរអាចពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈការទូតវប្បធម៌។ លោកសង្ឃឹមថា នាពេលអនាគត ប្រជាជននៃប្រទេសទាំងពីរនឹងបានចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ស្រដៀងគ្នាជាច្រើនថែមទៀត។
កម្មវិធីផ្លាស់ប្តូរវប្បធម៌និងសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍នៅទីក្រុងកូឡាឡាំពួរ មិនគ្រាន់តែជាព្រឹត្តិការណ៍សិល្បៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងសម្រាប់ការសន្ទនាវប្បធម៌ ដែលរួមចំណែកដល់ការយល់ដឹងគ្នា ការគោរព និងការជឿទុកចិត្តរវាងប្រទេសនានា លើកកម្ពស់កិច្ចសហប្រតិបត្តិការប្រកបដោយចីរភាព និងផ្សព្វផ្សាយតម្លៃរួមរបស់សហគមន៍អាស៊ាន៕
បកប្រែដោយ Pham Diep