គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Nguyen Hoang Hiep អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន និងលោក Pham Duc Luan ប្រធាននាយកដ្ឋានគ្រប់គ្រងទំនប់ទឹក និងបង្ការគ្រោះមហន្តរាយធម្មជាតិ បានចូលរួមកិច្ចប្រជុំ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីរដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេសសមាជិកអាស៊ាន តំណាងប្រទេសទីម័រខាងកើតក្នុងតួនាទីជាអ្នកសង្កេតការណ៍ និងដៃគូអាស៊ានរួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូង។ អគ្គលេខាធិការអាស៊ាន និងនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ (AHA Centre) ក៏មានវត្តមានក្នុងព្រឹត្តិការណ៍នេះដែរ។

leftcenterrightdel
ប្រតិភូចូលរួមកិច្ចប្រជុំ (រូបថត៖ nhandan.vn)

កិច្ចប្រជុំនេះផ្តោតលើការវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តគំនិតផ្តួចផ្តើម និងកម្មវិធីសហប្រតិបត្តិការនៅក្នុងតំបន់ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង AADMER និងពិភាក្សាអំពីទិសដៅសម្រាប់ការលើកកម្ពស់សមត្ថភាពឆ្លើយតបទៅនឹងគ្រោះមហន្តរាយ។ នេះក៏ជាឱកាសសម្រាប់ប្រទេសសមាជិកអាស៊ាន ពង្រឹងសាមគ្គីភាព ចែករំលែកបទពិសោធន៍ និងបញ្ជាក់ពីតួនាទីត្រួសត្រាយរបស់អាស៊ានក្នុងការគ្រប់គ្រងគ្រោះមហន្តរាយនៅកម្រិតតំបន់ និងពិភពលោក។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ លោក Nguyen Hoang Hiep បានឲ្យដឹងថា គ្រោះមហន្តរាយធម្មជាតិក្នុងតំបន់កើតមានឡើងកាន់តែស្មុគស្មាញដោយសារឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។ ចាប់ពីចុងខែកក្កដាដល់ដើមខែតុលា ប្រទេសវៀតណាមបានរងផលប៉ះពាល់ជាបន្តបន្ទាប់ដោយព្យុះ Wipha, Bualoi, Matmo និងទឹកជំនន់ដែលបណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃបណ្តាប្រទេសអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌល AHA សម្រាប់ការជួយគាំទ្រ និងចែករំលែកដោយទាន់ពេលវេលាជាមួយវៀតណាម ក្នុងការជម្នះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ។ ការជួយគាំទ្រទាំងនេះបង្ហាញពីស្មារតី One ASEAN, One Response ដែលមេដឹកនាំនៃប្រទេសអាស៊ានតែងតែអះអាង។

ក្រោមប្រធានបទ “២០ ឆ្នាំនៃកិច្ចព្រមព្រៀង AADMER៖ ចក្ខុវិស័យរបស់អាស៊ានសម្រាប់ភាពជាអ្នកដឹកនាំសកលក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ” កិច្ចប្រជុំឆ្នាំនេះបង្ហាញពីកិច្ចសហប្រតិបត្តិការជិតពីរទសវត្សរ៍ ដែលបង្ហាញពីចក្ខុវិស័យរបស់អាស៊ានសម្រាប់តួនាទីត្រួសត្រាយសកលក្នុងការឆ្លើយតប និងកាត់បន្ថយគ្រោះមហន្តរាយ។ ក្នុងស្មារតីនៃសាមគ្គីភាព កិច្ចសហប្រតិបត្តិការស្មើភាពគ្នា ការគោរពគ្នាទៅវិញទៅមក និងនាំមកនូវផលប្រយោជន៍ទៅវិញទៅមក បណ្តាប្រទេសអាស៊ានអាចពង្រឹងសមត្ថភាពឆ្លើយតប ជំនះឧបសគ្គនៃការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួមសម្រាប់តំបន់ទាំងមូល៕

បកប្រែដោយ Thuy Anh