ពង្រីកទំនាក់ទំនងសហប្រតិបត្តិការរវាងបណ្តាប្រទេសអាស៊ាន
កប.អនឡាញ - នារសៀលថ្ងៃទី៩ ខែមេសា នៅទីក្រុង Da Nang ភាគកណ្តាលវៀតណាម បានប្រព្រឹត្តទៅកិច្ចប្រជុំជំនួបអាស៊ាន ក្រោមប្រធានបទ “ឱកាសបង្កើនកិច្ចសហប្រតិបត្តិការរវាងទីក្រុង Da Nang និងដៃគូអាស៊ាន”។
នេះជាសកម្មភាពសំខាន់ក្នុងចំណោមសកម្មភាពជាបន្តបន្ទាប់នៃកិច្ចប្រជុំជំនួបអាស៊ាននៅទីក្រុង Da Nang ឆ្នាំ ២០២៥ ដែលរៀបចំដោយគណៈកម្មាធិការប្រជាជនទីក្រុង Da Nang នាយកដ្ឋានអាស៊ាន (ក្រសួងការបរទេសវៀតណាម) និងទីភ្នាក់ងារការទូត ទីភ្នាក់ងារកុងស៊ុលនៃបណ្តាប្រទេសអាស៊ាននៅវៀតណាមចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែមេសា។
កិច្ចប្រជុំនេះគឺជាឱកាសសម្រាប់បណ្តាប្រទេសអាស៊ាន ចែករំលែកទស្សនៈវិស័យ គំនិត និងសកម្មភាពរួម ឆ្ពោះទៅរកការពង្រីកកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការទាក់ទាញការវិនិយោគ និងការលើកកម្ពស់សមត្ថភាពអភិបាលកិច្ច។ កិច្ចប្រជុំនេះរួមមានវគ្គពិភាក្សាជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងទីក្រុង Da Nang និងបណ្តាប្រទេសអាស៊ាន។
ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ សមាគមទេសចរណ៍ Da Nang បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសមាគមទេសចរណ៍ម៉ាឡេស៊ី និងហ្វីលីពីន ដើម្បីជំរុញទេសចរណ៍រវាងភាគីនានា។ ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានផ្តល់ថវិកាចំនួន ១ ម៉ឺន ដុល្លារអាមេរិក ដើម្បីជំនះពុះពារផលវិបាកដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា តាមរយៈភារធារីស្ថានទូតមីយ៉ាន់ម៉ាប្រចាំនៅវៀតណាម។ សមាគមទេសចរណ៍ Da Nang បានផ្តល់ថវិកាចំនួន ៧៥ លានដុងដើម្បីពួតដៃជំនះពុះពារផលវិបាកដោយសារការរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ាផងដែរ៕
បកប្រែដោយ Thanh Cong