លើកកំពស់កិត្យានុភាពរបស់រដ្ឋសភាវៀតណាមក្នុងវេទិកាសភាពហុភាគី
កប.អនឡាញ - ដំណើរទស្សនកិច្ចការងាររបស់លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដើម្បីចូលរួមមហាសន្និបាតលើកទី ១៥០ នៃសហភាពអន្តរសភា (IPU-150) និងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអ៊ូសបេគីស្ថាន និងសាធារណរដ្ឋអាមេនី ទទួលបានជោគជ័យដ៏ល្អប្រសើរ។ ក្នុងឱកាសនេះ លោក Le Quang Tung សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាធិការរដ្ឋសភា និងជាប្រធានខុទ្ទកាល័យរដ្ឋសភា បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានអំពីលទ្ធផលនៃដំណើរទស្សនកិច្ចការងាររបស់លោកប្រធានរដ្ឋសភា។
អ្នកយកព័ត៌មាន៖ សូមលោកឲ្យដឹងអំពីលទ្ធផលលេចធ្លោដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចការងារ និងការចូលរួមមហាសន្និបាត IPU-150 របស់លោក Tran Thanh Man ប្រធានរដ្ឋសភា?
លោក Le Quang Tung៖ នេះជាដំណើរទស្សនកិច្ចការងារលើកដំបូងរបស់លោកប្រធានរដ្ឋសភាក្នុងឆ្នាំ ២០២៥។ ប្រការនេះបង្ហាញសារយ៉ាងច្បាស់លាស់អំពីការគាំទ្រយ៉ាងខ្លាំងក្លារបស់វៀតណាមចំពោះពហុភាគីនិយមនិយាយរួម កិច្ចសហប្រតិបត្តិការសភាពហុភាគី និងតួនាទីរបស់ IPU និយាយដោយឡែក។ ប្រការនេះកាន់តែមានអត្ថន័យនៅក្នុងបរិបទអន្តរជាតិបច្ចុប្បន្នដែលអស្ថិរភាព និងមានបញ្ហាប្រឈមជាច្រើន ដូចជា ការប្រកួតប្រជែងរវាងមហាអំណាច ជម្លោះ ការបង្កើនការគាំពារនិយម ការថយចុះកិច្ចសន្យាផ្នែកនយោបាយនិងធនធានសម្រាប់គោលដៅពហុភាគី ជាពិសេសក្នុងការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងការជួយឧបត្ថម្ភប្រទេសកំពុងអភិវឌ្ឍន៍។
    |
 |
លោក Le Quang Tung សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាធិការរដ្ឋសភា និងជាប្រធានខុទ្ទកាល័យរដ្ឋសភា |
លោកប្រធានរដ្ឋសភាបានថ្លែងសុន្ទរកថាដ៏សំខាន់ក្នុងសម័យប្រជុំពេញអង្គនៃមហាសន្និបាត IPU-150 ជាមួយនឹងការវាយតម្លៃយ៉ាងស៊ីជម្រៅអំពីស្ថានភាពពិភពលោកបច្ចុប្បន្ន រួមជាមួយនឹងសំណើជាក់លាក់ អំពាវនាវឱ្យសភានៃបណ្តាប្រទេសរួមដំណើរជាមួយគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភា លើកកំពស់តួនាទីរបស់ IPU និងសមាជិកសភាក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរួមដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងសម្រេចបានជោគជ័យនូវគោលដៅដែលបានកំណត់ ជាពិសេសគោលដៅអភិវឌ្ឍសង្គម។ ថ្នាក់ដឹកនាំ IPU និងបណ្តាប្រទេសបានវាយតម្លៃខ្ពស់ចំពោះសាររបស់ប្រធានគណៈប្រតិភូវៀតណាម ដែលសមស្របនឹងប្រធានបទនៃមហាសន្និបាត “សកម្មភាពសភាដើម្បីការអភិវឌ្ឍ និងយុត្តិធម៌សង្គម” រួមចំណែកតម្រង់ទិសសម្របសម្រួលសកម្មភាពរបស់សភា ឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍសង្គមនៅចុងឆ្នាំនេះ។ សុន្ទរកថារបស់លោកប្រធានរដ្ឋសភាក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់បក្ស រដ្ឋ និងរដ្ឋសភាវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយប្រកាន់យកប្រជាជនជាស្នូល និងមិនទុកនរណាម្នាក់ចោល។
ក្នុងឱកាសចូលរួមមហាសន្និបាត IPU-150 លោកប្រធានរដ្ឋសភាបានជួបពិភាក្សាទ្វេភាគីជាមួយប្រធាន និងអគ្គលេខាធិការ IPU ប្រធានសភា រដ្ឋសភានៃប្រទេសនានា (ទទួលជួបជាមួយប្រធានគណៈប្រតិភូមកពីប្រទេស៖ ឡាវ ចិន រុស្ស៊ី ឥណ្ឌា គុយបា - ប្រធានសហភាពសភាអាមេរិកឡាទីន បែលហ្សិក ស៊ុយអែត និងកាហ្សាក់ស្ថាន ដើម្បីពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម ជាមួយ IPU និងជាមួយបណ្តាប្រទេស និងសភាសមាជិក IPU ព្រមទាំងលើកកំពស់តួនាទីរបស់រដ្ឋសភា សភានៃប្រទេសនីមួយៗក្នុងការពង្រីក និងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងសហប្រតិបត្តិការ/ភាពជាដៃគូលើគ្រប់វិស័យ៖ នយោបាយ កិច្ចការបរទេស សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ថាមពល វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិវត្តកម្មឌីជីថល វប្បធម៌ ទេសចរណ៍ ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ត្រួតពិនិត្យ និងជំរុញការអនុវត្តយន្តការសហប្រតិបត្តិការ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាល និងស្ថាប័ននានារបស់វៀតណាមជាមួយដៃគូនានា។ល។
ក្នុងជំនួបទាំងនេះ ថ្នាក់ដឹកនាំរដ្ឋសភានៃបណ្តាប្រទេសក៏បានពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលភាគីទាំងឡាយមានការយកចិត្តទុកដាក់ដូចគ្នា រួមទាំងការរួមចំណែកក្នុងការជំរុញកំណើនប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន និងកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងបរិយាកាសអន្តរជាតិមិនអាចទាយទុកជាមុនបាន និងវិវឌ្ឍដ៏ស្មុគស្មាញ។
អ្នកយកព័ត៌មាន៖ តើអ្វីទៅជាវិធានការជាក់លាក់រវាងវៀតណាម និងប្រទេសនានា នាពេលខាងមុខ ដើម្បីបន្តរួមចំណែកដល់គោលដៅ “សកម្មភាពសភាដើម្បីការអភិវឌ្ឍ និងយុត្តិធម៌សង្គម” ដែលជាប្រធានបទនៃមហាសន្និបាត IPU-150?
លោក Le Quang Tung៖ ប្រធានបទនៃមហាសន្និបាត IPU-150 គឺ “សកម្មភាពសភាដើម្បីអភិវឌ្ឍ និងយុត្តិធម៌សង្គម” ដែលបង្ហាញពីការរួមដំណើរ និងការរួមចំណែកជាក់ស្តែងរបស់ IPU និងសភាសមាជិកចំពោះកិច្ចប្រជុំកំពូលស្តីពីការអភិវឌ្ឍសង្គមរបស់អង្គការសហប្រជាជាតិក្នុងខែវិច្ឆិកា ឆ្នាំ ២០២៥។ បក្ស និងរដ្ឋវៀតណាមមានគោលការណ៍ និងគោលនយោបាយស្តីពីការអភិវឌ្ឍ និងសមធម៌សង្គមប្រកបដោយវឌ្ឍនភាព និងឧត្តមភាព។ សន្ទស្សន៍អភិវឌ្ឍមនុស្សរបស់វៀតណាមបានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយស្ថិតក្នុងកម្រិតខ្ពស់ជាងកម្រិតអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម ក៏ដូចជាកម្រិតទូទៅនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ស្តីពីមុខងារនីតិប្បញ្ញត្តិ និងឃ្លាំមើល រដ្ឋសភានឹងបន្តសុក្រឹតគោលនយោបាយ និងយន្តការច្បាប់ ដើម្បីបង្កើតក្របខ័ណ្ឌតឹងរឹង ព្រមៗគ្នា និងអំណោយផលសម្រាប់ការអនុវត្តគោលការណ៍ គោលនយោបាយ យុទ្ធសាស្ត្រ ផែនការ ការអនុវត្តឯកសារច្បាប់ និងការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពនូវការអនុវត្តគោលដៅដែលបានកំណត់ ព្រមទាំងបញ្ចូលអនុសាសន៍ពីដំណោះស្រាយរបស់ IPU ស្តីពីការអភិវឌ្ឍ និងយុត្តិធម៌សង្គមទៅក្នុងដំណើរការនីតិប្បញ្ញត្តិ ការឃ្លាំមើលកំពូល និងការសម្រេចចិត្តលើបញ្ហាជាតិសំខាន់ៗ។
ទន្ទឹមនឹងនោះ សកម្មភាពការទូតសភាទ្វេភាគី និងពហុភាគី ជាពិសេសនៅថ្នាក់ជាន់ខ្ពស់ នឹងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការ ការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមករវាងសភា និងក្នុងក្របខ័ណ្ឌអន្តរសភា ដើម្បីផលប្រយោជន៍រួមរបស់ប្រទេស និងប្រជាជនជុំវិញពិភពលោក។
អ្នកយកព័ត៌មាន៖ សូមអរគុណ!
បកប្រែដោយ Huyen Trang