អាស៊ានលើកកម្ពស់ការពឹងផ្អែកលើខ្លួនឯង ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដោយមិនទុកនរណាម្នាក់ចោល
កប.អនឡាញ - នាថ្ងៃទី ១៩ ខែមករា នៅទីក្រុង Langkawi ប្រទេសម៉ាឡេស៊ី បានប្រព្រឹត្តទៅកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលចាប់ផ្តើមឆ្នាំអាស៊ាន ២០២៥ ជាផ្លូវការ។
កិច្ចប្រជុំនេះគឺជាសកម្មភាពសំខាន់ដំបូងបង្អស់ក្នុងឆ្នាំធ្វើជាប្រធានអាស៊ានរបស់ម៉ាឡេស៊ី ក្រោមអធិបតីភាពរបស់លោក Dato' Seri Utama Haji Mohamad Bin Haji Hasan រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី ។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានមានការរួមចំណែកសំខាន់ៗជាច្រើន។
នៅក្នុងកិច្ចប្រជុំ ម៉ាឡេស៊ីបានណែនាំអំពីទិសដៅ និងការផ្តោតសំខាន់នៃឆ្នាំប្រធានអាស៊ានឆ្នាំ ២០២៥ ក្រោមប្រធានបទ "បរិយាប័ន្ន និងនិរន្តរភាព" ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរួមរបស់ប្រទេសអាស៊ាន ដើម្បីបង្កើនការពឹងផ្អែកលើខ្លួនឯង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដោយមិនទុកនរណាម្នាក់ចោល លើកកម្ពស់តួនាទីមជ្ឈភាព រួមចំណែកដល់ការពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ តាមរយៈក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដែលដឹកនាំដោយអាស៊ាន។ រដ្ឋមន្ត្រីទាំងឡាយបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការកសាងសមុទ្រខាងកើតប្រកបដោយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ឆ្ពោះទៅការបំពេញក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។
|
|
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ចាប់ផ្តើមឆ្នាំអាស៊ានឆ្នាំ ២០២៥ ជាផ្លូវការ (រូបថត៖ vov.vn) |
ថ្លែងមតិក្នុងកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអនុវត្តសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងជំរុញការចរចា COC ប្រកបដោយជាក់ស្តែង និងប្រសិទ្ធភាព ស្របតាម UNCLOS ឆ្នាំ១៩៨២ ឆ្ពោះទៅការកសាងសមុទ្រខាងកើតទៅជាសមុទ្រសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី Bui Thanh Son បានជម្រាបជូនប្រទេសនានាអំពីវេទិកាអនាគតអាស៊ានឆ្នាំ ២០២៥ ក្រោមប្រធានបទ “កសាងសហគមន៍អាស៊ានសាមគ្គីភាព ខ្លួនទីពឹងខ្លួន និងបរិយាប័ន្នក្នុងពិភពលោកប្រែប្រួល” ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំនៅទីក្រុងហាណូយចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥។
ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី Bui Thanh Son បានជួបពិភាក្សាទ្វេភាគីជាមួយលោក Vivian Balakrishnan រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី និងលោក Dato' Seri Utama Haji Mohamad Bin Haji Hasan រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី៕
បកប្រែដោយ Huyen Trang