ពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុក្នុងចំណោមបណ្ដាប្រទេសអាស៊ានបូក៣
កប.អនឡាញ - រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលនៃបណ្ដាប្រទេសអាស៊ានបូក ៣ (រួមទាំងប្រទេសសមាជិកអាស៊ាន ចិន កូរ៉េខាងត្បូង និងជប៉ុន) បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុតំបន់នៅកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលនៃបណ្ដាប្រទេសអាស៊ានបូក ៣ លើកទី២៦ ដែលបានប្រព្រឹត្តទៅនៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២ ខែឧសភា។
    |
 |
កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានបូក៣ ត្រូវបានរៀបចំឡើងនៅទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី ២ ខែឧសភា (រូបថត៖ vnanet.vn) |
ថ្លែងក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ៣ ឧសភា នៅទីក្រុងហ្សាកាតា លោកស្រី Sri Mulyani រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូនេស៊ី បានឲ្យដឹងថា ការពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុក្នុងចំណោមបណ្ដាប្រទេសអាស៊ានបូក ៣ ត្រូវបានអនុវត្តតាមរយៈគំនិតផ្តួចផ្តើមដូចជា ទិសដៅអនាគតនៃកិច្ចព្រមព្រៀងហិរញ្ញវត្ថុតំបន់ (RFA) ពហុភាគីភាវូបនីយកម្មនៃគំនិតផ្ដួចផ្ដើម (CMIM) ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក ៣ (AMRO) ក៏ដូចជាគំនិតផ្តួចផ្តើមទីផ្សារមូលបត្រអាស៊ី (ABMI)។
ភាគីនានាក៏បានឯកភាពសហប្រតិបត្ដិការហិរញ្ញវត្ថុតាមរយៈគំនិតផ្តួចផ្តើមអនាគតអាស៊ានបូក៣ រួមទាំងការផ្តល់ហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ និងការស្រាវជ្រាវលើយុទ្ធសាស្ត្រឌីជីថលូបនីយកម្មហិរញ្ញវត្ថុ និងហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព បំណុល និងប្រតិបត្តិការរូបិយប័ណ្ណក្នុងស្រុក។
នៅក្នុងសន្និសីទនោះ លោកស្រីរដ្ឋមន្ត្រី Mulyani បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចអាស៊ានបូក ៣ គឺ ៣.៣% ក្នុងឆ្នាំ ២០២២ ទោះបីរងឥទ្ធិពលនៃជំងឺរាតត្បាត COVID-19 និងការកើនឡើងនៃជម្លោះរុស្ស៊ី-អ៊ុយក្រែនក៏ដោយ។
ខឿនសេដ្ឋកិច្ចអាស៊ានបូក៣ ត្រូវបានគេរំពឹងថានឹងកើនឡើង ៤.៦% នៅឆ្នាំ ២០២៣ ដោយសារតម្រូវការក្នុងស្រុកមានការកើនឡើងខ្លាំងដោយដំណើរការស្តារឡើងវិញដ៏ទូលំទូលាយនៃប្រទេសនីមួយៗ។
លោក Perry Warjiyo ទេសាភិបាលធនាគារកណ្តាលនៃប្រទេសឥណ្ឌូនេស៊ី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសនានាក្នុងការតភ្ជាប់ការទូទាត់ដោយការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក។
កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអភិបាលធនាគារកណ្តាលបណ្ដាប្រទេសអាស៊ានបូក៣ លើកទី ២៦ បានប្រព្រឹត្តទៅនៅប្រទេសកូរ៉េខាងត្បូង ក្រោមសហប្រធាននៃប្រទេសឥណ្ឌូនេស៊ី និងជប៉ុន៕
បកប្រែដោយ Pham Diep